(កំពត)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានក្រើនរំលឹកមន្ត្រី និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តកំពតថា ក្តីលំបាករបស់ប្រជាពលរដ្ឋជាទុក្ខលំបាករបស់រាជរដ្ឋាភិបាល ហើយបញ្ហារបស់ប្រជាពលរដ្ឋទាមទារឱ្យមានការទទួលខុសត្រូវ និងយកចិត្តទុកដាក់ដោះស្រាយពីមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ជាពិសេសគឺមន្ត្រីមូលដ្ឋានផ្ទាល់តែម្តង។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនៅខេត្តកំពត នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងទៅកាន់អភិបាលខេត្តកំពត លោក ជាវ តាយ មន្ត្រីពាក់ព័ន្ធ រួមទាំងកងកម្លាំងប្រដាប់អាវុធ ឱ្យរួមគ្នាចុះជួយប្រជាពលរដ្ឋជួបគ្រោះអាសន្នទាំងកត្តាធម្មជាតិ និងកត្តាផ្សេងឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត។
លោក គន់ គីម បានរំលឹកមន្ត្រី និងកងកម្លាំងប្រដាប់អាវុធថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន យកចិត្តទុកដាក់ខ្ពស់ណាស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ទុក្ខលំបាករបស់ប្រជាពលរដ្ឋគឺទុក្ខលំបាករបស់សម្តេចទាំងពីរ។ ដូច្នេះមន្ត្រី និងកម្លាំងប្រដាប់អាវុធដែលជាភ្នែក ជាច្រមុះរបស់សម្តេចទាំងពីរ ត្រូវតម្កល់ស្មារតីរបស់សម្តេចទាំងពីរឱ្យបានខ្ពស់បំផុត។
«បងប្អូនជ្រាបហើយថា សម្តេចតេជោ សម្តេចប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គាត់យកចិត្តទុកដាក់ណាស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ពេលពោលរដ្ឋមានទុក្ខ គឺសម្តេចតែងតែខ្នះខ្នែងជួយដោះស្រាយ ដូច្នេះយើងជាមន្ត្រីដែលនៅកៀកនឹងប្រជាពលរដ្ឋ ត្រូវតែតាមដានឱ្យជាប់ជាមួយបញ្ហានានាដែលកើតមានជាមួយប្រជាពលរដ្ឋ ហើយត្រូវរាយការណ៍ និងចុះជួយពួកគាត់ឱ្យបានទោះក្នុងកាលៈទេសៈណាក៏ដោយ»។ នេះជាការបញ្ជាក់ដាស់តឿនរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម ទៅកាន់ថ្នាក់ដឹកនាំ មន្ត្រី និងកងកម្លាំងប្រដាប់អាវុធខេត្ត។
បើទោះបីជាយ៉ាងណាលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានលើកសសើរពីការខិតខំបំពេញការងាររបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត ដែលបានខិតខំបំពេញការងារកន្លងមក និងមានផែនការលម្អិតច្បាស់លាស់ ក្នុងការគ្រប់គ្រង និងឆ្លើយតបទៅគ្រោះមហន្តរាយដែលកើតឡើង។
របាយការណ៍របស់លោក ជាវ តាយ បានឲ្យដឹងថា ខេត្តកំពត ជាខេត្តដែលងាយរងគ្រោះដោយជំនន់ទឹកភ្លៀង។ ក្នុងឆមាសទី១នេះ ខេត្តរងខ្យល់កន្ត្រាក់៥លើក បណ្តាលឲ្យរលំផ្ទះ ១១ខ្នង របើកដំបូលផ្ទះ ១៥៣ខ្នង និងដំបូលសាលារៀន ១ខ្នង។ កន្លងមកខេត្តបានសហការជាមួយក្រុមការងារ និងខេត្តសាខាកាកបាទក្រហមខេត្ត ចាត់វិធានការសង្គ្រោះជាបន្តបន្ទាប់ពេលមានគ្រោះមហន្តរាយកើតឡើង៕