(រតនគិរី)៖ អនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបទបង្ក្រាបបទល្មើសធនធានធម្មជាតិ កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការជាមួយមន្រ្តីបរិស្ថាន មន្រ្តីរដ្ឋបាលព្រៃឈើ និងកម្លាំងនគរបាលបានដុតបំផ្លាញចោលមធ្យោបាយដឹកជញ្ជូនឈើ និងប្រគល់ឈើឲ្យរដ្ឋបាលព្រៃឈើជាបន្តបន្ទាប់។
ជាក់ស្តែងនៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះ ម៉ូតូដឹកឈើចំនួន ១១គ្រឿង ត្រូវបានដុតបំផ្លាញចោលនៅស្រុកអូរយ៉ាដាវ និងឈើប្រភេទលេខ១ផ្ចឹកចំនួន ៧ដុំ ស្មើនឹង ១,៦៤៦ម៉ែត្រគូប ត្រូវបានប្រគល់ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើផ្នែកបរកែវចាត់ចែងបន្តតាមច្បាប់។
លោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា ម៉ូតូមធ្យោបាយដឹកឈើចំនួន ១១គ្រឿងនេះ គឺ៣គ្រឿងទទួលពីកម្លាំងនគរបាលវរការពារព្រំដែនលេខ៦២៣ ដែលពួកគាត់បង្ក្រាបបានកាលពីលើកមុន ដូច្នេះដុតបំផ្លាញចោលសរុប ១១គ្រឿង។
លោកវរសេនីយ៍ត្រី សុខ មីន បានប្រាប់បន្តទៀតថា ដោយទទួលបទបញ្ជាពីគណៈបញ្ជាការឯកភាពខេត្ត និងដឹកនាំកម្លាំងផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី កម្លាំងរបស់លោកត្រៀមសហការជាមួយកម្លាំងសមត្ថកិច្ចផ្សេងទៀត ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ពោលគឺធ្វើការបង្ក្រាបជាបន្តបន្ទាប់ ដោយមិនយោគយល់អ្នកតូចអ្នកធំ អ្នកក្រអ្នកមាននោះទេពោល គឺអនុវត្តន៍ច្បាប់៕