(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ៥ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ៥ ខែសីហា ឆ្នាំ២០១៩ លោកស្រី Ruenvadee Suwanmongkol អគ្គលេខាធិការថ្មីនៃគណៈកម្មការមូលបត្រថៃ (SEC Thailand) បានដឹកនាំគណៈប្រតិភូដើម្បីជួបសម្តែងការគួរសមជាមួយលោក ស៊ូ សុជាតិ អគ្គនាយក នៃគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) នៅទីស្តីការ គ.ម.ក.។
ក្នុងឱកាសនៃជំនួបនេះ ភាគីនិយ័តករមូលបត្រទាំងពីរបានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការ និងការគាំ ទ្រគ្នាទៅវិញទៅមកលើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិឆ្លងដែន និងផលិតផលឌីប៉ូស៊ីតធើរីរីស៊ីប (Cross-border Equity Offering and Depositary Receipt)។
គ.ម.ក. និង គណៈកម្មការមូលបត្រថៃបានព្រមព្រៀងរៀបចំឱ្យមានការចុះអនុស្សរណៈយោគយល់គ្នា (Memorandum of Understanding-MOU) ពាក់ព័ន្ធនឹងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិឆ្លងដែន និងផលិតផលឌីប៉ូស៊ីតធើរីរីស៊ីប បន្ថែមលើ MOU ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៤ ក្នុងគោលដៅសម្របសម្រួលឱ្យក្រុមហ៊ុនដែលចុះបញ្ជីលក់មូលបត្រនៅកម្ពុជា និងថៃ អាចចុះបញ្ជីលក់មូលបត្រឆ្លងដែនជាលើកទី ២ នៅថៃ និងកម្ពុជា ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនអាចមានលទ្ធភាពទទួលបានហិរញ្ញប្បទានក្នុងទំហំកាន់តែធំ ព្រមទាំងមានសន្ទនីយភាពក្នុងការជួញដូរ។
MOU បន្ថែមថ្មីនេះនឹងចែងលម្អិតអំពីតួនាទីក្រុមការងារនិយ័តករទាំងពីរ លើដំណើការអនុវត្តការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិឆ្លងដែន និងការបោះផ្សាយលក់ផលិតផលឌីប៉ូស៊ីតធើរីរីស៊ីបតាមរយៈការដាក់ចេញនូវគោលការណ៍ណែនាំសម្រាប់ក្រុមហ៊ុនដែលមានបំណងធ្វើការបោះផ្សាយលក់មូលបត្រឆ្លងដែន។ ក្នុងកិច្ចពិភាក្សានេះ តំណាងធនាគារពិភពលោក (ថៃ) បានបញ្ជាក់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការដើម្បីជំរុញឱ្យការងារបោះផ្សាយនេះអាចសម្រេចបានរវាងប្រទេសទាំងពីរ។
និយ័តករទាំងពីរ គ្រោងនឹងចុះ MOU នេះនៅប្រទេសថៃនៅចុងខែកញ្ញា ឆ្នាំ២០១៩ ដែលនឹងឆ្លុះបញ្ជាំងពីកិច្ចសហប្រតិបត្តិការកាន់តែជិតស្និតរវាងនិយ័តករប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចនេះ គ.ម.ក. និងគណៈកម្មការមូលបត្រថៃបានព្រមព្រាងបង្កើនទំនាក់ទំនងតាមរយៈកម្មវិធីកសាងសមត្ថភាពផ្នែកការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណ ការគ្រប់គ្រងនិងត្រួតពិនិត្យគម្រោងវិនិយោគរួម, Provident Fund, និងការរៀបចំការវាយតម្លៃចូលជាសមាជិកអង្គការគណៈកម្មការមូលបត្រអន្តរជាតិ (IOSCO)។ កម្មវិធីនេះអាចធ្វើក្នុងរូបភាពជាសិក្សាសាលា ទស្សនកិច្ចសិក្សា និងការហ្វឹកហ្វឺនការងារនៅគណៈកម្មការមូលបត្រថៃជាដើម៕