(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ឲ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០១៩ ចំនួនជើងហោះហើរចេញ-ចូលអាកាសយាន្តដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជាចំនួនជិត៣ម៉ឺនជើង ខណៈក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងហោះហើរចេញចូលនៅក្នុងប្រទេសកម្ពុជាមាន៥១ក្រុមហ៊ុន។
លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែសីហានេះថា គិតចាប់ពីដើមខែមករា ដល់ខែមិថុនា ឆ្នាំ២០១៩ ចំនួនជើងហោះហើរសរុបចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិទាំងបីមានភ្នំពេញ-សៀមរាប-ព្រះសីហនុ មានចំនួន ២៩,៧០៥ ជើង (មិនរាប់បញ្ជូលការហោះហើររំលង និងការហោះហើរផ្សេងៗ)។
លោកបន្តថា ចំនួនជើងហោះហើរចេញ-ចូល អាកាយានដ្ឋានអន្តរជាតិភ្នំពេញមាន១៤,៥៨៩ជើង ដោយជើងហោះហើរអន្តរជាតិមានចំនួន១១,៦៤៨ជើង និងជើងហោះក្នុងស្រុកមានចំនួន២,៩៤១ជើង។ ចំពោះចំនួនជើងហោះហើរចេញ-ចូល អាកាយានដ្ឋានអន្តរជាតិសៀមរាប មាន ១០,៩៦៥ជើង ក្នុងនោះជើងហោះហើរអន្តរជាតិ មានចំនួន៨,១៨៩ជើង និងជើងហោះក្នុងស្រុកមានចំនួន២,៧៧៦ជើង។ ចំណែកចំនួនជើងហោះហើរចេញ-ចូល អាកាយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុមាន៤,១៥១ជើងក្នុងនោះជើងហោះហើរអន្តរជាតិ មានចំនួន ២,៦៣៨ជើង និងជើងហោះក្នុងស្រុកមានចំនួន ១,៥១៣ជើង។
មន្ត្រីជាន់ខ្ពស់រូបនេះបញ្ជាក់ថា បើគិតក្នុងខែមិថុនា ឆ្នាំ២០១៩ អ្នកដំណើរតាមផ្លូវអាកាសចេញ-ចូល នៅអាកាសយានដ្ឋានអន្តរជាតិទាំងបី មានចំនួនប្រហែល ៩០០,០០០នាក់ក្នុងនោះ កើនឡើង២៣ភាគរយបើធៀបនឹងខែមិថុនា ឆ្នាំ២០១៨ ដែលមានចំនួន ៨៦៣,៩៨៥នាក់។
លោកអគ្គនាយករងបញ្ជាក់ទៀតថា ចំនួនក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងប្រតិបត្តិការហោះហើរចេញចូល នៅក្នុងប្រទេសកម្ពុជា គិតត្រឹមខែមិថុនា ឆ្នាំ២០១៩ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៥១ក្រុមហ៊ុន (ក្រុមហ៊ុនអាកាសចរអន្តរជាតិ៤៥ និងក្រុមហ៊ុនអាកាសចរក្នុងស្រុក៦) ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូល នៅក្នុងប្រទេសកម្ពុជា (មិនរាប់បញ្ចូលនូវក្រុមហ៊ុនអាកាសចរណ៍ ដែលហោះហើរជា Chatter ដែលមានចំនួន១៥ទេ)។
សូមជម្រាបថា ចំនួនសរុបអ្នកធ្វើដំណើរតាមផ្លូវអាកាសនៅឆ្នាំ២០១៨ មានចំនួន ១០,៥០០,៨៩៩នាក់ ក្នុងនោះអ្នកដំណើរអន្តរជាតិមាន៩,២៨៥, ៨៧៥នាក់ និងអ្នកដំណើរក្នុងស្រុកមាន១,២១៥,០២៤ នាក់។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា កត្តាដែលនាំឱ្យមានកំណើន អ្នកធ្វើដំណើរតាមផ្លូវអាកាស៖
* បច្ច័យ ឬឥទ្ធិពលជាវិជ្ជមាននៃសេដ្ឋកិច្ច-នយោបាយ (Political-Economy)
* ស្ថិរភាពនយោបាយ (Political Stability),
* ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពប្រសើរ (Sound macroeconomic environment),
* ជាប្រទេស ទី៦ ដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុត នៅលើពិភពលោកក្នុងអំឡុងពេលជាងពីរទសវត្សរ៍ចុងក្រោយ (អត្រាកំណើន ផសសជាមធ្យមក្នុងរង្វង់ ៧%)
* ទីតាំងមានលក្ខណៈជាយុទ្ធសាស្ត្រ (Strategic location),
* សេដ្ឋកិច្ចបើកចំហរប្រកបដោយពិពិធកម្ម (Open and Diversified economy), និងការបើកចំហរជើងមេឃ (Open Sky),
* ការលើកទឹកចិត្ត ការធានា និងការគាំពារចំពោះការវិនិយោគ ដោយគ្មានការរើសអើង ក្នុងការវិនិយោគដែលមានលក្ខណៈប្រកួតប្រជែង (Competitive investment incentives),
* ការធ្វើសមាហរណកម្ម ការបើកច្រកទៅកាន់ទីផ្សារ និងស្ថានភាពអនុគ្រោះផ្នែកពាណិជ្ជកម្ម (Market access and Preferential trading status)
* មានកម្លាំងពលកម្មវ័យក្មេង និងថាមវន្ត (Young and Dynamic Labor Force) ដែលជាមធ្យមមានអាយុ២៤ឆ្នាំ
* មានទស្សនទាន ទិសដៅ និងផែនការយុទ្ធសាស្ត្រច្បាស់លាស់ និងប្រកបទៅដោយពិពិធកម្ម ក្នុងការទាក់ទាញភ្ញៀវទេសចរ។
លោកបណ្ឌិតបានបញ្ជាក់ទៀតថា «យើងរំពឹងទុកថានឹងមានការតភ្ជាប់ជើងហោះហើរថ្មីៗបន្ថែមទៀតនៅក្នុងឆ្នាំ២០២០ ដូចជាមកពីប្រទេសអាស៊ីខាងត្បូង (ឥណ្ឌា...) មជ្ឈឹមបូព៌ា ប្រទេសរុស្សី និងជើងហោះហើរថ្មីៗបន្ថែមទៀតមកពីខេត្តថ្មីៗ នៃប្រទេសចិន»។
សូមជម្រាបថា ដើម្បីឆ្លើយតបនឹងកំណើតភ្ញៀវទេសចរ ដែលចេះតែកើនឡើងមកកម្ពុជានោះ រាជរដ្ឋាភិបាលមានគម្រោងសាងសង់ និងកែលំអអាកាសយានយន្ត (ព្រលានយន្តហោះ) ចំនួន៦ទីតាំងទៀត គឺមាននៅរាជធានីភ្នំពេញ ខេត្តកោះកុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងតំបន់ភូមិភាគឦសាន៕