(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជ្យបណ្ឌិតកម្ពុជា បានវាយប្រហារធ្ងន់ៗលើសហរដ្ឋអាមេរិក ដែលបានរិះគន់អំពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ របស់ប្រទេសកម្ពុជា កាលពីឆ្នាំ២០១៨។
ថ្លែងនៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំកម្មវិធីបង្រៀនអ្នកសារព័ត៌មាន លោកបណ្ឌិត សុខទូច បានដាក់សំណួរថា ទាល់តែប្រជាជនអាមេរិកមកបោះឆ្នោត នៅកម្ពុជាទើបធ្វើឲ្យកម្ពុជាមានប្រជាធិតេយ្យឬ? បើតាមលោកបណ្ឌិត សហរដ្ឋអាមេរិកមិនមែនជាប្រទេសបង្កើតប្រភពប្រជាធិបតេយ្យឡើយ គឺអតីតអាណាចក្ររ៉ូមទេ ដែលជាទីកន្លែងបង្កើតលទ្ធិប្រជាធិបតេយ្យ។
ប្រធានរាជបណ្ឌិតកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អាមេរិកមិនមែនជាប្រទេសប្រជាធិបតេយ្យទេ (Democracy is not USA)។ ប្រទេសរ៉ូម ជាប្រទេសដំបូងគេ ដែលមានប្រកាន់យកលទ្ធិប្រជាធិបតេយ្យ (Rome is the first democracy) គឺអំណាចប្រជាជនអ្នកបោះ(ឆ្នោត)។ អញ្ចឹងប្រជាជនបោះឆ្នោត រហូតដល់៨៣,០២(ភាគរយ) បើមិន(អាមេរិក)ថា មិនមែនជាប្រជាធិបតេយ្យ មានន័យថាម៉េច? ទាល់តែប្រជាជនអាមេរិកមកបោះឆ្នោត ទើបបានមានប្រជាធិបតេយ្យ ឬយ៉ាងម៉េច?»។
បណ្ឌិត សុខ ទូច បានថ្លែងបន្តថា ប្រភពប្រជាធិតេយ្យ ដែលមានប្រភពមកពីអាណាចក្ររ៉ូម ត្រូវបានកើតចេញពីប្រជាជន។ នៅកម្ពុជាវិញ ប្រជាជនបានបោះឆ្នោត ក្នុងចំនួនមួយយ៉ាងច្រើនលើសលុប ប៉ុន្តែអាមេរិកបែរជាចោទថា គ្មានប្រជាធិបតេយ្យទៅវិញ។
លោកបន្តថា «ប្រជាធិបតេយ្យ មិនមែនមានតែប៉ុណ្ណឹងទេ ប៉ុន្តែសិទ្ធិ និងសេរីភាព តម្លាភាព ទៅតាមច្បាប់នៃរដ្ឋធម្មនុញ្ញរបស់ប្រទេសនីមួយៗ មិនអាចចម្លងចេញពីប្រទេសណាបានទេ។ នៅអាមេរិក មានទោសប្រហារជីវិត ឯកម្ពុជាគ្មាន ប្រជាធិបតេយ្យកម្ពុជា មិនអាចចម្លងចេញពីណាបាន មានវប្បធម៌ និងប្រពៃណីខុសពីអាមេរិក»។
បណ្ឌិត សុខ ទូច បានរំលឹកថា កម្ពុជាធ្លាប់យករចនាបទតាមអាមេរិក នៅឆ្នាំ១៩៧០ ធ្វើឲ្យកម្ពុជាហូរទឹកភ្នែក។ លោកថ្លែងថា កម្ពុជាមិនគួរឈឺក្បាល នឹងពាក្យអាមេរិកនិយាយទេ សំខាន់ទាក់ទាញអ្នកវិនិយោគឲ្យចូលមកបណ្តាក់ទុន ធ្វើឲ្យសេដ្ឋកិច្ចមានស្ថិរភាព។
លោកថ្លែងទៀតថា សម្តេចតេជោ ហ៊ុន សែន មកកាន់អំណាចនៅកម្ពុជានេះ មិនមែនកើតមកពីការធ្វើរដ្ឋប្រហារទេ។ ប៉ុន្តែ សម្តចតេជោ ហ៊ុន សែន កាន់អំណាចនៅពេលនេះ កើតចេញមកអំពីការបោះឆ្នោត ដោយមិនត្រូវបកស្រាយអ្វី ចំពោះការចោទប្រកាន់ពីអាមេរិកទៀតឡើយ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ បានបង្ហោះសាររិះគន់ ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។ ឆ្លើយតបនឹងការរិះគន់នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈ Facebook ផ្លូវការរបស់ខ្លួន បានបង្ហោះសាររំលឹកពីការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដោយអះអាងថា បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
យោងតាម គ.ជ.ប បានឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ បានប្រព្រឹត្ត ទៅជាមួយនឹងការចូលរួមរបស់ប្រជាពលរដ្ឋអ្នកបោះឆ្នោតដ៏ច្រើនកុះករ ដែលបានទៅបោះឆ្នោតដោយគ្មានការភ័យខ្លាច គ្មានការគាបសង្កត់ ឬការបង្ខិតបង្ខំ និងប្រកបដោយទឹកមុខសប្បាយរីករាយ ដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួន ក្នុងចំណោមគណបក្សនយោបាយ ចំនួន២០ ដែលបានចូលរួមប្រកួតប្រជែង។ អត្រានៃអ្នកបោះឆ្នោតកើនឡើងខ្ពស់រហូតដល់៨៣.០២% ខ្ពស់ជាងអត្រា នៃការបោះឆ្នោត ឆ្នាំ២០០៨ និងឆ្នាំ២០១៣។
គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកសង្កេតការណ៍ជាតិចំនួន ៨ម៉ឺននាក់ និងអ្នកសង្កេតការណ៍អន្តរជាតិជាង ៥០០នាក់ មកពី៥៨ប្រទេស ក៏ដូចជា តំណាងស្ថាប័នបោះឆ្នោតនៃប្រទេសមួយចំនួន ដែលសង្កេតមើលការបោះឆ្នោត បានវាយតម្លៃខ្ពស់កោតសរសើរ និងគាំទ្រដល់ការបោះឆ្នោតថា បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព ស្ងប់ស្ងាត់ល្អ គ្មានអំពើហិង្សា ប្រកបដោយភាពរលូន តម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ ហើយការបោះឆ្នោតត្រូវបានរៀបចំកាន់តែល្អប្រសើរឡើងទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស»៕