(មណ្ឌលគិរី)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ បានបញ្ជាឲ្យលុប និងបិទចោលសិប្បកម្មរោងកែច្នៃឈើខុសច្បាប់ នៅខេត្តមណ្ឌលគិរី។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងដែរថា ក្រៅពីការបញ្ជាឲ្យបិទចោលនូវសិប្បកម្មទាំងអស់នោះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបញ្ជាឲ្យធ្វើការដុតបំផ្លាញចោលនូវមធ្យោបាយដឹកឈើ រថយន្ដបាកុងកែច្នៃ ដែលហួសសុពលភាពប្រើប្រាស់ ចំនួន២០គ្រឿងទៀតផងដែរ នៅថ្ងៃនេះតែម្ដង។
ដោយឡែក មធ្យោបាយដែលសមត្ថកិច្ចបង្ក្រាបនាពេលកន្លងមក ប៉ុន្ដែមិនមានឈើខុសច្បាប់នៅលើនោះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានណែនាំឲ្យប្រគល់ជូនម្ចាស់ដើមវិញផងដែរ ព្រោះថាមធ្យោបាយទាំងអស់នេះមិនពាក់ព័ន្ធជាមួយបទល្មើសនោះឡើយ។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី។
គួរជម្រាបថា ការដាក់បទបញ្ជានេះ របស់នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅសាលាខេត្តមណ្ឌលគិរី ព្រឹកថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពីមន្ត្រីអន្តរក្រសួង និងស្ថាប័នចំរុះ ដែលមានការពាក់ព័ន្ធ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ក៏បានបន្ថែមថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ក្រុមការងារដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា បានបន្ដទៅស្រុកកោះញ៉ែក ដើម្បីពិនិត្យមើលជាក់ស្ដែង ក្នុងក្រុមហ៊ុនដែលគណៈកម្មការឃាត់កន្លងទៅពាក់ព័ន្ធបទល្មើស៕