(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំប្រតិភូអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិ គាំពារសង្គម ចុះសិក្សាស្វែងយល់ អំពីការផ្តល់សេវាថែទាំ ព្យាបាល ជូនអ្នករស់នៅជាមួយមេរោគអេដស៍ នៅមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម និងគ្លីនិកឈូកស ដោយផ្ទាល់ នៅព្រឹកថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ នេះ។
គោលបំណងនៃការស្វែងយល់ជាក់ស្តែងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការសិក្សាស្វែងយល់ជាក់ស្តែង អំពីស្ថានភាពផ្តល់សេវា ថែទាំព្យាបាល និងឆ្លើយតបទៅនឹងជំងឺអេដស៍ ដើម្បីសម្របសម្រួលគោលនយោបាយ កំណត់ទិសគោលដៅ និងអាចរៀបចំគោលនយោបាយ លើកកំពស់គុណភាពសេវា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត និងអាចបទបែនស្របតាមស្ថានភាព ជាក់ស្តែងនិងឈានទៅទទួលខុសត្រូវ បញ្ហាសុខមាលភាពសង្គមផ្ទាល់ ក្នុងភាពជាម្ចាស់ ដោយប្រើប្រាស់ធនធានកាន់តែមានប្រសិទ្ធភាព ហើយនិងកាន់តែអាចឆ្លើយតប ទៅនឹងតម្រូវការបច្ចុប្បន្ន និងអនាគត។
គួររំលឹកថា នៅព្រះរាជាណាចក្រកម្ពុជា ករណីអ្នកបានឆ្លងមេរោគអេដស៍ដំបូងបំផុត ត្រូវបានធ្វើតេស្តឈាមរកឃើញនៅក្នុង ឆ្នាំ១៩៩១ ចំណែកករណីអ្នកជំងឺអេដស៍ ទី១ ត្រូវបានបញ្ជាក់រោគវិនិច្ឆ័យក្នុងឆ្នាំ១៩៩៣។ រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានអ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ ដែលមកទទួលការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ ប្រមាណជា៦ម៉ឺននាក់ កំពុងទទួលសេវាថែទាំ និងការព្យាបាលនៅតាមន្ទីរពេទ្យ និងគ្លីនិកចំនួន៦៨ ទូទាំងប្រទេស ខណៈមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម បច្ចុប្បន្នផ្តល់ការព្យាបាលជូនអ្នកជំងឺ ដែលបានឆ្លងមេរោគអេដស៍ប្រមាណ៣៧៧៥នាក់។ ចំណែងឯគ្លីនិកឈូកស មានអ្នកជំងឺមកទទួលថ្នាំ ប្រឆាំងមេរោគអេដស៍ ចំនួន១២០០នាក់។
ចំពោះអ្នកជំងឺម្នាក់ ដែលលទ្ធផលការព្យាបាលរបស់គាត់ ល្អប្រសើរនោះ គាត់ត្រូវមកពិនិត្យតាមដានសុខភាព និងទទួលថ្នាំប្រឆាំងមេរោគអេដស៍ យ៉ាងហោចណាស់១ដង ក្នុងរយៈពេល៣ខែម្តង។ ជាមធ្យមអ្នកជំងឺប្រមាណជា ៦០ ទៅ៧០នាក់ មកទទួលសេវានៅមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម ក្នុងមួយថ្ងៃៗ។ រហូតមកដល់បច្ចុប្បន្ននេះ ការផ្តល់សេវាថែទាំព្យាបាលជូនអ្នករស់នៅ ជាមួយមេរោគអេដស៍ ត្រូវបានផ្តល់ជូនអ្នកជំងឺ ដោយឥតបង់ថ្លៃ។ បន្ទុកចំណាយផ្គត់ផ្គង់ ឱសថប្រឆាំងមេរោគអេដស៍ សំរាប់អ្នកជំងឺទាំង៦ម៉ឺននាក់ គឺបានមកពីជំនួយរបស់មូលនិធិសាកល ហើយបន្ទុកចំណាយប្រតិបត្តិការ ក្នុងការថែទាំព្យាបាលជូន អ្នកជំងឺ មួយភាគរាប់រងដោយថវិការបស់រាជរដ្ឋាភិបាល ក្នុងកញ្ចប់ចំណាយរបស់ ក្រសួងសុខាភិបាល និងមួយភាគទៀត គាំទ្រដោយដៃគូអភិវឌ្ឍអន្តរជាតិផ្សេងទៀត។
ខណៈដែលជំនួយមូលនិធិសាកល និងជំនួយក្រៅប្រទេសផ្សេងទៀត ផ្តល់ជូនព្រះរាជាណាចក្រម្ពុជា ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់នោះ រាជរដ្ឋាភិបាល ដែលមានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាស្ថាប័ន សម្របសម្រួលគោលនយោបាយ បានរួមគ្នាជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត រិះរកមធ្យោបាយ វិធីសាស្រ្តថ្មីៗបន្ថែមទៀត ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងផ្តល់សេវា បង្ការការចម្លងមេរោគ អេដស៍ និងសេវាថែទាំ ព្យាបាលដោយ ឱសថប្រឆាំងមេរោគអេដស៍ ឲ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីសម្រេចឲ្យបានគោលដៅកាត់បន្ថយការចម្លងមេរោគអេដស៍ ឲ្យធ្លាក់ចុះមកក្នុង កំរិតទាបបំផុតត្រឹមឆ្នាំ២០២៥។
ផ្អែកលើការប៉ាន់ស្មាន កម្ពុជាអាចនឹងត្រូវការធនធានហិរញ្ញវត្ថុ ក្នុងស្រុកប្រមាណជា៥០លានដុល្លាសហរដ្ឋអាមេរិក សំរាប់ផ្តល់សេវាបង្ការ ថែទាំ ព្យាបាល និងឆ្លើយតបទៅនឹងមេរោគអេដស៍ ក្នុងរយៈពេល៦ឆ្នាំខាងមុខ៕