(ភ្នំពេញ)៖ អាជ្ញាធរបានចុះបង្ក្រាបទីតាំងបើកហ្គេមបាញ់ត្រី និងហ្គេមពុងបៀ ខុសច្បាប់មួយកន្លែង នៅក្រុមទី១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដកហូតបានទូរហ្គេម៨គ្រឿង និងឃាត់ខ្លួនមនុស្ស៤នាក់ យកទៅអប់រំ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩។
ការចុះបង្ក្រាបនេះ ស្ថិតក្រោមការបញ្ជាផ្ទាល់ពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដឹកនាំផ្ទាល់ដោយលោក លីន ញ៉ក់ អភិបាលរងខណ្ឌ ដែលមានសមសភាពចូលរួមប្រតិបត្តិការពីអាជ្ញាធរសង្កាត់-ភូមិ នគរបាល និងប្រជាការពារជាច្រើននាក់ ក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។
ជាមួយវិធានការក្ដៅរបស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវនេះ ប្រជាពលរដ្ឋបានសម្ដែងនូវការអបអរសាទរយ៉ាងខ្លាំង និងសំណូមពរឲ្យលោក ជា ពិសី អភិបាលខណ្ឌ ជួយចាត់វិធានការបង្ក្រាបទីតាំងហ្គេមបាញ់ត្រី១កន្លែងទៀត កំពុងបើកដំណើរការទទួលភ្ញៀវដោយមានម្ចាស់ឈ្មោះ យាយម៉ៅ។
ទីតាំងនេះ ស្ថិតនៅក្បែរផ្លូវជាតិលេខ៥ គឺនៅទល់មុខស្ថានីយ៍ទូរទស្ស CTN មានផ្លូវបេតុងច្រកចូលផ្សារគីឡូម៉ែត្រលេខ៦ (ហៅផ្សារឆេកូ) ដែលចូលទៅប្រហែល២០ ឬ៣០ម៉ែត្រប៉ុណ្ណោះ និងឃើញនៅខាងស្ដាំដៃ មានច្រកឌឿងហែមមួយ និងមានសញ្ញាសម្គាល់បាញ់ថ្នាំពណ៌ក្រហមលេខ៦៨ ជាផ្លូវរួមតូចចង្អៀត តែបើចូលទៅប្រហែល២០ម៉ែត្រតាមច្រកនេះ និងឃើញនៅខាងស្ដាំដៃ ពោលស្ថិតនៅខាងកើតជាប់ផ្សារគីឡូម៉ែត្រលេខ៦តែម្ដង និងមានបំពាក់ទៅដោយកាមេរ៉ាសុវត្ថិភាពនៅផ្លូវ បើទោះបីជាបិទទ្វារ ប៉ុន្តែមានភ្ញៀវកំពុងលេងយ៉ាងស្ងាត់ស្ងៀមនៅខាងក្នុង ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦៕