(កំពង់ធំ)៖ ក្រោយពីទទួលព័ត៌មានថា មានរថយន្តប៉ាកុង (រ៉េវ) ចំនួន២គ្រឿង និងម៉ាស៊ីនរ៉ៃអារឈើ លាក់ទុកនៅភូមិជាំផ្អប់ ឃុំសណ្តាន់ ស្រុកសណ្តាន់ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងចម្រុះ និងមន្ទីរអង្គភាពពាក់ព័ន្ធ ចុះទៅពិនិត្យដល់ទីតាំងផ្ទាល់។
ក្រុមការងារ បានរកឃើញមធ្យោបាយ បង្កបទល្មើសធនធានធម្មជាតិ ដែលជនល្មើសយកមកលាក់ទុករួមមាន៖ រថយន្តបាកុងកែច្នៃ ចំនួន០២គ្រឿង ម៉ាស៊ីនរ៉ៃចំនួន០៨គ្រឿង ម៉ាស៊ីនម៉ាស៊ូត២៤សេស ចំនួន០១គ្រឿង កៅឡាក់ចំនួន០២គ្រឿង ជើងកៅឡាក់ចំនួន០៨គ្រឿង ជើងរ៉ៃចំនួន២៧ដើម និងរណារខ្សែចំនួន៣០ខ្សែ។ មធ្យោបាយបង្កបទល្មើសព្រៃឈើទាំងអស់នេះ ត្រូវបានដុតកម្ទេចចោល នៅនឹងកន្លែង នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ នេះតែម្ដង។
តាមការបញ្ជាក់ពីលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ បានឲ្យដឹងថា រថយន្តកែច្នៃបាកុង គឺកែច្នៃបំរើដឹកបទល្មើសបំផ្លាញធនធានធម្មជាតិ រថយន្តទាំង២នេះ មិនមែនមកធ្វើសកម្មភាពនៅតំបន់នេះទេ ដោយយកមកពីតំបន់ផ្សេង មករងចាំដឹកឈើឲ្យក្រុមហ៊ុនមួយ តែដោយសារក្រុមហ៊ុននោះពុំទាន់បាន ច្បាប់អនុញ្ញាត ក៏បានរក្សាទុករថយន្តនៅទីនេះជាយូរមកហើយ ព្រមទាំងបានរាយការណ៍ជូនអភិបាលខេត្ត និង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីសុំកម្លាំងដឹកនាំបង្រ្កាបរថយន្តទាំង២គ្រឿងនេះ ក្នុងគោលបំណងទប់ស្កាត់ បង្រ្កាបបទល្មើសធនធានធម្មជាតិ តាមការដាក់ចេញនូវវិធានការក្តៅរបស់រាជរដ្ឋាភិបាល៕