(ភ្នំពេញ)៖ ក្នុងពិធីប្រកាសចូលកាន់តំណែងនៃប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់អនុសាសន៍យ៉ាងម៉ឺងម៉ាត់ចំពោះលោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញថ្មី ត្រូវខិតខំប្រឹងប្រែងអនុវត្តការងារក្នុងតួនាទីរបស់ខ្លួនឱ្យ បានខ្លាំងក្លា ដើម្បីវឌ្ឍនភាពវិស័យទេសចរណ៍ក្នុងរាជធានីភ្នំពេញ។

ពិធីប្រកាសចូលកាន់តំណែងនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។

ដើម្បីបន្តនិរន្តរភាពការងារ ក៏ដូចជាបង្កើនប្រសិទ្ធភាពការងារ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍រាជធានីភ្នំពេញ លោក ថោង ខុន បានផ្តល់អនុសាសន៍ណែនាំដល់ប្រធានមន្ទីរទេសចរណ៍ថ្មី និងមន្រ្តីរាជការក្រោមឱវាទ ត្រូវយកចិត្តទុកដាក់អនុវត្តលើការងារសំខាន់ៗ ក្នុងនោះរួមមាន៖

១៖ ការងារគ្រប់គ្រងមន្រ្តីរាជការ
* ត្រូវធ្វើការបែងចែក និងប្រគល់ភារកិច្ចជូនមន្រ្តីឲ្យបានច្បាស់លាស់
* ត្រូវមានរបៀបរបបប្រជុំ របៀបរបបដឹកនាំ និងត្រួតពិនិត្យការងារច្បាស់លាស់
* ត្រូវពិនិត្យ កែសម្រួល និងបំពេញរចនាសម្ព័ន្ធរបស់មន្ទីរឲ្យបានសមស្របតាមរចនាសម្ព័ន្ធថ្មីរបស់ក្រសួង
* ត្រូវពង្រឹងការគ្រប់គ្រងវត្តមានមន្រ្តី ពង្រឹងវិន័យ និងការចាត់តាំងឲ្យបានល្អ
* ត្រូវមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុងមន្ទីរឲ្យបានល្អ
* ត្រូវចាត់ទុករដ្ឋបាលរាជធានីភ្នំពេញជាម៉ែ និងក្រសួងទេសចរណ៍ជាឪ
* ត្រូវមានកិច្ចសហការល្អជាមួយក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ទីរ អង្គភាព សមត្ថកិច្ចពាក់ព័ន្ធជុំវិញរាជធានី និងផ្នែកឯកជនក្នុងឧស្សាហកម្មទេសចរណ៍។

២៖ ការងារអភិវឌ្ឍន៍ និងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍
* ត្រូវរៀបចំឲ្យមានផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍រាជធានីភ្នំពេញ ហើយផែនការនេះត្រូវដាក់ឆ្លងក្រុមប្រឹក្សា គណៈអភិបាលរាជធានី និងក្រសួងទេសចរណ៍។
* ត្រូវពង្រឹងការងារគ្រប់គ្រង និងអភិវឌ្ឍផលិតផលទេសចរណ៍ ធ្វើយ៉ាងណាឲ្យរមណីយដ្ឋានទេសចរណ៍នានានៅរាជធានីភ្នំពេញ មានការប្រែប្រួល និងមានភាពទាក់ទាញសម្រាប់ទេសចរជាតិ-អន្តរជាតិ។
* ត្រូវខិតខំរៀបចំបង្កើតជាកញ្ចប់ខ្សែទស្សនកិច្ចសម្រាប់រាជធានី ដោយតភ្ជាប់ពីគោលដៅមួយទៅគោលដៅមួយទៀត ឬភ្ជាប់ទៅខេត្តគោលដៅផ្សេងៗទៀត ដោយសហការជាមួយមន្ទីរទេសចរណ៍ខេត្តដែលនៅជុំវិញ។
* ត្រូវពង្រឹងការគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ អោយបានត្រឹមត្រូវតាមស្តង់ដារ។
* ត្រូវរៀបចំបង្កើតឱ្យមានជាព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ និងកីឡា ឲ្យបានច្រើនសម្រាប់រាជធានីភ្នំពេញ។
* ត្រូវជំរុញលើកទឹកចិត្តដល់ផ្នែកឯកជន ចូលរួមវិនិយោគលើផ្នែកទេសចរណ៍ឲ្យបានច្រើន ពិសេសលើការអភិវឌ្ឍរមណីយដ្ឋាន និងកន្លែងកម្សាន្តទេសចរណ៍។
* ត្រូវពង្រឹងការអនុវត្តច្បាប់ស្តីពីទេសចរណ៍ និងបទដ្ឋានគតិយុត្តផ្សេងៗ។
* ត្រូវពង្រឹងការងារគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ពិសេសត្រូវជំរុញឲ្យមូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍នៅគ្រប់ខណ្ឌទាំង១៤ ធ្វើអាជីវកម្មត្រឹមត្រូវតាមច្បាប់ និងមានអាជ្ញាបណ្ណពិតប្រាកដ ព្រមទាំងជំរុញអនុវត្តការផ្តល់អាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធ Online។
* ត្រូវពង្រឹងសមត្ថភាពមន្រ្តីប្រចាំការ នៅការិយាល័យទេសចរណ៍ខណ្ឌទាំង១៤។
* ត្រូវសហការជាមួយការិយាល័យច្រកចេញចូលតែមួយរបស់រាជធានី ក្រុង ខណ្ឌ ដើម្បីពិនិត្យលើស្លាកយីហោអាជីវកម្ម និងមុខម្ហូបភាសាចិនឲ្យបានត្រឹមត្រូវ។
* ត្រូវជរុញការរៀបចំផែទេសចរណ៍ឲ្យបានត្រឹមត្រូវ ហើយត្រូវគ្រប់គ្រងកាណូតទេសចរណ៍ ដោយត្រូវមានឯកសណ្ឋាន និងអាជ្ញាបណ្ណប្រកបអាជីវកម្មត្រឹមត្រូវ។
* ត្រូវជំរុញអនុវត្តស្តង់ដាសេវាកម្មទេសចរណ៍នានា ដែលក្រសួងបានដាក់ចេញ។
* ត្រូវរៀបចំកិច្ចប្រជុំប្រចាំត្រីមាសជាមួយផ្នែកឯកជន និងប្រតិបត្តិករទេសចរណ៍នៅរាជធានីភ្នំពេញ ឲ្យបានជាប់ជាប្រចាំ។
* ត្រូវពង្រឹងការឃោសនាផ្សព្វផ្សាយ និងផលិតឯកសារផ្សព្វផ្សាយទេសចរណ៍របស់រាជធានីតាមគ្រប់រូបភាព និងមធ្យោបាយ ពិសេសតាមប្រព័ន្ធព័ត៌មានវិទ្យា ដោយសហការជាមួយសាលារាជធានីភ្នំពេញ ក្រុមហ៊ុន សមាគម និងផ្នែកឯកជននានា។
* ត្រូវជំរុញរៀបចំមណ្ឌលព័ត៌មានទេសចរណ៍នៅតាមទីប្រជុំជន និងគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីផ្តល់ព័ត៌មានជូនទេសចរជាតិ-អន្តរជាតិ។
* ត្រូវជំរុញរៀបចំឲ្យមានបង្គន់អនាម័យស្អាតនៅតាមទីសាធារណៈ ទីប្រជុំជន។
* ត្រូវជំរុញចលនាប្រលងប្រណាំងទីក្រុងស្អាត សំដៅធ្វើឲ្យជ័យលាភីខណ្ឌទាំង១២ រក្សាខ្សែក្រវាត់ និងឈានទៅបន្ថែមផ្ការំដួលដល់ ៣ទង និង ២ទង។ រីឯខណ្ឌថ្មី២ទៀត គឺខណ្ឌបឹងកេងកង និងខណ្ឌកំបូល ក៏នឹងត្រៀមលក្ខណៈចូលរួមក្នុងចលនាប្រលងប្រណាំងទីក្រុងស្អាតនេះផងដែរ។

* ស្នើរៀបចំឲ្យមានវិថីម្ហូបអាហារ (Food Street) ឲ្យបានច្រើនកន្លែងនៅតាមបណ្តាគោលដៅសំខាន់ៗ ហើយត្រូវលើកទឹកចិត្តដល់ការបង្ហាញម្ហូបអាហារ នំ បង្អែមខ្មែរ និងត្រូវរៀបចំឲ្យស្របនឹងលក្ខខណ្ឌសណ្តាប់ធ្នាប់ អនាម័យ សុវត្ថិភាពចំណីអាហារ អគ្គិសនី ទឹកស្អាត និងចំណត។ ទន្ទឹមនឹងនោះ ត្រូវចូលរួមអនុវត្តនូវប្រព័ន្ធចំណាត់ថ្នាក់សេវាកម្មតូបលក់ម្ហូបអាហារ (Street Food) ឲ្យបានផុលផុស។
* ស្នើរៀបចំឲ្យមានតំបន់ទេសចរថ្មើជើង ផ្លូវជិះកង់ ផ្លូវស៊ីក្លូ ចំណតរថយន្តជាដើម។
* ត្រូវពង្រឹងការងារសន្តិសុខ និងសុវត្ថិភាពទេសចរ ដោយសហការជាមួយអាជ្ញាធរ មូលដ្ឋាន នគរបាលទេសចរណ៍ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ។
* ត្រូវពង្រឹងការបណ្តុះបណ្តាលធនធានមនុស្ស និងផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ ដោយផ្អែកតាមស្តង់ដាសមត្ថភាពរួមអាស៊ាន កម្មវិធីបណ្តុះបណ្តាលខាងក្នុង (In House Training) និងកម្មវិធីហ្វឹកហាត់ការងារ (Apprenticeship Program) សំដៅធ្វើឲ្យអ្នកជំនាញទេសចរណ៍កម្ពុជាទាំងអស់មានសមត្ថភាព និងគុណវឌ្ឍិស្របតាមស្តង់ដាតំបន់ និងអន្តរជាតិ៕