(ភ្នំពេញ)៖ លោកមេធាវី ចៅ ប៊ុនហួន ដែលជាសមាជិកក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ បានចេញមុខច្រានចោលទាំងស្រុងនូវគណនី Facebook ឈ្មោះ ចៅ ប៊ុនហូង, ឈ្មោះ ចៅ ប៊ុនហ៊ួង និងឈ្មោះ Huon Bon ដែលបានយករូបលោកទៅបង្ហោះ ដើម្បីប្រព្រឹត្តបទល្មើសណាមួយដែលនាំឱ្យខូចកិត្តិយសរបស់លោក ព្រមទាំងបដិសេធទាំងស្រុង ចំពោះម្ចាស់ករណី Facebook ឈ្មោះ Chumteav Kolsokhom Tevi ដែលបង្ហោះសារទម្លាក់កំហុស មកលើលោកពាក់ព័ន្ធរឿងឆបោកទៅវិញ។
ក្រោយពីដឹងថាមានអ្នកលួចរូបថត លោកយកទៅបង្កើតគណនី Facebook រួចនោះ លោកមេធាវី ចៅ ប៊ុនហួន ក៏បានជូនដំណឹងជាសាធារណៈដល់មិត្ត Facebook របស់គាត់ឱ្យបានដឹង និងប្រុងប្រយ័ត្ន ហើយគាត់បានបញ្ជាក់ប្រាប់ដល់សាធារណជនឱ្យជ្រាបថា គណនី Facebook ពិតរបស់គាត់គឺមានឈ្មោះ «Bun Huon» តែមួយប៉ុណ្ណោះ ស្រាប់តែថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ មានគណនី Facebook ឈ្មោះ Chumteav Kolsokhom Tevi បានបង្ហោះរូបលោក និងសារមួយចំនួនទម្លាក់កំហុស មកលើលោកបន្តទៀត។
លើសពីនេះ ពីលោកមេធាវី ចៅ ប៊ុនហួន ក៏បានជម្រាបជូនដល់ថ្នាក់ដឹកនាំទាំងអស់ និងសាធារណជនកុំឱ្យមានការភ័ន្ដច្រឡំបន្ដទៀត ព្រោះអ្នកប្រើប្រាស់គណនី Facebook ទាំងនេះ បានក្លែងបន្លំរូបលោកតែប៉ុណ្ណោះ។
តាមរយៈការបំភ្លឺលើទំព័រ Facebook លោកមេធាវី ចៅ ប៊ុនហួន បានចោទជាសំណួរយ៉ាងដូច្នេះថា៖ «តើម្ចាស់គណនី Facebook ឈ្មោះ Chumteav Kolsokhom Tevi ជាជនរងគ្រោះឬ ជាជនល្មើស? នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ តាមគណនី Facebook របស់ឈ្មោះដែលមានឈ្មោះទី១ ចៅ ប៊ុនហូង, ទី២ ឈ្មោះ ចៅ ប៊ុនហ៊ួង និងទី៣ ឈ្មោះ Huon Bon»។
លុះនានៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០១៩ ម្សិលមិញ លោកមេធាវី ប៊ុន ហួន ក៏បានទៅដាក់ពាក្យបណ្តឹង ដើម្បីស្រាវជ្រាវរកជនបង្ក នៅនាយកដ្ឋានប្រឆ្នាំង បទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដោយទំនាក់ទំនងទៅម្ចាស់គណនី Facebook ឈ្មោះ Chumteav Kolsokhom Tevi តាមរយៈមេធាវី របស់ម្ចាស់គណនីនោះ ដើម្បីសហការក្នុងការដាក់ពាក្យបណ្តឹងផងដែរ។
បើតាមលោកមេធាវី បានបញ្ជាក់ថា ម្ចាស់គណនីឈ្មោះ Chumteav Kolsokhom Tevi មិនព្រមសហការឡើយ ហើយមិនព្រមទៅដាក់ពាក្យបណ្តឹង ដើម្បីស្រាវជ្រាវរកមុខជនប្រព្រឹត្តិ បែរជានៅតែបន្តធ្វើការបង្ហោះរូបលោកមេធាវី និងធ្វើការចោទប្រកាន់ដោយគ្មានហេតុផល។
បើតាមការអអះអាង របស់លោកមេធាវី ប៊ុន ហួន បានបញ្ជាក់ថា ទង្វើរបស់ម្ចាស់គណនីឈ្មោះ Chumteav Kolsokhom Tevi នេះ ជាចេតនា មួលបង្កាច់បង្ខូចកិត្តិយសលោកមេធាវី និងជាចេតនាបង្កឱ្យមានការប៉ះពាល់ដល់កិត្តិយសរបស់ក្រុមមេធាវីស្មគ្រចិត្ត របស់សម្តេចតេជោ សែន យ៉ាងពិតប្រាកដ ព្រោះបើម្ចាស់គណនីឈ្មោះ Chumteav Kolsokhom Tevi ជាជនរងគ្រោះ ត្រូវតែទៅដាក់ពាក្យបណ្តឹង ដើម្បីសមត្ថកិច្ចស្រាវជ្រាវ រកមុខជនខិលខូចមកផ្តន្ទាទោសតាមច្បាប់ មិនគួរនៅបង្ហោះរូបថតគេ ថ្លែងសារមួលបង្កាច់គេតាមអ្វី ដែលខ្លួនយល់ឃើញនោះទេ គ្មានអ្នកណាម្នាក់ អាចនៅលើច្បាប់បានឡើយ៕