(តាកែវ)៖ ដើម្បីការពារកុំឲ្យមានជំងឺសាទឹក និងជំងឺអុតក្ដាមកើតឡើង លើគោក្របីរបស់ប្រជាពលរដ្ឋ ក្រុមមន្រ្តីបសុពេទ្យ នៃមន្ទីរកសិកម្មខេត្តតាកែវ ដឹកដោយលោក ម៉េង សុធី អនុប្រធានមន្ទីរ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះ បានចុះចាក់វ៉ាក់សាំងជំងឺសារទឹក និងអុតក្ដាមដល់គោប្រមាណជិត៤ពាន់ក្បាល របស់ប្រជាពលរដ្ឋនៅក្នុងឃុំសន្លុង ស្រុកទ្រាំង ព្រមទាំងបានផ្សព្វផ្សាយពីជំងឺប៉េសជ្រូកអាហ្រ្វិក ដោយអំពាវនាវឲ្យពលរដ្ឋ ហូបសាច់ជ្រូកជាធម្មតាឡើងវិញ។
លោក ថៃ លី ប្រធានការរិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តតាកែវ បានឲ្យដឹងថា នៅថ្ងៃគោក្របីរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំសន្លុងចំនួន ៣៧៨០ ក្បាលត្រូវបានចាក់វ៉ាក់សាំងសាទឹក និងអុតក្ដាម ហើយការចុះវ៉ាក់សាំងនេះ មិនមែនធ្វើឡើងតែនៅក្នុងឃុំសន្លុងនោះទេ គឺមន្រ្តីបសុពេទ្យបានចុះចាក់វ៉ាក់សាំងគោក្របីរបស់បងប្អូនប្រជាពលរដ្ឋស្ទើតែគ្រប់ស្រុកនៅទូទាំង ខេត្តតាកែវតែម្តង។
លោក ថៃ លី បានបន្តទៀតថា ក្រៅពីចុះចាក់វ៉ាក់សាំងជំងឺសារទឹក និងជំងឺអុតក្ដាមដល់គោក្របីរបស់ប្រជាពលរដ្ឋ មន្រ្តីបសុពេទ្យខេត្ត ក៏បានចុះបាញ់ថ្នាំសំលាប់មេរោគការពារជំងឺប៉េសជ្រូកអាហ្រ្វិក នៅតាមទ្រុងជ្រូកប្រជាពលរដ្ឋ និងកសិដ្ឋានចញ្ចឹមជ្រូកផងដែរ។
នៅក្នុងឱកាសនោះ លោកប្រធានការិយាល័យបសុព្យាបាល ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ នាំគ្នាហូបសាច់ជ្រូកជាធម្មតាឡើងវិញ ព្រោះសាច់ជ្រូកដែលដាក់លក់លើទីផ្សារ ត្រូវបានត្រួតពិនិត្យត្រឹមត្រូវ និងជាជ្រូករបស់កសិករខ្មែរ ក្នុងស្រុកមិនមានការនាំសាច់ជ្រូកពីក្រៅប្រទេសមកលក់លើទីផ្សារកម្ពុជាយើងនោះទេ៕