(មណ្ឌលគិរី)៖ ខណៈចុះស្វែងយល់ពីបញ្ហាប្រឈម នៅខេត្តមណ្ឌលគិរី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានបញ្ជាក់ថា ខ្លួននឹងនាំយកបញ្ហាប្រឈមទាំងនេះ ជម្រាបសម្តេចប្រធានរដ្ឋសភា ដើម្បីធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាល ជួយដោះស្រាយរាល់បញ្ហារបស់ខេត្តឲ្យបានទាន់ពេលវេលា។
លោកជា វ៉ាន់ដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា កាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំសមាជិកគណៈកម្មការ ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តមណ្ឌលគីរី ព្រមទាំងមន្ទីរពាក់ព័ន្ទនិងការទទួលបន្ទុករបស់គណៈកម្មការ នៅក្នុងសាលប្រជុំរបស់សាលាខេត្ត។
លោក ជា វ៉ាន់ដេត បានលើកឡើងថា កិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តមណ្ឌលគីរីនាពេលនេះ ក្នុងគោលបំណងស្វែងយល់ពីការអនុវត្តច្បាប់នានា លើវិស័យផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជន បរិស្ថាន និងធនធានទឹក ព្រមទាំងសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្ត្រ និងប្រមូលព័ត៌មាន អំពីប្រសិទ្ធភាពនៃការអនុវត្តន៍របស់ខេត្ត លទ្ធផលការងារ បញ្ហាប្រឈម ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសលើការងារកសិកម្ម ការពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិរបស់ខេត្ត។
ក្នុងជំនួបនោះដែរ លោកឈឹម កាន អភិបាលរងខេត្តមណ្ឌលគីរី បានរាយការណ៍ជូនគណ:កម្មការជំនាញរបស់រដ្ឋសភា អំពីសភាពការណ៍រួមទូទៅ និងវឌ្ឍនភាពរីកចម្រើនព្រមទាំងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមក និងផែនការទិសដៅអនុវត្តបន្តនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ព្រមទាំងបញ្ហាប្រឈម និងសំណូមពរនានា ដែលរដ្ឋបាលខេត្តបានជួបប្រទះកន្លងមក និងកំពុងបានខិតខំជម្រុញការអភិវឌ្ឍន៍ជាប្រចាំផងដែរ។
លោក អភិបាលរងខេត្ត និងភាគីព័ន្ធក៏បានរាយការណ៍លម្អិតអំពីលទ្ធផល និងសមិទ្ធផលសំខាន់ៗពាក់ព័ន្ធលើវិស័យមួយចំនួនពាក់ព័ន្ទនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ ពិសេសលើការងារកសិកម្ម និងបរិស្ថានជូនគណៈប្រតិភូជ្រាបផងដែរ។ ទន្ទឹមនឹងនោះដែរ ដើម្បីមានមូលដ្ឋានក្នុងការចូលរួមចំណែកជំរុញឲ្យមានការដោះស្រាយបានទាន់ពេលវេលា គ្រប់អ្នកពាក់ព័ន្ធទាំងអស់បានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរដាក់ជូនគណៈកម្មការទី៣នៃរដ្ឋសភា ដើម្បីធ្វើការពិនិត្យនឹងពាំនាំសំណូមពរទាំងអស់នេះជូនក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីរកដំណោះស្រាយ។
បន្ទាប់ពីបានស្តាប់នូវការរាយការណ៍របស់ថ្នាក់ដឹកនាំខេត្តរួចមក លោក ជា វ៉ាន់ដេត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្តមណ្ឌលគីរី និងភាគីពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសការងារកសិកម្ម និងបរិស្ថាន ក៏ដូចជាការជួយប្រជាពលរដ្ឋបានយ៉ាងល្អ ដោយអនុវត្តន៍តាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានណែនាំឱ្យមន្ត្រីរាជការទាំងអស់ខិតខំបម្រើប្រជាពលរដ្ឋទ្វេដង។
លោក ក៏បានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ សូមបន្តយកចិត្តទុកដាក់ក្នុងការងារបន្តទៀត។ ចំណែកបញ្ហាប្រឈម លោកប្រធានគណៈកម្មការបានគូសបញ្ជាក់ថា «ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំគណៈកម្មការមួយរបស់រដ្ឋសភា ដែលទទួលបន្ទុកវិស័យផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ខ្ញុំនឹងនាំយកបញ្ហាប្រឈមទាំងនេះ ជម្រាបសម្តេចប្រធានរដ្ឋសភា ដើម្បីធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាល ជួយដោះស្រាយរាល់បញ្ហារបស់ខេត្តឲ្យបានទាន់ពេលវេលា ដើម្បីឲ្យខេត្តមានលទ្ធភាពពេញលេញក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងផលប្រយោជន៍របស់ប្រទេសជាតិ»។
សូមជម្រាបថា ក្នុងថ្ងៃដដែលគណៈកម្មការក៏បានអញ្ជើញចុះពិនិត្យនិងសិក្សាស្វែងយល់ទីតាំងមួយចំនួននៅក្នុងខេត្តមណ្ឌលគីរីផងដែរ មានដូចជា ចុះពិនិត្យទីតាំងសត្វឃាតដ្ដ្ឋាន នៅភូមិស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ ចុះពិនិត្សសិក្សាស្វែងយល់ការងារបរិស្ថាននៅតំបន់អភិរក្សភ្នំបាយឆៅ និងតំបន់សមុទ្រឈើបាយឆៅ ចម្ងាយប្រមាណ ៧ គីឡូម៉ែត្រពីទីរួមខេត្ត។ ចុះពិនិត្យសិក្សាមើលទីតាំងគម្រោងកសាងព្រលានយន្តហោះរបស់ខេត្ត។
បន្ទាប់ពីបានបញ្ចប់បេសសកម្មការងារនៅខេត្តមណ្ឌលគីរី គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា នឹងបន្តដំណើរទៅចុះកាន់ខេត្តរតនគីរី ស្ទឹងត្រែង និងក្រចេះបន្តទៀត៕