(ភ្នំពេញ)៖ អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ (CNRP) លោក អ៊ូ ច័ន្ទរ័ត្ន បានលើកឡើងថា បក្សអាចបាត់បង់បាន តែជាតិ និងទឹកដីមិនអាចបាត់បង់បាននោះទេ។ លោកបានបន្ថែមទៀតថា បក្សបង្កើតថ្មីថ្ងៃណា ក៏បានឱ្យតែនៅមានជាតិ។
សារដែលហាក់បង្ហាញពីចេតនារម្មណ៍ថ្មីលើវិថីនយោបាយរបស់លោក អ៊ូ ច័ន្ទរ័ត្ន បាននាំឱ្យមានការភ្ញាក់ផ្អើលខ្លាំងពីអ្នកតាមដានស្ថានការណ៍នយោបាយ។ សាររបស់លោក អ៊ូ ច័ន្ទរ័ត្ន បង្ហោះលើទំព័រ Facebook នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ មានខ្លឹមសារដូច្នេះថា «បក្សអាចបាត់បង់បាន តែជាតិ និងទឹកដី មិនអាចបាត់បង់បានទេ បក្សបង្កើតថ្មីថ្ងៃណាក៏បានឱ្យតែនៅមានជាតិ តែជាតិមិនអាចបង្កើតបានទេ ពេលដែលបាត់បង់ទៅហើយ»។
លោក អ៊ូ ច័ន្ទរ័ត្ន ជាបុគ្គលមួយរូបក្នុងចំណោមបុគ្គលទាំង១១៨រូបរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយ។ ប៉ុន្តែកាលពីប៉ុន្មានខែមុននេះ លោកក៏បានសុំព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
ក្រោយការសុំសិទ្ធិធ្វើនយោបាយជាថ្មីនេះ លោក អ៊ូ ច័ន្ទរ័ត្ន បានរងការចោទប្រកាន់ និងវាយប្រហារយ៉ាងខ្លាំងពីក្រុមដែលធ្លាប់រួមដំបូលបក្សជាមួយគ្នា។
អតីតមេដឹកនាំ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិ ពួកគេហាក់នៅបង្ហាញក្តីសង្ឃឹមថា អតីតគណបក្សសង្គ្រោះជាតិអាចនឹងមានដង្ហើមឡើងវិញ តាមរយៈចលនាទាមទាររបស់ពួកគេ។ តែសាររបស់លោក អ៊ូ ច័ន្ទរ័ត្ន ហាក់បានបង្ហាញថា លោកលែងមានក្តីរំពឹងក្នុងការប្រោសអតីតគណបក្សដែលផុតដង្ហើម ដោយអំណាចសាលក្រមរបស់តុលាការកំពូលកាលពីឆ្នាំ២០១៧ឱ្យរស់ឡើងវិញ ដូចអតីតមេដឹកនាំ និងសមាជិកដទៃទៀតនោះឡើយ។
តាមរយៈសាររបស់លោក អ៊ូ ច័ន្ទរ័ត្ន នេះដែរ ត្រូវបានអ្នកវិភាគនិងជាអ្នកតាមដានស្ថានការណ៍នយោបាយ យល់ឃើញថា សារនេះបានដៀមដាមទៅដល់ទណ្ឌិត សម រង្ស៉ី ដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់ ហើយបាននឹងកំពុងប្រកាសស្រែកឲ្យអន្តរជាតិ បំផ្លាញសេដ្ឋកិច្ចកម្ពុជា តាមរយៈដាក់ទណ្ឌកម្ម និងអំពាវនាវឲ្យអឺរ៉ុប កាត់ផ្តាច់ EBA ដែលទង្វើអាក្រក់នេះនឹងធ្វើបាបទៅលើកម្មករ-កម្មការិនី ធ្វើការតាមរោងចក្រ ដែលកំពុងទទួលបាននូវប្រាក់បៀរវត្សរ៍សមរម្យ និងរស់នៅក្នុងសន្តិភាពដែលកម្ពុជាកំពុងមាន៕