(ភ្នំពេញ)៖ នៅឆមាសទី១ ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន៤,១៧៥ករណី កើនឡើង៣៣៧ករណីស្មើនឹង៩% បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៨ មានចំនួនត្រឹមតែ៣,៨៣៨ករណីតែប៉ុណ្ណោះ។ នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ការបញ្ជាក់ឱ្យដឹងរបស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានធ្វើឡើងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងរបាយការណ៍ស្តីពី លទ្ធផលត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រសួងស្ថាប័នចំនួន២៥ ផងដែរ។
នាយឧត្តមសេនីយ៍បានឱ្យដឹងទៀតថា បទល្មើសទាំងនោះរួមមាន៖ ករណីជួញដូរ រក្សាទុកមានចំនួន ២,៥៣១ករណី, ករណីប្រើប្រាស់មានចំនួន ១,៦២៤ករណី, ករណីដាំដុះ១៩ករណី និងករណីផលិតកែច្នៃ០១ករណី។
លោកបញ្ជាក់ថា ការបង្ក្រាបគ្រឿងញៀននៅឆមាសទី១ ឆ្នាំនេះសមត្ថកិច្ចទាំងនគរបាល និងកម្លាំងអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យសរុប មានចំនួប៨,៩១១នាក់ (ស្រី៦៦៤នាក់) កើនឡើង១,៣០៤នាក់ ស្មើនឹង១៧% ក្នុងនោះជនសង្ស័យក្នុងករណីជួញដូរ រក្សាទុកមានចំនួន ៤,៧៩៥នាក់ (ស្រី៤២២ នាក់), ជនសង្ស័យក្នុងករណីប្រើប្រាស់គ្រឿងញៀនមានចំនួន ៤,១១២នាក់ (ស្រី ២៤២នាក់), ជនសង្ស័យក្នុងករណីដាំដុះ៤នាក់។
ជនសង្ស័យរួមមាន៖ ជនជាតិខ្មែរ ៨,៦៩៧នាក់ (ស្រី៦២៤នាក់) និងជនបរទេស១៨៧នាក់ (ស្រី៤០នាក់) ស្មើនឹង១៣ជនជាតិគឺ៖ វៀតណាម៩២នាក់ (ស្រី៣០នាក់), ចិន៦៣នាក់ (ស្រី៨នាក់), កូរ៉េម្នាក់, តៃវ៉ាន់២នាក់, ឡាវ០៦នាក់, ថៃ១១នាក់ (ស្រី០២នាក់), នីហ្សេរីយ៉ា ៣នាក់, ឥណ្ឌូនេស៊ីម្នាក់, រុស្សី២នាក់, រ៉ូម៉ានី២នាក់, ហូឡង់ម្នាក់, ន័រវ៉េ២នាក់ និងតួកគីម្នាក់។
គ្រឿងញៀនចាប់បានចំនួនជាង៣៤១គីឡូក្រាម (ធៀបនឹងឆមាសទី១ ឆ្នាំ២០១៨ មានចំនួន១៤៥គីឡូក្រាម ០១៤ក្រាម) កើនឡើងជាងទ្វេដង ជាង១៩៦គីឡូក្រាមស្មើនឹង១៣៥%។ សម្ភារចាប់យកក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ដែលបានបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្តរួមមាន៖ រថយន្ត៣៥គ្រឿង, ម៉ូតូ៩៤៣គ្រឿង, ទូរស័ព្ទ៣,១០៦គ្រឿង, ជញ្ចឹង១៨៥គ្រឿង, អាវុធវែងខ្លី៩ដើម, ប្រាក់កម្ពុជា៥០,៥៤៣,៩០០រៀល, ប្រាក់អាមេរិក១២៣,៨៨៥ ដុល្លារ, ប្រាក់ថៃ ២៦,៦៤០បាត និងប្រាក់វៀតណាម១៤,៨៣០,០០០ដុង៕