(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំព្រឹត្តិការណ៍ប្រកួតប្រជែងផ្នែកសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០១៩ (Cambodia Cyber Contest 2019)។
ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមអធិបតីភាព លោក នាង ម៉ៅ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន តំណាងលោក ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅទីស្តីការ ក្រសួងប្រៃសណីយ៍ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើង ដោយនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ក្រោមការគាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឧបត្ថម្ភដោយក្រុមហ៊ុន EZECOM និងដោយមានការចូលរួមពីនិស្សិតចំនួន២៧នាក់ មកពីមហាវិទ្យាល័យនានា នៅរាជធានីភ្នំពេញ។
លោក នាង ម៉ៅ បានលើកឡើងអំពីសារៈសំខាន់ នៃការកសាងសមត្ថភាពធនធានមនុស្ស ដែលមានជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
លោកថា សព្វថ្ងៃនេ ជំនាញមួយនេះ គឺមានតម្រូវការយ៉ាងខ្លាំងទាំងក្នុងស្រុក និងនៅក្នុងតំបន់ ហើយលោកបានផ្តាំផ្ញើឲ្យបេក្ខជនដែលចូលរួមទាំងអស់ ទោះបីទទួលបានជ័យលាភី ឬមិនបានក្តី ត្រូវខិតខំសិក្សារៀនសូត្រជំនាញមួយនេះបន្ថែមទៀត ដើម្បីឲ្យកម្ពុជា មានធនធានបន្ថែមក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបទៅនឹងការវាយប្រហារនានា ពីអ៊ីនធើណេត។
ការប្រកួតប្រជែងនេះ គឺជាការប្រកួត Capture The Flag ប្រភេទ Jeopardy style ដែលមានទម្រង់ជាការឆ្លើយនូវសំណួរដើម្បីទទួលបានពិន្ទុ ការប្រកួតប្រជែងនេះ នឹងមានសំណួរចាប់ពីកម្រិតងាយស្រួល រហូតទៅដល់កម្រិតពិបាក ដែលទាមទារនូវសមត្ថភាព និងចំណេះដឹងមូលដ្ឋានមួយចំនួនដូចជា៖ Binary, Cryptography, Cracking, Digital Forensics, Encode, Programing និង Web ដើម្បីមានលទ្ធភាពក្នុងការដោះស្រាយនូវសំណួរ។
និស្សិតទាំងអស់ នឹងទទួលបានការបង្ហាត់បង្ហាញអំពីវិធីសាស្ត្រនៃការដោះស្រាយបញ្ហា ដោយផ្នែកទៅលើសំណួរ (challenges) ដែលនឹងដាក់ចេញនៅក្នុងប្រព័ន្ធ។ កាលប្រកួតនៅក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ មាននិស្សិតចូលរួមទាំងអស់ចំនួន១៩នាក់ ហើយពិន្ទុដែលនិស្សិតអាចរកបាន នៅក្នុងការប្រកួតគឺ ២,២០០ពិន្ទុ លើពិន្ទុសរុបចំនួន២,៥០០។
នៅក្នុងឆ្នាំ២០១៩នេះ ក៏មិនខុសពីឆ្នាំមុនដែរ និស្សិតទាំងអស់នឹងត្រូវដោះស្រាយបញ្ហា (Challenges) ចំនួន២៤ ដែលមានពិន្ទុសរុបចំនួន២,៥០០ពិន្ទុ។ ហើយការប្រកួតនេះ បានកំណត់ពេលវេលារយៈពេលពេញមួយថ្ងៃ ហើយនិស្សិតដែលទទួលបានជ័យលាភីចំនួន២រូប និងត្រូវបញ្ជូនបន្តឲ្យទៅប្រកួតប្រជែងនៅប្រទេសសឹង្ហបុរី នៅដើមខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ៕