(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ បានប្រកាសថា តាមតួលេខបណ្តោះអាសន្នក្នុងទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនសរុបមានចំនួន១៥,២៨៨,៤៨៩នាក់ ក្នុងនោះមានប្រុស៧,៤១៨,៥៧៧នាក់ និងស្រី៧,៨៦៩,៩១២នាក់។

ការឲ្យដឹងរបស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញផ្សព្វផ្សាយតួលេខបណ្ដោះអាសន្ន ជំរឿនទូទៅប្រជាជនកម្ពុជា ឆ្នាំ២០១៩។ ពិធីនេះត្រូវបានធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ក៏មានការចូលរួមពី ទេសរដ្ឋមន្ដ្រី ឆាយ ថន រដ្ឋមន្ដ្រីក្រសួងផែនការ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា តាមតួលេខបណ្តោះអាសន្ននេះ មន្ដ្រីជំនាញពិនិត្យឃើញថា ចំនួនប្រជាជនកម្រិតថ្នាក់ជាតិ មាននិន្នាការកើនឡើងយឺត ដោយសារអត្រាផ្តល់កំណើត និងអត្រាកំណើនប្រជាជនបានថយចុះ ស្របតាមការព្យាករណ៍ដែលបានរំពឹងទុក។

សម្ដេចបានអះអាងថា អត្រាកំណើនប្រជាជនប្រចាំឆ្នាំ បានថយចុះពី១.៥ភាគរយ ក្នុងចន្លោះឆ្នាំ១៩៩៨ និង២០០៨ មក១.២ភាគរយ ក្នុងចន្លោះឆ្នាំ២០០៨ និង២០១៩។ អត្រាកំណើនប្រចាំឆ្នាំរបស់កម្ពុជា ក្នុងទសវត្សចុងក្រោយនេះ យើងពិនិត្យឃើញថា ខ្ពស់ជាងអត្រាកំណើនមធ្យមនៅអាស៊ីអាគ្នេយ៍ ដែលមានតែ១.០ភាគរយ។

រាជធានី-ខេត្ត ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុត គឺភ្នំពេញមាន២,១២៩,៣៧១នាក់ ហើយខេត្តកែប មានប្រជាជនតិចជាងគេបំផុត ៤១,៧៩៨នាក់ ប៉ុណ្ណោះ។ ដង់ស៊ីតេប្រជាជនស្មើនឹង៨៦នាក់ ក្នុងផ្ទៃដីមួយគីឡូម៉ែត្រការ៉េ នៅឆ្នាំ២០១៩។

អត្រាភេទតាមតួលេខបណ្តោះអាសន្ន នៃជំរឿនប្រជាជន ឆ្នាំ២០១៩ មានបុរស៩៤នាក់ ក្នុងចំណោមស្ត្រី១០០នាក់ ដោយមិនមានការប្រែប្រួលបើប្រៀបធៀបនឹងឆ្នាំ២០០៨៕