Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ានី៖ យើងត្រូវតាំងចិត្តខ្ពស់ ក្នុងការអនុវត្តការងារប្រកបដោយភាពច្បាស់លាស់ និងទ្វេដង ដើម្បីបំពេញតម្រូវការរបស់ពលរដ្ឋឲ្យបានទាន់ពេល

06-08-2019 15:40

(ព្រៃវែង)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំប្រតិភូគណៈកម្មការចុះជួបពិភាក្សាជាមួយរដ្ឋបាលខេត្តព្រៃវែង ដឹកនាំដោយ លោក ជា សុមេធី អភិបាលខេត្ត។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក លោកស្រី អភិបាលរង និងលោកប្រធានមន្ទីរ នៃវិស័យក្នុងបន្ទុក ដើម្បីស្វែងយល់ពីស្ថានភាព នៃការអភិវឌ្ឍជារួមក្នុងខេត្ត និងពិនិត្យ តាមដាននូវការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ប្រតិភូគណៈកម្មការទី៧ បានកត់សម្គាល់នូវសមិទ្ធផលផ្សេងៗ ដែលកើតមានក្នុងខេត្តព្រៃវែងផ្ទាល់ ក្រោមការដឹកនាំរបស់លោកអភិបាល។

ជាមួយគ្នានោះ លោក ហ៊ុន ម៉ានី ក៏បានបង្ហាញពីឆន្ទៈរួម ក្នុងការបន្តខិតខំអនុវត្តការងារបន្ថែមទៀត ដោយលើកឡើងថា «ដោយសារតែតម្រូវការរបស់ប្រជាពលរដ្ឋ កាន់តែវិវត្តគួរឲ្យកត់សម្គាល់ យើងត្រូវមានការតាំងចិត្តខ្ពស់ ក្នុងការអនុវត្តការងារប្រកបដោយភាពច្បាស់លាស់ និងទ្វេដង ដើម្បីឆ្លើយតប និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពជាងមុន»

ឆ្លៀតឱកាសក្នុងកិច្ចប្រជុំនេះដែរ លោក ហ៊ុន ម៉ានី ក៏បានជំរុញឲ្យរដ្ឋបាលខេត្ត បន្តយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយភាពម៉ឺងមាត់ ធ្វើយ៉ាងណាពង្រឹងការត្រួតពិនិត្យ និងហាមប្រាមជាដាច់ខាតនូវការនាំចូលដោយខុសច្បាប់ នូវជ្រូកដែលមានជំងឺ ដើម្បីធានាបាននូវសុខមាលភាព និងសុវត្ថិភាពចំណីអាហារជូនដល់ប្រជាពលរដ្ឋ។

សូមជម្រាបថា ការចុះជួបដោយផ្ទាល់ជាមួយនឹងថ្នាក់ដឹកនាំខេត្តនេះ ក៏ជាឱកាសមួយដែលអនុញ្ញាតឲ្យ លោក លោកស្រី សមាជិក សមាជិកា នៃគណៈកម្មការទី៧ និងរដ្ឋបាលខេត្ត បានពិភាក្សាគ្នាដោយផ្ទាល់ រួមគ្នារកវិធីសាសាស្ត្រក្នុងការប្រែក្លាយយុទ្ធសាស្ត្រ និងផែនការ ឲ្យចេញទៅជាលទ្ធផល និងសមិទ្ធផលជាក់ស្តែងជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត និងប្រជាជាតិទាំងមូល។

លោក សុខ ប៊ន សមាជិកគណៈកម្មការទី៧ បានលើកទឹកចិត្តឲ្យលោកប្រធានមន្ទីរធម្មការ និងកិច្ចការសាសនា ធ្វើយ៉ាងណាបន្តគិតគូរនូវផែនការសកម្មភាព ដើម្បីបញ្ជៀបការអប់រំសង្គម ជូនដល់ពុទ្ធបិរស័ទតាមសាសនានីមួយៗ ខណៈពេលដែលភាពសុខដុម នៃសាសនាផ្សេងក្នុងខេត្តព្រៃវែង មានលក្ខណៈប្រសើរ។

លោកបានគូសបញ្ជាក់ទៀតថា «ក្រៅពីការអប់រំតាមបែបសាសនា ការចូលរួមរបស់ព្រះសង្ឃ ក្នុងការអប់រំសង្គមដោយឈរលើ គោលការណ៍សីលធម៌ គុណធម៌ល្អ ដល់ពុទ្ធបរិស័ទ ពិតជាមានសារសំខាន់ ក្នុងការនាំឲ្យវិស័យសាសនាមានភាពរុងរឿង ហើយការរស់នៅប្រជាជនក្នុងសង្គមមានភាពប្រសើរ»

សូមបញ្ជាក់ថា ខេត្តព្រៃវែង គឺជាខេត្តទី២១ ដែលប្រតិភូគណៈកម្មការទី៧ ដឹកនាំដោយ លោក ហ៊ុន ម៉ានី បានចុះបំពេញបេសកកម្ម ហើយខេត្តបន្ទាប់នោះគឺ ខេត្តស្វាយរៀង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ៕