(ភ្នំពេញ)៖ កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ចំនួន២៨០នាក់ទៀត បានបញ្ចប់បេសកកម្មរបស់ខ្លួនដោយជោគជ័យ នៅប្រទេសម៉ាលី និងស៊ូដង់ខាងត្បូង។ ក្រសួងការពារជាតិ នឹងរៀបចំពិធីទទួលដំណើរមាតុភូមិនិវត្តន៍កងកម្លាំងទាំងនេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ។

ពិធីទទួលដំណើរមាតុភូមិនិវត្តន៍កងកម្លាំងកម្ពុជានេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានការចូលរួមពីតំណាងអង្គការសហប្រជាជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាមួយចំនួន។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ គឺកងកម្លាំងមួកខៀវទាំង៣កង មានបញ្ចប់បេសកកម្មនៅប្រទេសម៉ាលី ចំនួន២កង គឺទី១៖ កងវិស្វកម្មព្រលានយន្តហោះលេខ១៩៨ ចំនួន១០៥នាក់ និងទី២៖ កងកម្ទេចគ្រាប់មិនទាន់ផ្ទះលេខ១៣២ ចំនួន១១៧នាក់។ ចំណែក១កងទៀត គឺកងរាជអាវុធហត្ថលេខ៦៨១ ចំនួន៥៨នាក់ ដែលបញ្ចប់បេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង។

លោកអះអាងថា ក្នុងឱកាសនោះដែរ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នឹងបំពាក់គ្រឿងឥស្សរិយយស និងជូនទង់ដល់ កងកម្លាំងរក្សាសន្តិភាពទាំង៣កង។

រហូតមកដល់ពេលនេះ កម្ពុជាមានកងកម្លាំងរក្សាសន្តិភាពជាង ៥ពាន់នាក់ហើយ បានទៅបំពេញបេសកកម្មក្រោមស្លាកអង្គការសហប្រជាជាតិ នៅប្រទេសចំនួន០៨ប្រទេស ក្នុងនោះមាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ សាយប្រ៊ឹស ស៊ីរី ឆាដ ម៉ាលី និងអាហ្រ្វិកកណ្តាលដើម៕