(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ប្រាប់ទៅឯកអគ្គរាជទូត ទទួលបន្ទុកកិច្ចការសហប្រជាជាតិ ក្រសួងការបរទេសជប៉ុនថា កម្ពុជា គឺជាប្រទេសទីមួយនៅទ្វីបអាស៊ី ដែលបានអញ្ញាតឱ្យការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចូលពិនិត្យមើលបញ្ហាសិទ្ធិមនុស្ស នៅក្នុងប្រទេសខ្លួន។
ការបញ្ជាក់បែបនេះរបស់លោក កែវ រ៉េមី បានធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចសន្ទនាស្តីពី សិទ្ធិមនុស្សកម្ពុជា-ជប៉ុន លើកទី១០ ជាមួយលោក ម៉ាសាតុ អូតាកា អគ្គនាយករង នៃការិយាល័យគោលនយោបាយការបរទេស និងជាឯកអគ្គរាជទូត ទទួលបន្ទុកកិច្ចការសហប្រជាជាតិ នៃក្រសួងការបរទេសជប៉ុន និងភាគីពាក់ព័ន្ធ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ នៅទីស្តីការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
លោក កែវ រ៉េមី បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យអ្នករាយការណ៍ពិសេស និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា បន្តអាណត្តិរបស់ខ្លួននៅកម្ពុជា ដើម្បីបំពេញបេសសកម្មរបស់ខ្លួន ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។
លោក កែវ រ៉េមី បានថ្លែងយ៉ាងដូច្នេះថា៖ «ហើយក៏ជម្រាបជូនគាត់ដែរថា មានតែកម្ពុជាទេ គឺមានលក្ខណៈពិសេស គឺខុសភ្លែកពីគេត្រង់ថា ក្នុងចំណោមប្រទេសទាំងអស់ នៅក្នុងអាស៊ី សួរថាប្រទេសណាដែល ដូចយើង ដែលបានអនុញ្ញាតឱ្យការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា ពិនិត្យមើលរឿងសិទ្ធិមនុស្ស ហើយថាតើមានប្រទេសណាដែលអនុញ្ញាត ឱ្យមានអ្នករាយការណ៍ពិសេសពីសិទ្ធិមនុស្សថែមទៀត វាអត់មាន»។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ បានបន្តថា រដ្ឋាភិបាលកម្ពុជា មិនដែលហាមប្រាមបរទេសណាមួយដែលចូលមកកម្ពុជា ដើម្បីស្វែងយល់ពីសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជានោះទេ គឺរដ្ឋាភិបាលកម្ពុជា តែងតែស្វាគមន៍ជានិច្ច។ ដូច្នេះ មានន័យថា រដ្ឋាភិបាលកម្ពុជា មានឆន្ទៈ ក្នុងការលើកស្ទួយសិទ្ធិមនុស្ស តាមរយៈតំណាងសិទ្ធិមនុស្សរបស់បណ្តាប្រទេសទាំងនោះផងដែរ។
បន្ថែមពីនេះ លោក កែវ រ៉េមី បានលើកឡើងថា គ្មានបណ្តាប្រទេសណាមួយ គ្មានបញ្ហាសិទ្ធិមនុស្សនោះទេ ក៏ប៉ុន្តែវាកើតឡើងទៅតាមបែបបទ និងស្ថានភាពជាក់ស្តែងរបស់ប្រទេសនោះតែប៉ុណ្ណោះ៕