(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោក ស៊ើយ កែវ សមាជិកព្រឹទ្ធសភា ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
នាឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្ត្រី បានសំណេះសំណាលជាមួយក្រុមគ្រួសាររបស់លោក ស៊ើយ កែវ ហើយលោកស្រីក៏បានរំលឹកអំពីការគំរូវីរភាព និងការតស៊ូរបស់លោក កាលពីអតីតកាលក្នុងចលនាតស៊ូរំដោះប្រទេស ប្រឆាំងនឹងរបបខ្មែរក្រហម ប៉ុល ពល។
លោកស្រី ម៉ែន សំអន ក៏បានផ្តាំផ្ញើរឲ្យគ្រូពេទ្យឯកទេសទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការថែទាំ និងព្យាបាលជំងឺរបស់លោក ហើយលោកស្រីព្រមទាំងបានជូនពរឲ្យលោកឆាប់បានជាសះស្បើយ និងបានត្រលប់ចូលបម្រើការងារជាធម្មតាវិញ៕