(ភ្នំពេញ)៖ នួន ជា ត្រូវបានប្រជាពលរដ្ឋខ្មែរជាច្រើនដឹងច្បាស់ថា ជាបងធំទី២ បន្ទាប់ពីប៉ុលពត នៃ របបប្រល័យពូជសាសន៍ដ៏ព្រៃផ្សៃបំផុតក្នុងប្រវត្តិសាស្រ្តខ្មែរ។ លោកមានតួនាទីជា អនុលេខាបក្សកុម្មុយនីស្តកម្ពុជា សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ និងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា និងជាប្រធានសភាតំណាងប្រជាជននៃ របបកម្ពុជាប្រជាធិបតេយ្យផងដែរ។

ស្ថិតនៅក្នុងវ័យ៩៣ឆ្នាំ លោកត្រូវបានសាលាក្ដីខ្មែរក្រហមកាត់ទោសឱ្យជាប់ពន្ធនាគាអស់មួយជីវិត លើសំណុំរឿងចំនួន២ផ្សេងគ្នា គឺសំណុំរឿង ០០២/០១ និងសំណុំរឿង០០២/០២។ សំណុំរឿង ០០២/០១ ផ្តោតទៅលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលទាក់ទងនឹងការផ្លាស់ទីលំនៅប្រជាជនដោយបង្ខំចេញ ពីទីក្រុងភ្នំពេញ ក្នុងខែមេសា ឆ្នាំ១៩៧៥ និងការផ្លាស់ទីលំនៅដំណាក់កាលទី២ ក្នុងតំបន់ផ្សេងៗទៀតចាប់ពីខែកញ្ញា ឆ្នាំ១៩៧៥ ហើយនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០១៤ នួន ជា និង ខៀវ សំផន ត្រូវបានអង្គជម្រះសាលាដំបូងរកឃើញថា មានពិរុទ្ធភាពចំពោះបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ហើយត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

ពាក់ព័ន្ធនិងសំណុំរឿង០០២/០២ វិញជាសំណុំរឿងផ្ដោតទៅលើ
១៖ អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម
២៖ ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរំលោភសេពសន្ថវៈ (នៅទូទាំងប្រទេស)
៣៖ ការបោសសម្អាតផ្ទៃក្នុង
៤៖ មន្ទីរសន្តិសុខ ស-២១ មន្ទីរសន្តិសុខក្រាំងតាចាន់ មន្ទីរសន្តិសុខអូរកន្សែង និង មន្ទីរសន្តិសុខភ្នំក្រោល
៥៖ ការដ្ឋានសាងសង់ទំនប់ ១ មករា ការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង និងការដ្ឋានលើកទំនប់ត្រពាំងថ្ម
៦៖ សហករត្រាំកក់
៧៖ ការប្រព្រឹត្តមកលើពុទ្ធសាសនិកជន (កម្រិតត្រឹមតែសហករណ៍ត្រាំកក់)
៨៖ ការកំណត់គោលដៅមកលើអតីតមន្រ្តីរបបសាធារណរដ្ឋខ្មែរ (ការអនុវត្តនេះត្រូវបានកម្រិតត្រឹមតែសហករត្រាំកក់ ការដ្ឋានសាងសង់ទំនប់ ១ មករា មន្ទីរសន្តិសុខ ស-២១ និងមន្ទីរសន្តិសុខក្រាំងតាចាន់ ប៉ុណ្ណោះ)។

បន្ទាប់ពីចំណាយអស់រយៈពេលប្រហែល៤ឆ្នាំ ក្នុងការជំនុំជម្រះ ចំពោះសំណុំរឿង០០២/០២ ដែលសំដៅទៅលើការជំនុំជំម្រះលើដំណាក់កាលទី២ ប្រឆាំងនឹងជនជាប់ចោទ នួន ជា និងខៀវ សំផន អង្គជំនុំជម្រះសាលាដំបូងនៃតុលាការខ្មែរក្រហម បានសម្រេចកំណត់យកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺជាថ្ងៃប្រកាសសាលក្រមសម្រាប់សំណុំរឿង០០២/០២។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាយល់ឃើញថា នួន ជា ត្រូវតែទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំម្នាក់នៅក្នុងរបបខ្មែរក្រហម ដែលបានប្រព្រឹត្តតាមគោលនយោបាយឧក្រិដ្ឋកម្មរបស់បក្សកុម្មុយនីស្ត ដែលស្ថិតនៅក្នុងវិសាលភាពនៃសំណុំរឿង០០២/០២។

នួន ជា ត្រូវបានអង្គជំនុំជម្រះសាលាដំបូងនៃតុលាការខ្មែរក្រហមរកឃើញថា មានពិរុទ្ធចំពោះបទចោទចំនួន៣ ក្នុងចំណោមបទចោទទាំង៨ គឺ ១៖ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ២៖ ការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ និង ៣៖ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ ជាចុងក្រោយ អង្គជំនុំជម្រះសម្រេចផ្តន្ទាទោសជនជាប់ចោទ នួន ជា ដោយសម្រេចរួមបញ្ចូលគ្នានូវការផ្តន្ទាទោសទាំងពីរក្នុងករណី០០២/០១ និង០០២/០២ ដោយដាក់ពន្ធធនាគារអស់មួយជីវិតតែមួយ ក្រោយពិចារណាទៅលើការផ្តន្ទាទោសដាក់គុកអស់មួយជីវិតចំពោះគាត់នៅក្នុងសំណុំរឿង០០២/០១។

ទោះបីជា នួន ជា គឺជាឧក្រិដ្ឋជនក៏ដោយ ប៉ុន្តែគាត់ត្រូវបានមើលថែរក្សាយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យជំនាញរហូតដល់គាត់បានស្លាប់ដោយសារជំងឺ នៅមន្ទីរពេទ្យរុស្ស៊ី នាល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។

មរណភាពរបស់ នួន ជា បង្ហាញពីការសោកស្ដាយយ៉ាងខ្លាំង ប៉ុន្តែការសោកស្ដាយនេះ មិនមែនជាការសោកស្ដាយលើវីរភាពរបស់លោក ក្នុងការដឹកនាំប្រទេសនោះឡើយ ពោលគឺសោកស្ដាយដែលអ្នកទោសប្រវត្តិសាស្រ្តរូបនេះ មិនដែលនិយាយពាក្យ «សុំទោស» ដល់ប្រជាពលរដ្ឋខ្មែរ ដែលរង់ទារុណកម្ម បាត់បង់សាច់ញាតិ និងការរស់នៅយ៉ាងវេទនាជាទីបំផុត នៅក្រោមការដឹកនាំរបស់របប់ប្រល័យពូជសាស្រ្តប៉ុលពត ក្រោមការដឹកនាំរបស់លោក។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា៖ «អ្វីដែលសោកស្ដាយ ខ្ញុំមិនបានស្ដាយជីវិតគាត់ទេសម្រាប់ខ្ញុំផ្ទាល់ តែខ្ញុំស្ដាយគឺអាថ៌កំបាំងនៃរបបខ្មែរក្រហមគាត់មិនបានបង្ហាញថា នរណានៅពីក្រោយរបបខ្មែរក្រហម ហើយមូលហេតុអ្វីបានជាពួកខ្មែរក្រហម អនុវត្តនូវគោលនោបាយ សម្លាប់រង្គាលជាតិឯង។ នេះគឺជារឿងដែរខ្ញុំសោកស្ដាយ ហើយសោកស្ដាយបំផុត គឺគាត់ដឹកនាំប្រទេសដែលធ្វើឱ្យប្រជាជនខ្មែរជិត២លាននាក់បានស្លាប់ ហើយនិងសោកនាដកម្មជាច្រើនទៀត ដែលបានបន្សល់ទុកមកដល់បច្ចុប្បន្ននេះ គាត់មិនដែលនិយាយសូម្បីតែ សុំទោសមួយម៉ាត់ ឬសម្ដែងវិប្បដិសារី ឬសោកស្ដាយចំពោះអ្វីដែលបានកើតឡើងពីអតីតកាលសូម្បីតែមួយម៉ាត់ក៏អត់មានដែរ។ នេះគឺជាអ្វីដែលខ្ញុំបានសោកស្ដាយ ដែលមិនដឹងថា ពួកគាត់គិតរបៀបណា ចំពោះប្រទេសជាតិមួយនេះ ដែលគាត់ធ្វើឱ្យមានហាយនភាព ធ្វើឱ្យមានសោកនាដកម្មរាប់មិនអស់ ហើយអាយុជីវិតរាប់លាននាក់បាន ហើយគាត់សូម្បីតែសុំទោសមួយម៉ាត់ក៏គ្មាន»។

លោក ប៊ូ ម៉េង អតីតអ្នកត្រូវឃុំឃាំងក្នុងគុកព្រៃទួលស្លែង បានលើកឡើងថា បានបង្ហាញពីភាពមិនអស់ចិត្តរបស់លើការស្លាប់របស់លោក នួន ជា យ៉ាងដូច្នេះ៖ «អាហ្នឹងវាត្រូវតែអីចឹង ត្រូវសុំទោស ពីការបាត់បង់ជីវិតរបស់ប្រជាជនយើង តាំងពីពេលនោះមក និងនៅទូទាំងប្រទេសបានន័យថា វាជាង ៣លាននាក់ហើយ។ អីចឹងត្រូវឱ្យគាត់មកសុំទោស មានការសោកស្ដាយនូវជីវិតរបស់គាត់ ដែលគាត់បានបាត់បង់ទៅនោះ ដោយគ្មានការនិយាយពាក្យអ្វីឱ្យច្បាស់លាស់មួយម៉ាត់សោះ អីចឹងខ្ញុំមានការសោកស្ដាយខ្លាំងដែរ»។

លោក ជុំ ម៉ី ប្រធានសមាគមជនរងគ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យ បានបង្ហាញពីអារម្មណ៍របស់លោកថា៖ «ស្លាប់ទៅក៏វាម្យ៉ាងដែរ សម្រាប់កុំឱ្យជាគម្រូក្មេងៗជំនាន់ក្រោយឱ្យគាត់ស្លាប់ទៅ តែរឿងឈ្មោះគាត់មួយមិនអាចបំភ្លេចបានទេ ខ្ញុំចាំមួយជីវិត ព្រោះសម្លាប់ប្រជាជនខ្មែរយើងអស់ជិត២លាននាក់ ខ្ញុំកូន៤ ប្រពន្ធមួយ គេសម្លាប់អស់ បងប្អូន៨នាក់គេសម្លាប់សល់តែ២នាក់ទេ។ អីចឹងសម្រាប់ខ្ញុំគឺថា អ្នកប៉ុន្មាននាក់ហ្នឹងស្លាប់ទៅល្អជាង»។

ជាមួយគ្នានេះ លោក នង ចាន់ផល ជាអតីតកុមារដែលត្រូវបានគេនាំយកមកឃុំខ្លួនជាមួយម្ដាយ និងប្អូនស្រីចុងក្រោយគេ នៅគុកទួលស្លែង បានលើកឡើងថា ការស្លាប់របស់ នួន ជា ក៏ជារឿងល្អមួយដែរ ព្រោះលោកចង់ឱ្យអ្នកដឹកនាំនៅក្នុងរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ ត្រូវជាប់ទោសប្រហារជីវិត។

«ពេលដែលគាត់បានស្លាប់ទៅហ្នឹង យើងអស់ចិត្តហើយ ព្រោះថាអ្វីដែលយើងចង់បានយុត្តិធម៌នោះគឺចង់ឱ្យគាត់ត្រូវជាប់ទោសប្រហារជីវិត ដោយសារគាត់បានធ្វើទារុណកម្ម មកលើប្រជាជនឯង លើសាច់ឈាមឯង ដែលនិយាយភាសាតែមួយ យើងចង់ឃើញយុត្តិធម៌ ដូចអ្វីដែលពុកម្ដាយរបស់យើងរងគ្រោះនៅគុកទួលស្លែងនោះបាទ ហើយខ្ញុំក៏នៅតែបន្តតាមដានសវនាការបន្តទៀត ថាតើនរណាជាអ្នកនៅពីក្រោយការសម្លាប់ប្រជាពលរដ្ឋខ្មែរយ៉ាងរង្គាលនោះបាទ ហើយអ្វីដែលខ្ញុំគ្រប់គ្រាន់នោះគឺ ចង់ឱ្យមេដឹកនាំខ្មែរក្រហមចង្អុលបង្ហាញថា នរណាជាអ្នកនៅពីក្រោយការសម្លាប់យ៉ាងរង្គាលនេះបាទ។ តើមូលហហេតុអ្វីបានជាគេមានឥទ្ធិពលអាចបញ្ជាប្រជាជាតិមួយឱ្យសម្លាប់់ប្រជាជនឯង»។

ជាមួយគ្នានេះ លោក ឆាយ វិសុទ្ធ ដែលជាប្រធានសារមន្ទីរគុកទួលស្លែង ហើយជាអ្នករងគ្រោះបាត់បង់ឪពុកតាំងពីលោកស្ថិតនៅក្នុងផ្ទៃម្ដាយទាំងអាយុ៥ខែ បានបង្ហាញភាពសោកស្ដាយរបស់លោកលើការស្លាប់របស់ មេទី២នៃរបបខ្មែរក្រហមថា៖ «អ្វីដែលខ្ញុំសោកស្ដាយគឺថា ដំណើរការរឿងក្ដីនៅមិនទាន់ចប់សព្វគ្រប់ដើម្បីឱ្យ នួន ជា អស់ចិត្តក្នុងក្របខណ្ឌដែលគាត់ទទួលក៏ដោយមិនទទួលក៏ដោយ។ ដោយអស់ចិត្តត្រង់ថា ដំណើរការនៃការកាត់ទោសយើងចាប់ផ្ដើមតាំងពីដំបូងរហូតដល់ចប់។ នេះហើយដែលខ្ញុំសោកស្ដាយដែលយើងមិនបានបញ្ចប់សព្វគ្រប់នូវនីតិវិធីដែលធ្វើឱ្យបុគ្គល នួន ជា និងមេធាវីរបស់ នួន ជា បានចប់ចុងចប់ដើម»។

ក្រៅអំពីការសោកស្ដាយលើការស្លាប់របស់ លោក នួន ជា លោក នង ចាន់ផល ជាអតីតកុមារមានអាយុ៩ឆ្នាំ ដែលត្រូវបានគេនាំយកមកឃុំខ្លួនជាមួយម្ដាយ និងប្អូនស្រីចុងក្រោយគេ នៅគុកទួលស្លែង ក៏បានបង្ហាញពីការឈឺចាប់របស់ខ្លួន ក្នុងការរងទារុណកម្មពីរបបប្រល័យពូជសាស្រ្ត ប៉ុល ពត ថា៖
«សម័យនោះខ្ញុំបាត់បង់សមាជិកគ្រួសា៣នាក់ ក្នុងនោះមានឪពុកខ្ញុំ ម្ដាយខ្ញុំ និងបងស្រីខ្ញុំ។ បាត់បង់ដោយសារសម័យខ្មែរក្រហមគេចាប់ឪពុកខ្ញុំមកទួលស្លែងហ្នឹង ហើយគេបានយកគាត់ទៅសម្លាប់នៅជើងឯក ហើយពូ និងបងស្រីខ្ញុំបាត់ខ្លួនសម័យ ប៉ុល ពត ដែលនោះគឺនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ខ្ញុំនៅក្មេង ខ្ញុំមិនដឹងថាកំហុសគាត់ខុសអីទេបានជាគេចាប់គាត់ គ្រាន់តែដឹងថាជំនាន់នោះគាត់កាត់កាប់រោងជាងម៉ាស៊ីនអាឈើធ្វើថ្នល់រទេះភ្លើង ហើយ៨ថ្ងៃក្រោយមកពីចាប់ឪពុកខ្ញុំរួចមក គេបានទៅហៅខ្ញុំទៀត និងគ្រូសារទៀតថា ទៅជួបឪពុកនៅភ្នំពេញ។
ពេលនោះយើងគិតថាឪពុកយើងមានកិត្តិយសណាស់ដែលបានប្រើគេឱ្យមកយកកូន និងប្រពន្ធទៅលេងភ្នំពេញ គិតទៅពិតជាអស្ចារ្យមែន។ ប៉ុន្តែអ្វីដែលយើងបានជួបប្រទះ គឺថាគេបានដឹកយើងចូលគុកទួលស្លែងនេះសោះ។ ខ្ញុំមានការភ្ជាក់ផ្អើល និងរន្ធត់ក្រោយឃើញគេធ្វើទារុណកម្មម្ដាយហើយម្ដាយមានឈាមហូរពីតាមមាត់ និងតាមច្រមុះ ដោយសារគេបានធាក់គាត់ពីក្រោយខ្នង ហើយដួលទៅលើតុអ្នកសួរចម្លើយ ហើយធ្លាក់ទៅលើកម្រាលឥដ្ឋ ពេលនោះខ្ញុំបានរត់ទៅជួយម្ដាយ ពួកគេក៏បានជញ្រ្ជំដៃខ្ញុំទាំងសងខាងចុះឡើង ហើយស្ពឹកមកដល់ឥឡូវ។ ហើយនៅថ្ងៃចុងក្រោយខ្ញុំបានឃើញម្ដាយរបស់ខ្ញុំសម្លឹងមើលខ្ញុំតាមបង្អួច ហើយពេលនោះគាត់បានយំ ហើយគាត់មិនហ៊ាននិយាយអ្វីទេ។
ទាល់តែមកដល់ពេលបច្ចុប្បន្ននេះ ទើបខ្ញុំយល់ថាគាត់ព្រួយបារម្ភចំពោះកូនៗកម្រិតណា នៅពេលដែលខ្ញុំបានក្លាយជាឪពុកម្ដាយរបស់គេ។
ហើយនោះក៏ជាលើកចុងក្រោយដែលខ្ញុំបានឃើញម្ដាយរបស់ខ្ញុំសម្លឹងមកមើលខ្ញុំ។ រហូតដល់មានសាក្ដីខ្មែរក្រហមពួកយើងបានរកភស្តុតាង ទើបខ្ញុំឃើញប្រវត្តិរូបរបស់ឪពុកម្ដាយ ហើយបានបង្ហាញទៅឌុច ហើយឌុចក៏បានទទួលស្គាល់ថា គ្រួសារខ្ញុំគឺជាគ្រួសារចុងក្រោយគេដែលត្រូវបញ្ជូនមកគុកទួលស្លែងគឺមានរយៈពេល១០ថ្ងៃគត់ គឺថ្ងៃ១ចូល ថ្ងៃ៧បែក ហើយថ្ងៃ១០កងទ័ពវៀតណាមគេរកឃើញយើង និងកងទ័ព្ធរណសិរ្ស ដែលដឹកនាំដោយ សម្ដេចនៅពេលបច្ចុប្បន្ននេះ ដែលគេរកឃើញខ្ញុំនៅខាងក្រោយរោងបាយ ក្នុងគំនរខោអាវអ្នកទោស ដែលមានក្លិនអាសោចស្អុយណាស់ តែកន្លែងស្អុយនេះហើយ ដែលអាចឱ្យពួកខ្ញុំបានរួចខ្លួន ប្រសិនជាមិនមានគំនរខោអាវអ្នកទោស ឬមិនមានកងទ័ពរណសិរ្សយើងចូលសង្រ្គោះទេ ច្បាស់ជាពួកយើងគាត់ដោយអត់អាហារ និងមានមូលខាំរាគរូស ដោយសារតែពួកយើងខូបបាយជ្រូកដែលនៅសេសសល់ក្នុងស្នូកជ្រូក»។

ពិតណាស់បើទោះជារបបដ៏ឃោរឃៅមួយនេះ បានរលត់បាត់ទៅហើយក្ដី តែសវនាការនៃសាលាក្ដីខ្មែរក្រហម នៅតែកំពុងបន្តដំណើរការដដែល។ ប៉ុន្តែភាពឈឺចាប់ និងទុក្ខសោករបស់ជនរងគ្រោះ នៅតែបន្តដិតជាប់អារម្មណ៍របស់ពលរដ្ឋខ្មែរជានិច្ច។ ហេតុដូច្នេះហើយ ទើបប្រជាពលរដ្ឋដែលជាអ្នកមានបទពិសោធន៍រងទុក្ខវេទនា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ បានជំរុញឱ្យពលរដ្ឋខ្មែរស្រលាញ់ និងថែរក្សាសន្តិភាព ព្រោះប្រសិនជាគ្មានសន្តិភាព ប្រទេសជាតិក៏មិនមានការរីកចម្រើននោះដែរ៕