(ស្វាយរៀង)៖ កម្មករសំណង់មានទាំងក្មេង ចាស់ និងកូនតូចៗ ដែលតាមទៅរស់នៅជាមួយឪពុកម្តាយបានត្អូញត្អែរថា ការរស់នៅបណ្តើរ ធ្វើការបណ្តើរគ្មានអនាម័យ ប្រឈមកើតជំងឺគ្រុនឈាម និងជំងឺដង្កាត់ផ្សេងទៀតផងដែរ។
ជួបជាមួយភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង លោក នុត នាង នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះ កម្មករសំណង់កំពុងបម្រើការសាងសង់អគារខ្ពស់ៗ នៅក្រុងបាវិត ខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា សព្វថ្ងៃខ្មែរពួកគាត់ធ្វើជាកម្មករសំណង់ទូទាំងក្រុងបាវិតប្រមាណជាង ២ពាន់នាក់ ក៏ប៉ុន្តែក្នុងចំណោមមនុស្សទាំងនោះ ជាងពាក់កណ្តាលរស់នៅគ្មានអនាម័យ និងកំពុងរស់នៅតំបន់មូសខ្លាច្រើនប្រឈមជំងឺគ្រុនឈាម និងជំងឺផ្សេងទៀត។
កម្មករទាំងនេះបាននិយាយថា «ពីមុន ម្នាក់ៗរស់នៅក្បែរការដ្ឋានសំណង់ តែក្រោយមកម្ចាស់ម៉ៅការសំណង់ (កាស៊ីណូ សណ្ឋាគារ និងខុនដូរជួលឲ្យជនជាតិចិនរស់នៅ) បានជួលដីកណ្តាលព្រៃស្មាច់ឲ្យមករស់នៅ សង់តូបពីឈើ ប្រក់ស័ង្កសីតូចៗ លាយចំរុះគ្នា មានទាំងក្មេងៗនៅជាមួយ ចម្ងាយពីច្រកទ្វាព្រំដែនអន្តរជាតិប្រមាណ១គីឡូតែប៉ុណ្ណោះ»។
បើតាមការរៀបរាប់ ពួកគេទាំងអស់គ្នា បានមករស់នៅទីនេះកំពុងប្រឈមបញ្ហាមួយចំនួនរួមមាន៖
*ទី១៖ ខ្វះអគ្គិសនីប្រើប្រាស់
*ទី២៖ ខ្វះទឹកស្អាតប្រើប្រាស់។ ម្នាក់ៗដងទឹកស្រះ យកមកទុកងូត ដាំបាយ ស្លរ និងទុកពិសារផងដែរ ទាំងមិនដឹងថា ទឹកនោះមានជាតិពុលប៉ណ្ណានោះទេ
*ទី៣៖ ក្មេងៗ កំពុងប្រឈមកើតជំងឺគ្រុនឈាម ដោយសារក្មេងព្រៃស្មាច់សំបូរមុសខ្លា
*ទី៤៖ មិនទាន់មាន បង្គន់អនាម័យប្រើប្រាស់ ហើយពេលបន្ទោបង់លាមក ក្នុងព្រៃ ពេលភ្លៀងធ្លាក់មកម្តងៗ ទឹកលាមហូរចូលស្រះ ទុកប្រើប្រចាំថ្ងៃ។
ពួកគាត់បានបន្តទៀតថា ការធ្វើជាកម្មករនៅឯប្រទេសថៃ ថៅកែក៏យកកម្មករឲ្យរស់នៅក្នុងព្រៃដូចនេះដែរ តែគេយកទឹកស្អាត ភ្លើងអគ្គិសនីឲ្យប្រើបាញ់ថ្នាំកម្ចាត់មូសខ្លាខ្លះៗ ពេលនោះពិបាករស់ណាស់ ដល់ឮថា ក្រុងបាវិតត្រូវការកម្មករច្រើនធ្វើការ សាងសង់ កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ខុនដូរ ក៏នាំគ្នារត់ចេញពីប្រទេសថៃ មកធ្វើការនៅក្រុងបាវិតនេះ ទឹកដីខ្លួនឯង ងាយស្រួលទៅលេងស្រុកកំណើត តែមកដល់ទីនេះ អ្នកណាក៏ស្រង៉ាកចិត្ត និងអាណិតវាសនាខ្លួនឯងក្រីក្រ ដោយសារមករស់នៅក្នុងព្រៃយ៉ាងដូច្នេះ។
ពាក់ព័ន្ធបញ្ហានេះ ក្រុមកម្មករសំណង់ បានអំពាវនាវទៅមន្ទីរដែលពាក់ព័ន្ធ សូមជួយដល់ពួកគាត់ផង ជាពិសេសថ្នាំសំលាប់មូសខ្លា ភ្លើង ទឹកស្អាត និងបង្គន់អនាម័យជាដើម ដែលសព្វថ្ងៃនេះគ្មាន នរណាគិតពីការលំបាករបស់កម្មករនោះទេ៕