(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៩នេះ បានចាប់ផ្ដើមកាយស្តារ ប្រឡាយបឹងត្របែក និងឲ្យប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន លើប្រឡាយរំកិលផ្ទះចេញ ដើម្បីបុកស៊ីផាយស្ថាបនាប្រឡាយឡើងវិញ ធ្វើយ៉ាងណាឲ្យចរន្តទឹកហូរ បានលឿនជៀសវាងការលិចលង់លំនៅដ្ឋាន ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។
ក្នុងខណៈដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពប្រឡាយបឹងត្របែក និងផលប៉ះពាល់មួយចំនួន ដែលប្រជាពលរដ្ឋរំលោភលើប្រឡាយបឹងត្របែកនាព្រឹកនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា «នៅប្រឡាយបឹងត្របែក យើងមានម៉ូទ័របូមទឹករហូតដល់ ១១គ្រឿង ប៉ុន្តែការបូមទឹកទាំងនោះ មិនអាចធ្វើសកម្មភាពបានគ្រប់ចំនួនម៉ូទ័រនោះទេ ដោយសារតែមានការ កកស្ទះទឹកហូរមិនទាន់»។
លោកថា ដើម្បីដោះស្រាយលើបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចធ្វើការស្តារប្រឡាយ និងឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយប្រឡាយ រំកិលផ្ទះរបស់ពួកគាត់ចេញពីមាត់ប្រឡាយ ដើម្បីយើងបន្តបុកស៊ីបាយជញ្ជាំងប្រឡាយនេះ ឲ្យបានប្រសើរឡើង។
លោកបន្តថា ពាក់ព័ន្ធនឹងការ ការងាររំដោះទឹកចេញពីរាជធានីភ្នំពេញនេះ អាជ្ញាធររាជធានីភ្នំពេញ បានដាក់ផែនការឲ្យខណ្ឌទាំង៥ នៅកណ្ដាលក្រុងធ្វើការស្ដារលូ ស្តារប្រឡាយនៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានល្អសំដៅធ្វើយ៉ាងណាឲ្យចរន្តទឹកហូរ មកដល់ស្ថានីយបូមទឹកបាន។
លោក ឃួង ស្រេង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាបរិស្ថាន ពិសេសគឺការរក្សាសំរាមទុកឲ្យបានល្អ កុំឲ្យសំរាមធ្លាក់ទៅក្នុងអណ្ដូងលូ និងប្រឡាយទឹក ។ ប្រជាពលរដ្ឋត្រូវរៀបចំខ្លួន ឲ្យបានល្អទៅតាមប្រទេសដែលកំពុង មានភាពស៊ីវីល័យ ពោលគឺត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។
ចំពោះបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ លោក ឃួង ស្រេង បានបញ្ជាក់ថា មិនថាប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ឬប្រជាពលរដ្ឋមកពីបណ្ដាខេត្តទេ គឺពួកគាត់ បានជំរុញឲ្យអាជ្ញាធររាជធានី រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ឲ្យបានល្អ ដើម្បីបញ្ចៀសឲ្យបាននូវការកកស្ទះចរាចរណ៍ ដែលការកកស្ទះចរាចរណ៍នេះ គឺជាកង្វល់ដ៏ធំរបស់ប្រជាពលរដ្ឋ បើយើងរៀបចំសណ្តាប់ធ្នាប់បានល្អអ្នកថ្មើជើង ត្រូវដើរលើចិញ្ចើមផ្លូវ មិនអាចដើរលើទ្រូងផ្លូវ បង្កឲ្យមានគ្រោះថ្នាក់ទៀតទេ។ ពេលនេះទៅបញ្ហាសណ្ដាប់ធ្នាប់មិនអាចបណ្ដែតបណ្ដោយទៀតទេ យើងត្រូវតែយកច្បាប់មកអនុវត្តហើយ៕