(ព្រះវិហារ)៖ អតីតយុទ្ធជនជាជនពិការម្នាក់ ដែលមានវ័យ៧០ឆ្នាំ បានថ្លែងប្រកបដោយក្តីរំភើបរីករាយ លាយឡំដោយទឹកភ្នែក បន្ទាប់ពីបានស្តាប់ឮ នូវការសន្យារបស់ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ដែលថា សម្តេចតេជោ ហ៊ុន សែន និងសាងសង់ផ្ទះថ្មី១ខ្នង ជូនគាត់ វិញ បន្ទាប់ពីផ្ទះចាស់របស់គាត់ ត្រូវភ្លើងឆេះកន្លងមកថ្មីៗនេះ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្ត្រ័ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានថ្លែងថា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ សមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ រួមជាមួយប្រធាន អនុប្រធាន ស.អ.ក ក្រុងព្រះវិហារ ក្រុមយុវជន ស.ស.យ.ក និងអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខអតីតយុទ្ធជន ជាជនពិការឈ្មោះ សេង សុវណ្ណ អាយុ៧០ឆ្នាំ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលគាត់បានរងគ្រោះ ត្រូវភ្លើងឆេះផ្ទះអស់កាលពីពេលថ្មីៗនេះ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្ត្រ័ា បានសំដែងនូវការចូលរួមសោកស្តាយ ចំពោះហេតុការណ៍គ្រោះអគ្គិភ័យដែលបណ្តាលឲ្យឆេះផ្ទះនេះ។ លោកក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការ ស.អ.ក និងលោក ប្រាក់ សុវណ្ណ ប្រធាន ស.អ.ក ខេត្តព្រះវិហារ ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់ គិតគូរជានិច្ចចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង។

លោក ច័ន្ទ សុភក្ត្រ័ា បានបន្ដទៀតថា កិច្ចការសមាគមន៍កន្លងមកនេះ គឺសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា គឺលោកផ្តោតការយកចិត្តទុកដាក់ ទៅលើនិវត្តន៍ជន និងជនពិការរបស់យើង ដែលបានចូលនិវត្តន៍ ឬក៏មរណៈជន។ ការគិតគូរយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន គឺចង់រំលឹកអំពីជីវប្រវត្តិ ស្នាដៃរបស់បងប្អូនអតីតយុទ្ធជនយើងកន្លងមក ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ បូជាកម្លាំងកាយចិត្ត ដើម្បីជាតិមាតុភូមិ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្ត្រ័ា បាន បញ្ជាក់ទៀតថា សមាគមន៍អតីតយុទ្ធជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន គឺមិនទុកឲ្យបងប្អូនអតីតយុទ្ធជនយើងណាម្នាក់ រស់នៅក្នុងភាពដុនដាបវេទនា នោះទេ។ ជាមួយគ្នានោះ លោកបានសន្យាថា និងសាងសង់ផ្ទះថ្មី១ខ្នង ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ជូនគាត់វិញ បន្ទាប់ពីផ្ទះគាត់ចាស់ ត្រូវភ្លើងឆេះកន្លងមក។ លោកក៏បាននាំនូវអំណោយ មានថវិកា និងសម្ភារមួយចំនួនធំ ទៅប្រគល់ជូនគាត់ ទុកសម្រាប់ដោះស្រាយជីវភាព រស់នៅប្រចាំថ្ងៃផងដែរ៕