(ភ្នំពេញ)៖ ស្រ្តីម្នាក់ដែលជាអាជីវករលក់ខ្សាច់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការក្រុងភ្នំពេញ នាល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ បន្ទាប់ពីមានការសង្ស័យថា បានឆបោកប្រាក់ពីជនរងគ្រោះចំនួន៥ម៉ឺនដុល្លារ ក្រោមរូបភាពលក់ខ្សាច់ តែមិនផ្គត់ផ្គង់ឱ្យជនរងគ្រោះបានតាមកិច្ចសន្យា។
បុរសជនរងគ្រោះក្នុងករណីនេះមានឈ្មោះ ស៉ូ ធីវុត្ថា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះលេខ ៤៥ ផ្លូវលេខ១២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូ។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនបញ្ជូនទៅតុលាការមានឈ្មោះ ហង់ វណ្ណី ហើយដោយឡែកបក្ខពួកជនសង្ស័យ ម្នាក់ទៀតមានឈ្មោះ គឹម សុគុណ នៅមិនទាន់ បង្ហាញខ្លួននៅឡើយទេ។
តាមការបញ្ចាក់ពីបុរសជាជនរងគ្រោះមានឈ្មោះ ស៉ូ ធីវុត្ថា បានឱ្យដឹងថា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ កន្លងមក រូបលោកបានធ្វើការទំនាក់ទំនងទិញខ្សាច់ជាមួយជនសង្ស័យ២នាក់ ក្នុងនោះទី១៖ ឈ្មោះ ហង់ វណ្ណី ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរអ្នកជំនួញលក់ខ្សាច់ ទីលំនៅស្នាក់នៅក្នុង សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ ទី២៖ មានឈ្មោះ គឹម សុគុណ អាយុក៥០ឆ្នាំ ភេទប្រុស មុខរបរ អ្នកជំនួញលក់ខ្សាច់ដែលទីលំនៅផ្ទះជួលមិនពិតប្រាកដ។
បុរសជនរងគ្រោះបានបន្ថែមទៀតថា គាត់បានធ្វើការទិញខ្សាច់ពីជនសង្ស័យ២នាក់នោះ ក្នុងតម្លៃ ១ម៉ែត្រគីប១៧.៥$ ហើយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ បុរសជនរងគ្រោះបានយកលុយទៅកក់លើកទី១ អស់១ម៉ឺនដុល្លារ នៅលើកទី២ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះក៏បានយកលុយទៅកក់អស់ចំននួ៤០,០០០ដុល្លារបន្ថែមទៀត ដើម្បីទិញខ្សាច់ឱ្យដឹកពីខេត្តកំពង់ស្តឺ ទៅខេត្តព្រះសីហនុ។ បន្ទាប់ពីទទួលប្រាក់២លើក សរុបចំនួន ៥ម៉ឺនដុល្លារ រួចរាល់ហើយ ជនសង្ស័យបានដឹកខ្សាច់ឱ្យជនរងគ្រោះដែរ ប៉ុន្តែមិនបានគ្រប់គ្រាន់តាមការធ្វើកិច្ចសន្យានោះទេ។
បុរសជនរងគ្រោះបន្តថា ជនសង្ស័យតែងតែរកលេសដោះសារជាមួយខ្លួនរហូត ហើយជនរងគ្រោះក៏បានព្យាយាមទៅសួរនាំទៅលើជនសង្ស័យជាច្រើនលើកច្រើនសារ ហើយជនសង្ស័យ២នាក់ បានសន្យាថា នឹងដឹកខ្សាច់ឱ្យគ្រប់ចំនួនតាមកិច្ចសន្យា ប៉ុន្តែរហូតដល់ពេលនេះ ជនរងគ្រោះមិនឃើញជនសង្ស័យគោរពតាមពាក្យសន្យាទេ ថែមទាំងព្យាយាមគេចវេស និងដូរទីតាំងស្នាក់ការថែមទៀតផង។ ជនរងគ្រោះបានទូរស័ព្ទទៅបែរជាមិនលើកទៀត ជនរងគ្រោះព្យាយាមទុកឱកាសឱ្យជនសង្ស័យធ្វើការដោះស្រាយដែរតែមិនឃើញ លុះមកដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះក៏បានទទួលដំណឹងថា លោក គឹម សុគុណ ឱ្យប្រពន្ធរបស់គាត់រើផ្ទះចេញពីកន្លែងដែលគាត់រស់នៅសព្វថ្ងៃ ពេលនោះជនរងគ្រោះព្យាយាមតាមរកជនសង្ស័យដែលតែមិនឃើញ លុះនៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ ម្ចាស់ប្រាក់ដែលជាជនរងគ្រោះក៏ បានប្រទះឃើញនារីជនសង្ស័យខាងលើនៅផ្ទះរបស់គាត់ជនរងគ្រោះក៏បានទៅសួរនាំ ក៏ឈានដល់ការឈ្លោះប្រកែកគ្នា ហើយពេលនោះក៏មានសមត្ថកិច្ចប៉ុស្តិ៍នគរបាលច្រាំងចំរេះ២ ចុះមកអន្តរាគមន៍ភ្លាមៗ និងឃាត់ជនសង្ស័យយកមកប៉ុស្តិ៍នគរបាលច្រាំងចំរេះ ដើម្បីធ្វើការសួរនាំបន្តតែម្តង។
បន្ទាប់ពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលច្រាំងចំរេះ២ ធ្វើការសួរនាំទៅលើជនសង្ស័យអស់រយៈពេលយូមិនឃើញមានដំណោះស្រាយ សមត្ថកិច្ចប៉ុស្តិ៍បានបញ្ចូនសុំណុះរឿងទៅអធិការដ្ឋានខណ្ឌ ដើម្បីចាត់ការបន្តហើយនៅថ្ងៃល្ងាចទី០៥ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចអធិការដ្ឋានខណ្ឌឫស្សីកែវ ក៏បានបញ្ចូនជនសង្ស័យមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
ពាក់ព័ន្ធនឹងករណីនេះ ជនរងគ្រោះក៏មានការសំណូមពរឱ្យសមត្ថកិច្ច និងប្រព័ន្ធតុលាការជួយរកយុត្តិធម៌ និងតាមចាប់ឃាត់ខ្លួនបុរសម្នាក់ទៀត ដែលឆបោកលុយរបស់គាត់ដើម្បីយកមកដោះស្រាយតាមផ្លូវច្បាប់ផងដែរ៕