(កំពង់ធំ)៖ ក្នុងគោលបំណងលើកកម្ពស់ការចូលរួមការងារសង្គម ការស្រឡាញ់បរិស្ថាន និងអប់រំដល់ពុទ្ធបរិស័ទ្ធនោះ ព្រះសង្ឃនៅក្នុងខេត្តកំពង់ធំ បានដឹកនាំពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រមាណ១២៣អង្គ/នាក់ ចូលរួមដាំកូនឈើចំនួន១៥០ដើម ស្ថិតនៅក្នុងអាស្រមភ្នំជី ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
យុទ្ធនាការដាំកូនឈើនេះ បានធ្វើឡើងនាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ហើយកូនឈើប្រណិតៗ ដែលយកមកដាំនាពេលនោះ មានចំនួនជិត២០០ដើម រួមមាន៖ បេង, នាងនួន, គ្រញូង, គគី និងធ្នុង ផងដែរ។
បើតាមសង្ឃដីការរបស់ព្រះសង្ឃ ដែលបាននិមន្តចូលរួមដាំកូនឈើ បានឱ្យដឹងថា ការយកកូនឈើមកដាំនៅក្នុងអាស្រមនាពេលនេះ ក្នុងគោលដំណងជំរុញផ្លូវចិត្តដល់ពុទ្ធបរិស័ទ្ធ ឱ្យមានសេចក្តីសុខដល់មនុស្ស និងសត្វទាំងឡាយ ហើយការចូលរួមដាំដើមឈើទាំងអស់គ្នា សូមពុទ្ធបរិស័ទ្ធ ចូលរួមថែរក្សាទាំងអស់គ្នាផងដែរ។
ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ ដែលបានចូលរួមដាំកូនឈើ បានបញ្ជាក់ព្រមៗគ្នាថា ការដាំកូនឈើនេះ នឹងធ្វើឱ្យសិស្សានុសិស្សទាំងអស់ ស្រឡាញ់ការរៀនសូត្រ យកចិត្តទុកដាក់ការសិក្សា និងលើកទឹកចិត្តសិស្សានុសិស្ស ឱ្យចេះចែករំលែកក្តីស្រឡាញ់ដល់សង្គម ដែលសង្គមកម្ពុជា យើងមានចំពោះមនុស្សគ្រប់ៗគ្នា។ ជាងនេះទៅទៀត ក៏ចង់ឱ្យសិស្សានុសិស្សទាំងអស់ស្រឡាញ់ធម្មជាតិ ថែរក្សាព្រៃឈើ និងបំផុសឱ្យប្រជាជន ចូលរួមដាំដើមឈើ ដើម្បីបរិស្ថានយើងទាំងអស់គ្នា៕