(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះវិហារ បានដឹកនាំមន្ត្រីអាវុធហត្ថជាច្រើនរូប នាំយកថវិកាមូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស យកទៅប្រគល់ជូនគ្រួសារសព លោកវរៈសេនីយ៍ត្រី សួន វឿត នៅភូមិកោះត្រែង ឃុំកោះពី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ នានៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រីកង សៅគុណ បានមានប្រសាសន៍ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ និងចូលរួមមរណៈទុក្ខ យ៉ាងក្រៀមក្រំពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះក្រុមគ្រួសារសព ដែលបានបាត់បង់ស្វាមី ឪពុកជាទីស្រឡាញ់នៅពេលនេះ។
លោកមេបញ្ជាការ បានបន្តថា ក្នុងនាមមេបញ្ជាការ មេបញ្ជាការរង នាយនិងពលអាវុធហត្ថទូទាំងខេត្តព្រះវិហារ ពិតជាមានការសោកស្តាយ ចំពោះការបាត់បង់លោកវរៈសេនីយ៍ត្រី សួន វឿត ដែលកន្លងមក បានលះបង់កម្លាំងកាយ ចិត្តចូលរួមបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ ក្នុងទិសដៅចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងប្រទេសរបស់យើង។
ជាមួយគ្នានោះ លោកមេបញ្ជការបានឧទ្ទិសបួងសួង សូមឲ្យវិញ្ញាណក្ខន្ធ័សព លោកវរៈសេនីយ៍ត្រី សួន វឿត សូមបានដល់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ដើម្បីជាការចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះវិហារ បាននាំថវិការបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន៣៣,៩៨០,៦០០រៀល និងថវិកាចំនួន៥លានរៀល ដែលជាថវិកាផ្ទាល់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា យកទៅប្រគល់ជូនក្រុមគ្រួសារសពផងដែរ។
លោកមេបញ្ជាការ បានបញ្ជាក់ផងដែរថា ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់អស់លោក-លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត៕