(កំពង់ឆ្នាំង)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍១២៧៥គ្រួសារ ដែលមកពីភូមិចំនួន១៣ ឃុំចំនួន១០ នៃស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
ការអញ្ជើញចុះទៅសួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រារព្ធធ្វើឡើនៅ ទីទួលមានសុវត្ថិភាព នៅក្នុងភូមិ សេះស្លាប់ ឃ្មុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្ដកំពង់ឆ្នាំង ។
ក្នុងឱកាសនោះ គ្រួសារនីមួយៗទទួលបានអង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១ (មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១) ទឹកសុទ្ធ១ដប នំបុ័ង១ដើម។
ជាមួយគ្នានេះ គ្រួសារនីមួយៗ នៅទទួលបានក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀលទៀត ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ដោយឡែកសិស្សានុសិស្សចំនួន២១៥នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិក១ដើម និងថវិកា១ម៉ឺនរៀល។
កាកបាទក្រហមកម្ពុជា គឺជាស្ថាប័ននាំមុខគេក្នុងការងារមនុស្សធម៌ និងដើរតួនាទីយ៉ាងសំខាន់បំផុត មិនអាចខ្វះបានឡើយ ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ជួយសម្រាលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះបំផុត ជាពិសេស ដល់ចាស់ជរាឥតទីពឹង កុមារកំព្រា ជនពិការ អ្នកមានជំងឺរុំារៃ ស្ដ្រីមេម៉ាយ និងគ្រួសាររងគ្រោះដោយទឹកជំនន់ ខ្យល់កន្ដ្រាក់ គ្រោះអគ្គិភ័យ និងគ្រោះមហន្ដរាយផ្សេងៗទៀត ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍អ្វីឡើយ គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនចោលនរណាម្នាក់។
លើសពីនោះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានដឹកនាំ និងអនុវត្ដយ៉ាងខ្ជាប់ខ្ជួន ក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ដោយមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជារៀងរាល់ឆ្នាំ៕