(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះចែកប័ណ្ណកម្មសិទ្ធិ (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) ជូនប្រជាពលរដ្ឋ៥០គ្រួសារ រស់នៅភូមិព្រៃព្រាល ឃុំឃ្លាំងមាស ស្រុកបវេល ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរនានានិងមន្ទីរជំនាញគណៈអភិបាលស្រុកបវេល និងស្រុកបាណន់ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋផងដែរ។

លោក ងួន រតនៈ បានថ្លែងថា ករណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជិត ២០ឆ្នាំ នៅស្រុកបវេលកន្លងមកនោះ ត្រូវបានអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្រ្តីជំនាញ ពិសេសរដ្ឋបាលខេត្ត បានខិតខំធ្វើការដោះស្រាយបញ្ចប់រាល់ទំនាស់ទាំងនោះ ដោយមានការយោគយល់គ្នា មានការសម្បទានគ្នាទៅវិញទៅមក ប្រកបដោយជោគជ័យ ឈានដល់ធ្វើការគឺប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ និងបន្តធ្វើការដោះស្រាយបញ្ចប់ទំនាស់នៅតាមបណ្តាស្រុកនានាបន្ថែមទៀត។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ទោះជាទំនាស់ដីធ្លីនៅកន្លែងមួយចំនួន នៅតាមស្រុកនានា ដែលបានកើតមានឡើង គឺរឿងដាច់ដោយឡែក ឬខុសៗពីគ្នាក៏ដោយ តែអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសមន្រ្តីជំនាញពាក់ព័ន្ធតែងតែបានសហការគ្នារកវិធីក្នុងការដោះស្រាយរាល់ទំនាស់ដីធ្លី ដើម្បីបញ្ចប់កង្វល់ និងបញ្ហាដីធ្លីជូនប្រជាពលរដ្ឋយើងបានទទួលប័ណ្ណកម្មសិទ្ធទាំងអស់គ្នា។

ប្រជាពលរដ្ឋដែលបានទទួលប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដីធ្លី ទាំងអស់បានអបអរសាទរសប្បាយរីករាយ និងសូមថ្លែងអំណរគុណដល់លោកអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធដែលបានខិតខំជួយប្រជាពលរដ្ឋរហូតមក ឈានដល់សម្រេចបានជោគជ័យ និងចែកប័ណ្ណកម្មសិទ្ធិនាថ្ងៃនេះផងដែរ៕