(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយម ស្រីលង្កា បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅរយៈពេល៤ ថ្ងៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។

លោកប្រធានាធិបតី បានមកដល់កម្ពុជា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី នឹងចូលគាល់ ព្រះករុណា ព្រះមហាក្សត្រ នៅក្នុងព្រះបរមរាជវាំង។ លោកប្រធានាធិបតី ក៏នឹងអញ្ជើញជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលក្នុងអំឡុងពេលនោះ កិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យជាច្រើននឹងត្រូវលើកយកមកពិភាក្សា សំដៅពង្រឹងថែមទៀតនូវចំណងទាក់ទងមិត្តភាព រវាងប្រទេសទាំងពីរ ដែលបានចងភ្ជាប់គ្នាយ៉ាងជ្រាលជ្រៅ តាមរយៈព្រះពុទ្ធសាសនា។

ថ្នាក់ដឹកនាំទាំងពីរ ក៏នឹងធ្វើការផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហាតំបន់និងអន្តរជាតិ ដែលជាការព្រួយបារម្ភនិងផលប្រយោជន៍រួមផងដែរ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកប្រធានាធិបតី និងសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសាក្សីក្នុង ពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។

សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីស្រីលង្កា ក៏នឹងអញ្ជើញជាអធិបតីរួមគ្នា ក្នុងវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កាផងដែរ ដើម្បីបើកឱកាស និងពង្រីកការវិនិយោគ ក៏ដូចជាពាណិជ្ជកម្មប្រទេសទាំងពីរ ឱ្យកាន់ធំធាត់ថែមទៀត។

ក្នុងសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងដែរថា ក្នុងកំលុងពេលស្នាក់នៅប្រទេសកម្ពុជា ប្រធានាធិបតីស្រីលង្កា នឹងអញ្ជើញទៅកាន់វត្តលង្កា និងប្រគេនសម្តេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល្ល ព្រះចៅអធិការវត្តលង្កា នូវកូនដើមពោធិ៍ នៃមហាពោធិព្រឹក្សពីក្រុងអនុរាធបុរៈ។ បន្ទាប់មកលោកនឹងអញ្ជើញចូលរួម ក្នុងពិធីដាំដើមឈើតំណាងប្រទេសស្រីលង្កា នៅមជ្ឈមណ្ឌលវិបស្សនាភ្នំឧត្តុង្គ ដែលទទួលអំណោយដើមឈើប្រភេទនេះចំនួន១០ដើម ពីលោកប្រធានាធិបតី ។

លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា និងសមាជិកគណៈប្រតិភូ ក៏នឹងអញ្ជើញទៅទស្សនាប្រាសាទនានា នៅក្នុងឧទ្យានអង្គរ ក្នុងខេត្តសៀមរាបផងដែរ។

ក្រសួងការបរទេសកម្ពុជាគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជា របស់លោកប្រធានាធិបតី ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា នាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហ-ប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ រវាងកម្ពុជានិងស្រីលង្កា។

សូមបញ្ជាក់ថា លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា ជាមេដឹកនាំប្រទេសជាមិត្តទី៥ហើយ ដែលបានបានមកបំពេញទស្សនកិច្ច នៅកម្ពុជាក្នុងឆ្នាំ២០១៩នេះ បន្ទាប់ពីប្រធានាធិបតីវៀតណាម លោក ង្វៀង ហ៊្វូជុង (Nguyen Phu Trong) បំពេញទស្សនកិច្ច រយៈពេល២ថ្ងៃពី ថ្ងៃ ទី ២៥ ដល់ ថ្ងៃ ទី ២៦ ខែកុម្ភៈ , ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន និងភរិយា បំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា, លោកស្រី អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បំពេញទស្សនកិច្ចចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា និង លោក KP Sharma Oli នាយករដ្ឋមន្រ្តីនេប៉ាល់ បំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា៕