(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ បានបន្តចាត់វិធានការក្ដៅ ក្នុងការបង្ក្រាបល្បែងភ្នាល់ចាក់បាល់ តាមអ៉ីនធឺណេតវិញម្ដង ដោយឃាត់ខ្លួនមនុស្ស៤នាក់ បន្ថែមដើម្បីអប់រំ និងដកហូតវត្ថុតាងពាក់ព័ន្ធយ៉ាងច្រើន ក្រោយម្សិលមិញចុះបង្ក្រាបទីតាំងបើកហ្គេមខុសច្បាប់។

ការបង្ក្រាបល្បែងភ្នាល់ចាក់បាល់តាមអ៉ីនធឺណេតនេះ ធ្វើឡើងនៅចំណុចផ្ទះលេខ៨២J ផ្លូវកាំកូស៉ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ស្ថិតក្រោមការបញ្ជាផ្ទាល់ពីលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដឹកនាំផ្ទាល់ដោយលោក លីន ញ៉ក់ អភិបាលរងខណ្ឌ និងមានការចូលរួមពីលោក អ៉ីវ ឈុនផេង អធិការរងខណ្ឌ តំណាងលោក គល់ យី អធិការខណ្ឌ លោកនាយប៉ុស្ដិ៍ទួលសង្កែទី២ អាជ្ញាធរភូមិ-សង្កាត់ កម្លាំងនគរបាល ប្រជាការពារ ជាមួយមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ក្រោមការសម្របសម្រួលពី លោក សេង ហៀង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

បើតាមការអះអាងពីលោក ជា ពិសី ក្នុងប្រតិបត្តិការបង្ក្រាបល្បែងភ្នាល់ចាក់បាល់តាមអ៉ីនធឺណេតនេះ ក្រៅពីឃាត់ខ្លួនអ្នកលេងម្នាក់ និងបុគ្គលិក៣នាក់ផ្សេងទៀត មកធ្វើការអប់រំនៅអធិការដ្ឋានខណ្ឌ ដោយសម្រេចបិទទ្វារទីតាំងចោលទាំងស្រុង។ កម្លាំងអាជ្ញាធរមានសមត្ថកិច្ច បានដកហូតវត្ថុតាងសំខាន់ៗ ជាច្រើនរួមមាន៖ ទូរដែក០១គ្រឿង, កុំព្យូទ័រ (ម៉ូនីធើ២០គ្រឿង, ស៉ីពីយូ១៨គ្រឿង) ម៉ាស៉ីនព្រីនធើ ០៣គ្រឿង, ទូរទឹកកក០១គ្រឿង ម៉ាស៉ីនទឹកក្ដៅទឹកត្រជាក់០១គ្រឿង, ទូរទស្សន៍០៦គ្រឿង, កង្ហារ០៥គ្រឿង, បុងបាល់ជាច្រើន និងថវិកា ចំនួន៣៩១ដុល្លាសហរដ្ឋអាមេរិក និង២,៣៧៨,៥០០រៀល។

សូមជម្រាបថា អាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សីកែវ កាលពីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ ក៏បានចុះបង្ក្រាបទីតាំងបើកហ្គេមបាញ់ត្រី និងហ្គេមពុងបៀ ខុសច្បាប់មួយកន្លែងផងដែរ ស្ថិតនៅក្រុមទី១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ដោយដកហូតបានទូរហ្គេមបាញ់ត្រី និងទូរហ្គេមពុងបៀ ចំនួន០៨គ្រឿង និងឃាត់ខ្លួនមនុស្ស៤នាក់ ដើម្បីយកមកធ្វើការអប់រំ។

ជាមួយវិធានការក្ដៅរបស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវនេះ ប្រជាពលរដ្ឋបានសម្ដែងនូវការអបអរសាទរយ៉ាងខ្លាំង និងសំណូមពរឲ្យលោក ជា ពិសី អភិបាលខណ្ឌ ជួយចាត់វិធានការបង្ក្រាបទីតាំងហ្គេមបាញ់ត្រី១កន្លែងទៀត កំពុងបើកដំណើរការទទួលភ្ញៀវដោយមានម្ចាស់ឈ្មោះ យាយម៉ៅ។

ទីតាំងនេះ ស្ថិតនៅក្បែរផ្លូវជាតិលេខ៥ គឺនៅទល់មុខស្ថានីយ៍ទូរទស្ស CTN មានផ្លូវបេតុងច្រកចូលផ្សារគីឡូម៉ែត្រលេខ៦ (ហៅផ្សារឆេកូ) ដែលចូលទៅប្រហែល២០ ឬ៣០ម៉ែត្រប៉ុណ្ណោះ និងឃើញនៅខាងស្ដាំដៃ មានច្រកឌឿងហែមមួយ និងមានសញ្ញាសម្គាល់បាញ់ថ្នាំពណ៌ក្រហមលេខ៦៨ ជាផ្លូវរួមតូចចង្អៀត តែបើចូលទៅប្រហែល២០ម៉ែត្រតាមច្រកនេះ និងឃើញនៅខាងស្ដាំដៃ ពោលស្ថិតនៅខាងកើតជាប់ផ្សារគីឡូម៉ែត្រលេខ៦តែម្ដង និងមានបំពាក់ទៅដោយកាមេរ៉ាសុវត្ថិភាពនៅផ្លូវ បើទោះបីជាបិទទ្វារ ប៉ុន្តែមានភ្ញៀវកំពុងលេងយ៉ាងស្ងាត់ស្ងៀមនៅខាងក្នុង ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦៕