(ភ្នំពេញ)៖ លោក ស្រី សំណាង នាយកគ្រប់គ្រងក្រុមហ៊ុន GFG Investment លើកឡើងថា មុននឹងសម្រេចចិត្តវិនិយោគលើវិស័យអ្វីមួយ សូមសាធារណជនទាំងអស់ សិក្សាឲ្យបានច្បាស់ អំពីវិស័យនោះជាមុនសិន ដើម្បីចៀសវាងហានីភ័យផ្សេងកើតឡើង ដូចជាការឈរបោកជាដើមព្រោះថា ការវិនិយោគដោយគ្មានហានីភ័យ គឺជាការវិនិយោគបោកប្រាស់។
ការលើកឡើងបែបរបស់លោក ស្រី សំណាង ធ្វើឡើងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទរទូស្សន៍ Fresh News ដោយក្នុងនោះលោកបានបញ្ជាក់ថា «តាមពិតទៅរាល់ការវិនិយោគទាំងអស់មិនថា វិនិយោគលើកឧបករណ៍និស្សន្ទ, ការវិនិយោគលើវិស័យអចលនវត្ថុ ឬការវិនិយោគលើវិស័យផ្សេងៗឡើយ មុននឹងសម្រេចចិត្តឈានជើងចូលវិនិយោគនេះ សូមសាធារណជនទាំងអស់ សិក្សាឲ្យបានច្បាស់លើវិស័យនេះជាមុនសិន សូមកុំគិតថា ខ្លួនមិនទាន់មានពេលគ្រប់គ្រាន់ ក្នុងការវិនិយោគដូច្នេះ ប្រគល់លុយឲ្យគេវិនិយោគ ព្រោះថាកាលណាយើងប្រគល់លុយឲ្យគេវិនិយោគ ប្រៀបដូចយើងប្រគល់ដង្ហើមឲ្យគេដកដូចគ្នាអញ្ចឹងដែរ»។
លោកបន្ដថា ពេលសិក្សាមិនទាន់ច្បាស់ អំពីវិស័យដែលសាធារណជនចង់វិនិយោគនៅឡើយ សូមកុំប្រគល់លុយឲ្យគេវិនិយោគ ព្រោះមិនដឹងថា ក្រុមហ៊ុនដែលគេវិនិយោគនេះ ជាក្រុមហ៊ុនពិតប្រាកដ ឬអត់ ហើយអ្នកដែលបានយកសាច់ប្រាក់ ពីយើងទៅវិនិយោគនេះ មានចំណេះដឹងទាក់ទងនឹងវិស័យមួយនេះដែរឬទេ? ដូច្នេះត្រូវស្វែងយល់ឲ្យច្បាស់ជាមុនសិន។
លោកឲ្យដឹងថា «ខ្ញុំហ៊ាននិយាយថា ការវិនិយោគដែលមិនមានហានីភ័យជា ការវិនិយោគបោកប្រាស់ កុំថាឡើយចំណេញ១០-៥% ឬ៣% ក្នុងមួយខែ ហើយការវិនិយោគគ្មានហានីភ័យនោះ អ្នកទាំងអស់គ្នាគួរតែពិចារណាឲ្យ បានល្អិតល្អន់ជាមុនសិន»។
លោកបញ្ជាក់ថា ប្រសិនបើការវិនិយោគគ្មានហានីភ័យ ហើយទទួលបានប្រាក់ចំណេញច្រើនបែបនេះ ប្រហែលជាឧកញ៉ា ឬឯកឧត្តមទៅវិនិយោគអស់ ដោយមិនចាំបាច់រិះរកមធ្យោបាយ ក្នុងបង្កើតការវិនិយោគផ្សេងៗទេ។ សាកសួរឧកញ៉ាដែលបង្កើតការវិនិយោគទាំងអស់គ្នាមើលថា ពួកគាត់ដាក់១០០%អាចចំណេញបាន៣០-៥០% ដោយគ្មានហានីភ័យបានទេ? គឺមិនមាននោះឡើយ។
លោកបញ្ជាក់ថា អ្នកទាំងអស់គ្នាគួរគិតត្រឡប់មកវិញថា គ្មានអ្វីដែលបានលុយមកដោយស្រួលទេ៕