(ព្រះសីហនុ)៖ ទីតាំងការដ្ឋានសំណង់ចំនួន២កន្លែងទៀត នៅមូលដ្ឋានក្រុងព្រះសីហនុ ត្រូវបានអាជ្ញាធរ និងមន្ដ្រីជំនាញ ចុះទៅបិទចោល និងរុះរើ ដកហូតយកសម្ភារ ក្រោយពីម្ចាស់ទីតាំង មិនបានស្ដាប់ការណែនាំរបស់ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលប៉ុន្មានថ្ងៃមុនឲ្យផ្អាក ដោយសារតែគ្មានច្បាប់ទម្លាប់ និងខុសបទដ្ឋានគតិយុត្ដិ។

ជាក់ស្ដែង នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ លោក លៀម សុដា អភិបាលរង ខេត្តព្រះសីហនុ ក្រោមការបញ្ជាពីអភិបាលខេត្តព្រះសីហនុ បានដឹកនាំអាជ្ញាធរ និងមន្ដ្រីជំនាញ ចុះទៅបិទចោល និងរុះរើ ដកហូតយកសម្ភារមួយចំនួនធំ ដោយសារតែម្ចាស់ទីតាំងខាងលើ មិនព្រមស្ដាប់តាមការណែនាំ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា និងលោក គួច ចំរើន បានដឹកនាំមន្ដ្រីជំនាញ ចុះទៅពិនិត្យតាមការដ្ឋានសំណង់ជាច្រើន ក្នុងក្រុងព្រះសីហនុ និងបានផ្អាកការដ្ឋានសំណង មួយចំនួនផងដែរ។

ក្នុងនោះ មានទីតាំងមួយចំនួន​ខុសច្បាប់ និងគ្មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា និងលោក គួច ចំរើន បានឲ្យរៀបចំឯកសារ កែសម្រួលឡើងវិញ ខណៈដែលទីតាំងផ្សេងទៀត បានណែនាំឲ្យម្ចាស់ការដ្ឋាន ត្រូវអនុវត្ដតាមច្បាប់ឲ្យបានត្រឹមត្រូវ៕