(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងរបាយការណ៍ស្តីពី លទ្ធផលត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៩។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រសួងស្ថាប័នចំនួន២៥ ដែលពាក់ព័ន្ធលើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។
បើតាមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានឱ្យដឹងថា ក្នុងរយៈពេល០៦ខែកន្លងមកនេះ អាជ្ញាធរបានអនុវត្តសកម្មភាពការងារ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងប្រយុទ្ធប្រឆាំងគ្រឿងញៀន។ តាមរយៈការអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាល បានជះឥទ្ធិពលជាវិជ្ជមាន ធ្វើឲ្យបទល្មើសទូទៅមានការថយចុះ ជាពិសេសបទល្មើសព្រហ្មទណ្ឌ មានការថយចុះគួរកត់សម្គាល់ ការបើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ជាទ្រង់ទ្រាយធំ នៅតាមក្លិបកម្សាន្ត និងទីតាំងសប្បាយដ្ឋាន បានផ្តល់នូវបទពិសោធន៍ល្អៗ ក្នុងការបង្រួមទីផ្សារជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅផ្ទៃក្នុងប្រទេស ហើយក៏ជាសក្ខីកម្មឆ្លុះបញ្ចាំង អំពីឆន្ទៈមុតស្រួចរបស់កម្លាំងអនុវត្តច្បាប់ និងការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ប្រជាពលរដ្ឋ។
ឧបនាករដ្ឋមន្ត្រីបានបន្តថា ការអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព បានធ្វើឱ្យមានការថយចុះផងដែរ នូវបញ្ហាក៏ដូចជាបទល្មើសផ្សេងៗ ទៀតនៅតាមមូលដ្ឋាន ដោយរួមទាំងអំពើចោរកម្ម លួច ឆក់ ប្លន់។ល។ ប៉ុន្តែទោះ បីជាយ៉ាងណាក៏ដោយ បើយើងពិនិត្យលើស្ថានភាពទាំង ក្នុងកម្រិតអនុតំបន់ តំបន់ និងអន្តរជាតិ គឺការផលិតការចរាចរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅតែបន្តកើនឡើង ពិសេសគ្រឿងញៀនកញ្ឆា នៅតែបន្តមានការដាំដុះ ផលិត និងប្រើប្រាស់ច្រើនជាងគេ រួមទាំងការចរាចរ និងការប្រើប្រាស់ សារធាតុញៀនប្រភេទថ្មី ដែលប៉ះពាលប្រព័ន្ធសរសៃប្រសាទ បាននិងកំពុងរីករាលដាលគួរឱ្យព្រួយបារម្ភផងដែរ៕