(កែប)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានក្រើនរំលឹកដល់អភិបាលខេត្តកែប ព្រមទាំងមន្ត្រីនៅក្នុងខេត្តទាំងអស់ ត្រូវយកចិត្តទុកចុះជួយ និងស្រាយបញ្ហាជូនប្រជាពលរដ្ឋរងគ្រោះថ្នាក់ ដោយគ្រោះមហន្តរាយផ្សេងៗឱ្យបានទាន់ពេលវេលា។

ការក្រើនរំលឹករបស់លោកទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ។

ក្នុងកិច្ចប្រជុំនោះលោក គន់ គីម បានរំលឹកនូវប្រសាសន៍ដាស់តឿនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលើការងារ ដោះស្រាយលើបញ្ហាគ្រោះមហន្តរាយនេះ។ លោក គន់ គីម បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ជាពិសេសតែងតែជំរុញមន្ត្រីឱ្យដោះស្រាយរាល់បញ្ហាឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

ក្នុងន័យនេះ លោក គន់ គីម បានក្រើនរំលឹកដល់អភិបាលខេត្តកែប លោក កែន សត្ថា ក៏ដូចជាមន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តទាំងអស់ ត្រូវធ្វើសកម្មភាពឱ្យបានព្រមៗគ្នា នៅពេលប្រជាពលរដ្ឋជួបគ្រោះថ្នាក់ផ្សេងៗ ដូចជាគ្រោះអគ្គិភ័យ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងបញ្ហាផ្សេងៗទៀត ដែលបង្កឡើយដោយកត្តាមនុស្ស ឬកត្តាធម្មជាតិជាដើមនោះ។

លោក គន់ គីម បានដាស់តឿនដល់មន្ត្រី និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកែបយ៉ាងដូច្នេះ «សុខទុក្ខរបស់ប្រជាពលរដ្ឋជាសុខទុក្ខរបស់រាជរដ្ឋាភិបាល ជាសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន។ ដូច្នេះយើងជាមន្ត្រីបម្រើប្រជាពលរដ្ឋ ជាភ្នែក ជាច្រមុះរបស់សម្តេចនៅតាមបណ្តាខេត្តនេះ យើងត្រូវតែយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ។ ជាពិសេសពេលគាត់ជួបគ្រោះថ្នាក់ផ្សេងៗ យើងត្រូវចុះឱ្យដល់កន្លែងកើតហេតុរិះរកវិធីជួយសង្គ្រោះ ឬជួយដោះស្រាយបញ្ហាដែលជួបប្រទះនោះ»

ទន្ទឹមនឹងការដាស់តឿន ក្រើនរំលឹកឱ្យខិតខំជួយប្រជាពលរដ្ឋពេលមានគ្រោះអាសន្នហើយនោះ លោក គន់ គីម ក៏បានលេីកសសេីរការខិតខំបំពេញការងាររបស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលបានខិតខំបំពេញការងារកន្លងមក។

លោក កែន សត្ថា បានឱ្យដឹងថា គ្រោះមហន្តរាយដែលកើតមានឡើងភូមិសាស្រ្តខេត្តកែប នៅឆមាសទី១ឆ្នាំ២០១៩នេះ មានចំនួន ០៦លើក។ ករណីខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះចំនួន ៥៦ខ្នង ប៉ុន្តែលទ្ធភាពនៃការឆ្លេីយតបរបស់ខេត្តនៅមានកំរិត បានសុំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជួយដេីម្បីខេត្តមានលទ្ធភាពឆ្លេីយតបបានទាន់ពេលវេលា។

ជាការឆ្លើយតបទៅនឹងគ្រោះមហន្តរាយកន្លងមក ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជននានា ព្រមទាំងមានកិច្ចសហការជាមួយសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមកម្ពុជាបានចុះសួរសុខទុក្ខ និងចែកអំណោយ ដល់គ្រួសាររងគ្រោះបានទាន់ពេលវេលាផងដែរ៕