(ក្រចេះ)៖ មន្រ្តីមន្ទីរសុខាភិបាលខេត្តក្រចេះ ដឹកនាំដោយលោកវេជ្ជ ងី ប៊ុនឡែន អនុប្រធានមន្ទីរសុខាភិបាលខេត្ត នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះ បានសហការជាមួយអាជ្ញាធរ ឃុំ២ធ្នូ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្នួល ប្រធានមណ្ឌលសុខភាពត្រំពាំងស្រែ មេភូមិជើងឃ្លេ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សតូចៗ សរុបចំនួន ១០៣នាក់ បន្តចុះអប់រំផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម និងបាញ់ថ្នាំកំចាត់មូសខ្លា នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
ក្នុងឱកាសនោះដែរលោកវេជ្ជ ងី ប៊ុន ឡែន បានអប់រំផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម ឲ្យបងប្អូនបានយល់ ហើយសុំឲ្យបងប្អូន ព្រមទាំងសិស្សានុស្ស ត្រូវធ្វើអនាម័យតាមផ្ទះ ត្រូវប្រមូលសំបកដូង សំបកកំប៉ុង សំកបកង់ឡានចាស់ៗ ដុតចោល បំបាត់ភក់ជ្រាំជាដើមទាំងនេះ ជាសំបុកមូសខ្លាហើយ កាលណាគ្មានមួសខ្លា គ្មានគ្រុនឈាមនោះទេ។ ហើយលោកក៏បានដឹកនាំបងប្អូនប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្ស ដើរធ្វើអនាម័យ ក្នុងភូមិជើងឃ្លេនដើម្បីកំចាត់សំបុកមូសខ្លា ហើយបានបាញ់ថ្នាំកំចាត់មូសខ្លា បានចំនួន ៧៨ផ្ទះ តាមសាលារៀន និងបាញ់ថ្នាំតាមព្រៃមួយចំនួនទៀត។
លោកអនុប្រធានរូបនោះ បន្តទៀតថា ទោះបីជាជំងឺគ្រុនឈាមបានថយចុះ យ៉ាងណាក៏ដោយ មន្ទីរនៅតែបន្តដឹកនាំមន្រ្តី ចុះបាញ់ថ្នាំកំចាត់មូសខ្លា និងអប់រំឲ្យបងប្អូន បន្តធ្វើអនាម័យ តាមផ្ទះរៀងៗខ្លួនឲ្យបានស្អាត កាលណាមានមូសខ្លាខាំ ជំងឺគ្រុនឈាម និងបន្តផ្ទុះឡើងម្ដងទៀត។ ដូចឆ្នេះហើយសូមប្អូនត្រូវតែប្រុងប្រយត្ន័ឲ្យបានខ្ពស់ ដើម្បីកុំមានជំងឺគ្រុនឈាមផ្ទុះឡើងជាថ្មីម្ដងទៀត ហើយបើកូនក្ដៅខ្លួន ត្រូវនាំកូនទៅមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា៕