(កំពង់ធំ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទថ្មី ខេត្តកំពង់ធំ។
ពិធីនោះមានការចូលរួមពីលោក ឈន់ ឈាន់ ប្រធានក្រុមប្រឹក្សាខេត្ត, លោក សុខ លូ អភិបាលខេត្ត និងដោយមានការអញ្ជើញចូលរួមមន្ត្រីរាជការ តំណាងឲ្យមន្ទីរជុំវិញខេត្ត យ៉ាងច្រើនកុះករ។
លោក ប៉ែន វណ្ណរិទ្ធ ត្រូវបានតែងតាំងជាប្រធានមន្ទីរកសិកម្មថ្មី ខេត្តកំពង់ធំ ជំនួសលោកធីវ វណ្ណធី។
លោក សុខ លូ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីក្រោមឱវាទ ក្នុងស្មារតីទទួលខុសត្រូវអនុវត្តនូវរាល់គោលនយោបាយរបស់ក្រសួង ក៏ដូចជារបស់ខេត្តផងដែរ ដែលធ្វើឲ្យវិស័យកសិកម្មក្នុងខេត្តកំពង់ធំ មានការវិវឌ្ឍន៍រីកចម្រើន គួរជាទីមោទនៈនាពេលបច្ចុប្បន្ន។
លោកបានធ្វើការណែនាំលោក ប៉ែន វណ្ណរិទ្ធ ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរថ្មី ឲ្យខិតខំថែរក្សាសមិទ្ធផល ដែលសម្រេចនាពេលកន្លងមក និងត្រូវរួមសហការ សាមគ្គី ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ជាមួយមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ដើម្បីបន្តអនុវត្តគោលនយោបាយ អភិវឌ្ឍវិស័យកសិកម្ម ក៏ដូចជាគោលនយោបាយអភិវឌ្ឍ របស់រាជរដ្ឋាភិបាលឲ្យកាន់តែរីកចម្រើនថែមទៀត សមស្របតាមនិន្នាការវិវឌ្ឍន៍របស់ប្រទេសជាតិ។
លោករដ្ឋមន្រ្តី វេង សាខុន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលមន្ទីរសម្រេចបាន និងបានថ្លែងអំណរគុណ លោកអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមសហការ ឧបត្ថម្ភ និងគាំទ្រសព្វបែបយ៉ាងលើរាល់សកម្មភាព អភិវឌ្ឍវិស័យកសិកម្មនៅទូទាំងខេត្តឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់។
លោករដ្ឋមន្រ្តី បានធ្វើការបូកសរុបដោយសង្ខេបជូនអង្គពិធី ជ្រាបអំពីការវិវឌ្ឍន៍រីកចម្រើន បញ្ញាប្រឈម និងយន្តការដោះស្រាយជាបន្តបន្ទាប់-ល-។ ធ្វើយ៉ាងណាឈានទៅសម្រេច ឲ្យបាននូវផែនការ និងគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០១៩-២០២៣ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព និងនិរន្តរភាព និងឈានទៅសម្រេចចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន នាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ដើម្បីឈានទៅសម្រេចជោគជ័យ តាមផែនការដែលបានគ្រោងទុក និងជាពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ គឺដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដោយផ្តោតសំខាន់លើអភិក្រមទាំង៥ គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនា ២ទៀត គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ, លោករដ្ឋមន្ត្រីបានក្រើនរំលឹកឲ្យថ្នាក់ដឹកនាំមន្ទីរគ្រប់ជាន់ថ្នាក់ និងមន្ត្រីជំនាញត្រូវយកចិត្តទុកដាក់ បង្កើនសមត្ថភាពគ្រប់គ្រង ចំណេះជំនាញ និងបទពិសោធន៍។
ដើម្បីទទួលបាននូវពុទ្ធិថ្មី៑ និងធាតុចូលសំខាន់ៗ សម្រាប់យកទៅធ្វើជាគន្លឹះទាំងក្នងការដឹកនាំ និងការអនុវត្តភារកិច្ចឲ្យទទួលបានជោគជ័យ តាមគោលដៅរំពឹងទុក ស្របតាមបរិបទនៃការរីកចម្រើនវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដែលត្រូវបានគេហៅថា «បដិវត្តន៍ឧស្សាហកម្មទី៤» និងឌីជីថលភាវូបនីយកម្ម ឆ្លើយតបចំពោះទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស លោករដ្ឋមន្រ្តីបានផ្តល់ជាអនុសាសន៍មួយចំនួន ដែលមានខ្លឹមសារដោយសង្ខេប ជាបន្តបន្ទាប់ដូចខាងក្រោម៖
ទី១៖ ត្រូវបន្ដប្រពៃណីសហប្រតិបត្ដិការល្អ ជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍កសិកម្មនានាឲ្យបានល្អប្រសើរ ជាពិសេសជាមួយគណៈអភិបាល ខេត្តដើម្បីធ្វើយ៉ាងណា ឲ្យផែនការសកម្មភាពអនុវត្តប្រចាំថ្ងៃប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
ទី២៖ ត្រូវពង្រឹង និងកែលម្អការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ឲ្យកាន់តែមានសមត្ថភាព វិជ្ជាជីវៈ និងប្រសិទ្ធភាពក្នុងការបំពេញការងារ។ ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រគល់ការងារតាមសមត្ថភាព ដោយអនុលោមតាមច្បាប់ស្តីពីសហលន្តិកៈមន្ត្រីរាជការស៊ីវិល។
ទី៣៖ ផ្ទេរបច្ចេកទេសទំនើបសមស្របដល់ដៃកសិករ លើកទឹកចិត្តលើការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ លើកកម្ពស់គុណភាពកសិផល ដើម្បីធ្វើការប្រកួតប្រជែង និងយកចិត្តទុកដាក់ដល់ការ អនុវត្តកសិកម្មល្អដោយភាពវៃឆ្លាត។ បង្កើនការផ្តល់សេវាព័ត៌មានទីផ្សារកសិកម្ម ឲ្យកាន់តែទូលាយ ពិសេសការធ្វើពិពិធកម្ម និងកសិកម្មសរីរាង្គតាមស្តង់ដារ ដោយផ្សារភ្ជាប់នឹងការស្រាវ ជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា ផែនការដាំដុះ ប្រមូលផល និងកែច្នៃជាមួយនឹងការបន្តពង្រឹងការកសាងសមត្ថភាពផ្នែកអនាម័យ និងភូតគាមអនាម័យ។
ទី៤៖ ត្រូវចាត់វិធានការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ គ្រប់អនុវិស័យឲ្យបានទាន់ពេលវេលា។ លើកកម្ពស់ស្តង់ដារអនាម័យ នៅតាមបណ្តាសត្តឃាតដ្ឋាន ក៏ដូចជាភូតគាមអនាម័យ នៃកសិផលផ្សេងៗទៀត ទាំងក្នុងស្រុក និងនាំចូលពីខាងក្រៅ ដើម្បីធានាសុខុមាលភាពសាធារណៈ។ ត្រូវអនុវត្តនូវវិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក តាមរយៈសារាចរណែនាំលេខ០៧ ស.រ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាល ដោយត្រូវសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងអាជ្ញាធរមូលដ្ឋាន។
ទី៥៖ ត្រូវតាមដានសភាពការណ៍ប្រចាំថ្ងៃ ជាពិសេសទៅលើមតិយោបល់របស់ប្រជាជន និងការ វាយប្រហារចេញពីគ្រប់មជ្ឈដ្ឋាន និងបញ្ហាប្រឈមផ្សេងៗទៀត។ មន្ទីរ និងអង្គភាពក្រោមឱវាទ គួរមានបណ្តាញមួយ ដើម្បីទទួលនូវព័ត៌មាន និងសំណូមពររបស់សហគមន៍ សង្គមស៊ីវិល និងដៃគូទាំងអស់ ដើម្បីយកមកពិនិត្យ និងដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ទី៦៖ បន្តអនុវត្តដំណើរការកែទម្រង់ដោយឆន្ទៈមុតស្រួច និងកាន់តែមានប្រសិទ្ធភាព ដោយគិតគូរអំពីការរៀបចំប្រព័ន្ធតាមដានត្រួតពិនិត្យ មានភាពប្រទាក់ក្រឡាគ្នា គ្រប់ជ្រុងជ្រោយ និងសង្គតិភាពដែលគ្របដណ្តប់ លើគ្រប់វិស័យដោយមិនត្រូវមើលរំលង អំពីការពង្រឹងរដ្ឋបាលសាធារណៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជារដ្ឋបាលទំនើប ស្អាតស្អំ និងប្រកបដោយគុណភាព ដើម្បីធានាសាមគ្គីភាព និងប្រសិទ្ធភាពស្ថាប័ន ការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការផ្តល់សេវាកាន់តែប្រសើរជូនប្រជាពលរដ្ឋក៏ដូចជាវិស័យឯកជន៕