(ភ្នំពេញ)៖ ផ្សារមូលបត្រកម្ពុជា បានបង្ហាញពីសមិទ្ធិផលនានាដែលខ្លួន បានជួយជ្រោមជ្រែងដល់សហគ្រាសធុនតូច-មធ្យម និងអាជីវកម្មបង្កើតថ្មី ក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ច។ ក្នុងនោះផ្សារមូលបត្រកម្ពុជា (ផ.ម.ក) បានផ្តួចផ្តើមកម្មវិធីមួយចំនួន ដើម្បីគាំទ្រជ្រោមជ្រែង ដល់សហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មបង្កើតថ្មី។
កន្លងមក ផ.ម.ក បានបង្កើតទីផ្សារសំរាប់សហគ្រាសធុនតូច និងមធ្យមមានឈ្មោះថា ទីផ្សារកំណីនដែលអនុញ្ញាតឲ្យសហគ្រាសធុនតូច និងមធ្យោមកៀរគរមូលធនពីទីផ្សារមូលបត្រ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ផ.ម.ក ក៏បានរៀបចំវេទិកាពិភាក្សាមួយ សំរាប់សហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មបង្កើតថ្មីជួបជាមួយអាជីវកម្ម សក្តានុពលមកពីគ្រប់វិស័យ ព្រមទាំងបានផ្តល់ប្រឹក្សា លើលទ្ធភាពចុះបញ្ជីលក់ភាគហ៊ុន និងបានសហការជាមួយនិយ័តករ និងស្ថាប័នមកពីវិស័យឯកជន ដើម្បីផ្តល់ការជួយជ្រោមជ្រែងសហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មបង្កើតថ្មី។
ក្នុងនោះ ផ.ម.ក បានរៀបចំកម្មវិធីដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ ពីសាធារណៈជនគឺកម្មវិធី «The Executive Talk» កម្មវិធីត្រូវបានផ្តួចផ្តើមឡើងដំបូងនៅឆ្នាំ២០១៧ មានគោលបំណងផ្តល់ជូនសហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មបង្កើតថ្មីនូវឱកាស ដើម្បីសិក្សាចែករំលែកគំរូអាជីវកម្ម និងបទពិសោធន៍របស់ពួកគេ ព្រមទាំងជួបជាមួយ វិនិយោគិនសក្តានុពល និងពិភាក្សាអំពីឱកាស និងឧបសគ្គផ្សេងៗ។
ផ.ម.ក បានបញ្ជាក់ថា ចាប់តាំងពីការរៀបចំលើកដំបូងនៅឆ្នាំ២០១៧ កម្មវិធី The Executive Talk បានរៀបចំឡើងចំនួន១០លើកមកហើយ ដោយមានអ្នកចូលរួមសរុប លើសពីមួយពាន់នាក់ និងវាគ្មិនមកពីក្រុមហ៊ុន និងគម្រោងនានាសរុបជិត៣០នាក់ សុទ្ធសឹងតែជាថ្នាក់ដឹកនាំជាន់ខ្ពស់ ម្ចាស់អាជីវកម្មសក្តានុពល សហគ្រិនវ័យក្មេង និងអ្នកមានគំនិតបង្កើតថ្មីមកពីគ្រប់វិស័យ។
ជាក់ស្តែងថ្ងៃនេះ ផ.ម.ក បានរៀបចំកម្មវិធី The Executive Talk លើកទី៥ក្នុងឆ្នាំ២០១៩ មានការចូលរួមជាវាគ្មិនអ្នកមានគំនិតច្នៃប្រឌិតបែប បច្ចេកវិទ្យាវ័យក្មេង មកពីក្រុមហ៊ុន Demine Robotics, Smart Farm Assistance និង Khmer AI Humanoid។
កម្មវិធី The Executive Talk បានផ្តល់ការណែនាំអំពីយុទ្ធសាស្ត្រ ក្នុងការប្រមូលទុនសំរាប់ សហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មបង្កើតថ្មីពិសេសតាមរយៈផ្សារមូលបត្រកម្ពុជា ហើយស្ថាប័នដែលបានចូលរួមទាំងអស់ សុទ្ធតែបានបង្ហាញពីចំណាប់អារម្មណ៍ គួរឲ្យកត់សម្គាល់ទៅលើទីផ្សារមូលធនកម្ពុជា។
កម្មវិធី The Executive Talk នឹងបន្តចែករំលែកគំនិតអាជីវកម្មច្នៃប្រឌិតថ្មីៗ ពិភាក្សាពីឧបសគ្គផ្សេងៗ នៃអាជីវកម្មព្រមទាំងផ្សារភ្ចាប់ម្ចាស់អាជីវកម្ម ទៅកាន់វិនិយោគិនសក្តានុពល ទាំងវិនិយោគិនឯកតបុគ្គលមូលនិធិវិនិយោគ មូលនិធិឯកជនផ្សេងៗ និងចូលរួមចំណែកអភិវឌ្ឍទីផ្សារមូលធននៅកម្ពុជា។
កិច្ចខិតខំប្រឹងមួយផ្សេងទៀត ក្នុងការជួយជ្រោមជ្រែងសហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មបង្កើតថ្មីគឺការបង្កើតកម្មវិធី «Listing Incubator» ដែលកម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើង ក្នុងគោលបំណងកាត់បន្ថយចំណាយពេលវេលាដល់ក្រុមហ៊ុន ដែលមានបំណងចង់ចុះបញ្ជី ប្រមូលទុនពីផ្សារមូលបត្រកម្ពុជា តាមរយៈការផ្តល់ប្រឹក្សាដោយឥតគិតថ្លៃ។
កម្មវិធីនេះបានផ្តល់នូវចំណេះដឹងអំពី ទីផ្សារមូលធននៅកម្ពុជា និងបានជួយជ្រោមជ្រែង ដល់ក្រុមហ៊ុន ជាពិសេសសហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មបង្កើតថ្មី ដែលការទទួលបានធនធានទាំងនេះ អាចនៅមានកម្រិត។
ក្រៅពីកម្មវិធីទាំងពីរខាងលើ ផ.ម.ក ក៏បានសហការជាមួយស្ថាប័នពាក់ព័ន្ធ មកពីវិស័យសាធារណៈ និងវិស័យឯកជនក្នុងការរៀបចំកម្មវិធី និងសិក្ខាសាលាផ្សេងៗ ដើម្បីផ្តល់ការជួយជ្រោមជ្រែង សហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មបង្កើតថ្មីផងដែរ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងខាងលើ បូករួមជាមួយទីផ្សារមូលធននៅកម្ពុជា កំពុងមានការរីកលូតលាស់ ផ.ម.ក. សង្ឃឹមថាការណ៍នេះនឹងចូលរួមចំណែក ដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
ផ.ម.ក. មិនត្រឹមតែបន្តខិតខំប្រឹងប្រែង ក្នុងការជួយជ្រោមជ្រែងសហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មបង្កើតថ្មី និងផ្តល់ឱកាសឲ្យពួកគេប្រមូលទុនប៉ុណ្ណោះទេ ថែមទាំងប្តេជ្ញាជូននូវគម្រោង និងកិច្ចផ្តួចផ្តើមថ្មីៗដែលមានប្រសិទ្ធភាពផ្សេងៗទៀត៕