(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលដឹកនាំដោយរដ្ឋមន្ដ្រីសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ជាប្រធានបានឱ្យដឹងថា ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ដែលចូលរួមដំណើរការមជ្ឈមណ្ឌលជាតិ និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុ បានកំពុងបន្ដខិតខំប្រឹងប្រែងក្នុងការពន្លឿនមណ្ឌលនេះ ឱ្យបានរួចរាល់ជាស្ថានពរក្នុងដ៏ឆាប់ខាងមុខ។

រដ្ឋមន្ដ្រីបន្ដថា មជ្ឈមណ្ឌលជាតិ និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ រហូតដល់ពេលនេះសាងសង់បាន៨០%ហើយ តែទោះជាយ៉ាងណា ក្រសួងសុខាភិបាលក៏បានត្រៀមលក្ខណៈរួចជាតិស្រេចផងដែរ ទាំងមន្ដ្រីជំនាញ និងសម្ភារបរិក្ខារពេទ្យ ក្នុងនោះក៏មាននូវរថយន្ដគ្លីនិកចល័តផងដែរ សម្រាប់សង្គ្រោះអ្នកញៀនគ្រឿងញៀន និងបម្រើសេវាព្យាបាលទូទៅ ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតនោះផងដែរ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែបន្ដថា «ការដាក់ឱ្យដំណើរការនៃមជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុនេះ យើងសង្ឃឹមថា នឹងអាចជួយកលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋយើងនៅទីនោះ ឱ្យបានកាន់តែប្រសើរ»

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «មកទល់នឹងពេលនេះ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ ពីក្រសួងសុខាភិបាល ដែលមានទីតាំងសរុប៤៣៤កន្លែង មាននៅថ្នាក់ជាតិ២កន្លែង ដែលមាននៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យព្រះកុសុមៈ និងទីតាំងផ្សេងទៀត មាននៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព នៅទូទាំងប្រទេស លើកលែងតែមន្ទីរពេទ្យខេត្ដត្បូងឃ្មុំទេ ដែលមិនទាន់មាន ប៉ុន្ដែមន្ទីរពេទ្យបង្អែកថ្នាក់សុ្រក មានរហូតដល់ទៅ៧៨កន្លែង រីឯមណ្ឌលសុខភាពមាន៣៣៣កន្លែង ។

តែបើគិតនៅខែសីហានេះ ក្រសួងសុខាភិបាល បានពង្រីកនូវសេវាពិនិត្យ និងព្យាបាលអ្នកញៀនគ្រឿងញៀនបានច្រើន ហើយអ្នកដែលមកទទួលសេវានេះ មានការកើនឡើងនៅក្នុងឆ្នាំ២០១៩នេះ រហូតដល់ទៅ៣០% ដោយមានអ្នកគ្រឿងញៀន ប្រមាណជាង៥ពាន់នាក់ បើធៀបទៅនឹងឆ្នាំ២០១៦-២០១៧ និង២០១៨។ ប៉ុន្ដែ គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន កំពុងពិនិត្យទៅលើអត្រាបោះបង់ ការទទួលសេវាព្យាបាលនេះ ព្រោះការព្យាបាលត្រូវការពេលវេលាយូរ រហូតដល់ទៅ១ឆ្នាំ ដែលត្រូវមកពិនិត្យយ៉ាងហោចណាស់២០ដង ទើបជាសះស្បើយឡើងវិញ ដែលនេះជាមូលហេតុ ដែលធ្វើឱ្យអ្នកញៀនគ្រឿងញៀន ដែលគ្មានការអំណត់បានយូរ រហូតបោះបង់ឱកាសព្យាបាលនេះច្រើន។ ដូចនេះ ត្រូវការជួយគាំទ្រពីគ្រួសារ និងសហគមន៍ ដើម្បីជួយលើកទឹកចិត្ដ ឱ្យមកទទួលយកសេវាពិនិត្យព្យាបាល ទៀងទាត់តាមពេលវេលា។ នេះបើតាមការបញ្ជាក់ របស់លោកស្រីវេជ្ជបណ្ឌិត ឱ ណ្ណឌីន ។

សូមជម្រាប់ថា មជ្ឈមណ្ឌលជាតិ និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ មានផ្នែកពិនិត្យពិគ្រោះជំងឺ សង្គ្រោះបន្ទាន់ អ្នកញៀនគ្រឿងញៀនជាស្ដ្រី និងជាបុរស ដោយក្នុងនោះក៏នូវមន្ទីរពិសោធន៍ សម្រាប់ត្រួតពិនិត្យផ្សេង, មណ្ឌលមិនមែនសម្រាប់តែអ្នកញៀនគ្រឿងញៀនប៉ុណ្ណោះទេ គឺបើកទ្វាទទួលពិនិត្យព្យាបាល ដល់ប្រជាជនទូទៅដែលនៅក្បែរមណ្ឌលសុខភាព។

កិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ មានការអញ្ជើញពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត៕