(កណ្តាល)៖ គ្រោះថ្នាក់ចរាចរណ៍ គឺជាឧបសគ្គដ៏ធំ ដែលបំផ្លិចបំផ្លាញថវិកាជាតិ ជាង៣០០លានដុល្លារក្នុង១ឆ្នាំៗ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ក្នុងឱកាសដែលលោកអញ្ជើញ ចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងផ្តល់មួកសុវត្ថិភាព ដល់អ្នកបើកបរម៉ូតូ នាព្រឹកថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៩។
លោក ម៉ឹង យូឡេង បានបន្តថា ឆ្នាំ២០១៨ កន្លងទៅនេះ អ្នកដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ទូទាំង កម្ពុជា មានចំនួន ១៧៦១នាក់ គិតជាមធ្យម គឺ៥នាក់ ក្នុងមួយថ្ងៃ ដែលបង្កឡើងដោយការទ្វេសប្រហែស ក្នុងការបញ្ជាយានជំនិះ ធ្វើចរាចរណ៍លើផ្លូវសាធារណៈ ផ្លូវកាន់តែស្អាត គ្រោះថ្នាក់កាន់តែមានការកើនឡើង។
លោកថា «ដោយឡែក នៅក្នុងខេត្តកណ្តាលយើងនេះ គ្រោះថ្នាក់ចរាចរណ៍ កាលពីខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ ឃើញថា មានការកើនឡើងចំនួន៥លើក ស្លាប់មនុស្សចំនួន១២នាក់ ក្នុងនោះស្រី៣នាក់ របួសធ្ងន់ និងរបួសស្រាលជាច្រើននាក់»។
លោកបន្ដទៀតថា ជនរងគ្រោះភាគច្រើន ជាអ្នកបើកបរម៉ូតូ ដែលមិនបានយល់ដឹងច្បាស់លាស់អំពីការបញ្ជាយាន្តជំនិះ មិនបានស្គាល់អំពីស្លាកសញ្ញាចរាចរណ៍ដែលបានដាក់នៅតាមដងផ្លូវ បើកបរទ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ពិសេសមិនពាក់មួកការពារសុវត្ថិភាពតែម្តង។
លោកថា ដូច្នេះហើយថ្ងៃនេះ ដោយបានការក្រើនរំលឹកពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោកបណ្ឌិត ម៉ៅ គិរុណ អភិបាល ខេត្តកណ្តាល លោកបានរៀបចំកម្មវិធី ក្នុងការបណ្តុះបណ្តាលផ្សព្វផ្សាយ អប់រំច្បាប់ចរាចរណ៍នេះ បន្តទៅទៀត ដើម្បីប្រជាពលរដ្ឋយើងចូលរួមគោរព និងស្វែងយល់អំពីច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។
លោកបន្ដទៀតថា ក្នុងថ្ងៃនេះ យើងបានសាកល្បងមនុស្ស ដែលទទួលបានមួកសវុត្ថិភាពចំនួន១០នាក់ ប៉ុន្តែអ្នកចេះច្បាប់ចរាចរណ៍ មានតែម្នាក់ប៉ុណ្ណោះ។ ដូច្នេះការយល់ដឹងរបស់បងប្អូន ប្រជាពលរដ្ឋយើងដែលបញ្ជាយាន្តជំនិះ មានប្រមាណ៩០ភាគរយ ដែលមិនយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក។
ក្នុងនាមលោកជាតំណាង លោកទេសរដ្ឋមន្ត្រី ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងលោកអភិបាលខេត្តកណ្តាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មុននឹងទិញម៉ូតូឲ្យកូនចៅជិះ ត្រូវឲ្យកូនចៅ យល់ដឹងអំពីការប្រើប្រាស់យាន្តជំនិះនោះសិន ហើយត្រូវឲ្យយល់ដឹងអំពីស្លាកសញ្ញាចរាចរណ៍ នៅតាមដងផ្លូវទាំងអស់ បើមិនទាន់ចេះទេ សូមកុំជិះចៀសវាងកើតមានគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដ៏ទៃ។
លោកបានបញ្ជាក់ថា ចំពោះអ្នកលក់យាន្តជំនិះទាំងអស់ មុននឹងលក់ឲ្យអតិថិជន សូមមេត្តាធ្វើតេសពួកគាត់ ឲ្យស្គាល់អំពីស្លាកសញ្ញាចរាចរណ៍ នៅលើផ្លូវថ្នល់ឲ្យអស់សិន ចាំប្រគល់យាន្តជំនិះនោះឲ្យ។
ជាមួយគ្នានោះដែរ លោក ម៉ឹង យូឡេង ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលប្រកបរបរដឹកជញ្ជូនដី, ខ្សាច់ និងសម្ភារការដ្ឋានសំណង់ទាំងអស់ ដែលប្រឡាក់ដី សូមមេត្តាលាងសម្អាតរថយន្ត ឲ្យបានស្អាតមុន នឹងធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវជាតិ សូមដឹកកុំឲ្យលើសទម្ងន់ កុំឲ្យជ្រុះមកលើផ្លូវថ្នល់បង្កផលប៉ះពាល់ ដល់អ្នកដំណើរផ្សេងទៀត។
លោកថា កន្លងមកលោកបានសហការគ្នា ជាមួយនាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត ចាប់ឃាត់រថយន្តដែលបើកបរមិនគោរពច្បាប់ និងខុសបទដ្ឋានបច្ចេកទេស បានជាច្រើនគ្រឿងដែរ ហើយយើងនឹងបន្តរឹតបន្តឹងបន្ថែមទៀត ដើម្បីឲ្យពួកគាត់ចូលរួមគោរពច្បាប់ទាំងអស់គ្នា៕