(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កំពុងតែស្វែងរកនាឡិកាម៉ាក TITONI មួយគ្រឿងពីអ្នកដែលសម្តេចបានប្រគល់ជូននាដើមឆ្នាំ១៩៧០ ដោយមិនដឹងថា តើនាឡិកានេះនៅទីណា?

នាឡិកាផលិតនៅប្រទេស្វីសម៉ាក TITONI ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រាប់ថា សម្តេចបានទិញក្នុងតម្លៃ៧៨០០រៀល ស្មើនឹងជាង២តម្លឹងមាស កាលពីដើមឆ្នាំ១៩៧០។ នាឡិកាមួយគ្រឿងនេះ ត្រូវបានគេឃើញសម្តេចពាក់ក្នុងសម័យតស៊ូនាដើមឆ្នាំ១៩៧០ ក្នុងរូបថតមួយប៉ុស្តិ៍ដែលថតជាមួយលោក សុក សារឿន ដែលជាអតីតមេបញ្ជាការរបស់សម្តេចនាសម័យនោះ និងពេលខ្លះសម្តេចថតម្នាក់ឯង និងតែងតែយកមកបង្ហោះលើ Facebook ជាពិសេសភ្ជាប់ជាមួយសាច់រឿងដែលសម្តេចរម្លឹកពីប្រវត្តិតស៊ូ។

តាមរយៈ Comments ឆ្លើយឆ្លងមួយនៅក្នុង Facebook របស់សម្តេចដែលបានបង្ហោះលើសាច់រឿងតស៊ូ និងមានប្រវត្តិជូរចត់ជាមួយលោក សុក សារឿន នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះ មានម្ចាស់ Account Facebook ម្នាក់ឈ្មោះ «MiNi Sota» បាន Comment សួរទៅសម្តេចតេជោថា «នាឡិកាសម្តេចពាក់ទៅណាហើយ សម្តេច»។ ជាការឆ្លើយត្រឡប់ទៅវិញ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កំពុងតាមស្វែងរកមិនដឹងថា ខ្ញុំឲ្យទៅអ្នកណា? ម៉ាក titoni ទិញដើមឆ្នាំ១៩៧០ តម្លៃ៧៨០០រៀល លុយសម័យនោះគិតជាមាសជាង២ដំឡឹង»

ក្រុមហ៊ុន Titoni Ltd គឺជាក្រុមហ៊ុនផលិតនាឡិកាមួយរបស់ស្វីស ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩១៩ ដោយលោក Fritz Schluep នៅក្នុងទីក្រុង Grenchen ទឹកដីដែលពិភពលោកទទួលស្គាល់ថា ជាជង្រុកនៃម៉ាកនាឡិកាល្បីៗ។ ក្រុមហ៊ុនស្វីសមួយនេះល្បីល្បាញខាងផលិតនាឡិកា ដែលមានតម្លៃកម្រិតមធ្យម ហើយស្ទើរតែគ្រប់គ្រឿងរបស់វា សូម្បីតែទ្រនិចនាឡិកា គឺត្រូវបានផ្គុំឡើងដោយដៃមនុស្សសុទ្ធសាធ។

នាឡិកាយីហោ Titoni ត្រូវបានមហាជនស្វីសទទួលស្គាល់ថា ជា Brand ដែលជំនាញផ្នែកផលិតនាឡិកា ប្រកបដោយគុណភាពជាចម្បង ដែលសាកសមនឹងតម្លៃរបស់វា។ អ្វីដែលពិសេសនោះគឺ Titoni មានឈ្មោះបោះសំឡេងយ៉ាងរឹងមាំនៅទ្វីបអាស៊ីអស់ជាច្រើនឆ្នាំ ឧទាហរណ៍វាបានបង្ហាញវត្តមាននៅចិន ជាងកន្លះសតវត្សរ៍មកហើយ៕