(បន្ទាយមានជ័យ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូអន្តរក្រសួងស្ថាប័ន បំពេញទស្សនកិច្ចសិក្សា នៅខេត្តបន្ទាយមានជ័យ និងនៅក្រុងប៉ោយប៉ែត ដោយមានចូលរួមពីសំណាក់លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោក លោកស្រី ដែលជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងផ្នែកឯកជន និងតំណាងអង្គការ សហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)។
ដំណើរទស្សនកិច្ចការងារនេះ មានការទទួលស្វាគមន៍ពីលោក អ៊ុំ រាត្រី អភិបាលខេត្ត ព្រមទាំងមានការចូលរួមពី ប្រធានមន្ទីរពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តបន្ទាយមានជ័យ។ ទស្សនកិច្ចសិក្សានេះ ចែកចេញជាពីរផ្នែកសំខាន់ៗ គឺ១៖ កិច្ចប្រជុំការងាររវាងគណៈប្រតិភូអន្តរក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តបន្ទាយមានជ័យ និង២៖ ទស្សនកិច្ចនៅច្រកទ្វារអន្តរជាតិ និងច្រកព្រំដែនក្នុងខេត្តបន្ទាយមានជ័យ។
គោលបំណងនៃទស្សនកិច្ចសិក្សាខាងលើនេះ គឺដើម្បីសិក្សា និងស្វែងយល់បន្ថែមលើ ស្ថានភាពជាក់ស្តែងនៃសកម្មភាពវិនិយោគ និងពាណិជ្ជកម្មនៅតាមតំបន់ព្រំដែន សម្រាប់ជាមូលដ្ឋាន ក្នុងការរៀបចំដាក់ចេញនូវយន្តការ ពិសេសសម្រាប់ទាក់ទាញការវិនិយោគឲ្យកាន់តែច្រើន តាមរយៈជាអាទិ៍ ការរៀបចំតំបន់សេដ្ឋកិច្ចពិសេសនៅតាមជាយដែន ដោយយោងតាមស្មារតី និងលទ្ធផលនៃវេទិការាជរដ្ឋាភិបាល-ផ្នែក ឯកជន លើកទី១៨ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នៅក្នុងកិច្ចប្រជុំការងាររវាងគណៈប្រតិភូអន្តរក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយ លោក សុខ ចិន្តាសោភា និងលោក អ៊ុំ រាត្រី អង្គប្រជុំបានពិភាក្សាពីប្រធានបទសំខាន់ៗចំនួន៤ រួមមាន៖
១៖ ការរៀបចំតំបន់សេដ្ឋកិច្ចពិសេសតាមជាយដែន
២៖ ការតភ្ជាប់បណ្តាញ និងផ្គត់ផ្គង់អគ្គិសនីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ
៣៖ ការកំណត់នូវវិស័យឧស្សាហកម្មដែលត្រូវទាក់ទាញ និងការរៀបចំឡើងវិញនូវការលើកទឹកចិត្តដល់ការវិនិយោគទាំងនោះ
៤៖ ការរៀបចំបង្កើនការសម្រួលពាណិជ្ជកម្ម និងសម្រួលផ្នែកឡូជីស្ទីកនៅតាមជាយដែន ឬតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងបញ្ហាប្រឈមមួយចំនួន ដែលកំពុងកើតមានឡើងពាក់ព័ន្ធនឹងការងារនេះ។
នារសៀលថ្ងៃដដែល គណៈប្រតិភូអន្តរក្រសួងស្ថាប័ន អមដំណើរដោយអាជ្ញាធរដែនដី និងមន្ទីរជុំវិញខេត្ត បានចុះទៅពិនិត្យមើលច្រកទ្វារអន្តរជាតិស្ទឹងបត់, ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកព្រំដែនអូរនាង។ ជាកិច្ចបន្ទាប់ គណៈប្រតិភូបានបន្តកិច្ចពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុនវិនិយោគដែលកំពុងមានប្រតិបត្តិការ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៃខេត្តបន្ទាយមានជ័យ។
នៅក្នុងជំនួបពិភាក្សានេះ តំណាងក្រុមហ៊ុនវិនិយោគ បានលើកឡើងអំពីសកម្មភាព និងព័ត៌មានទាក់ទងប្រតិបត្តិការវិនិយោគរបស់ខ្លួន ព្រមទាំងបញ្ហាប្រឈម និងសំណូមពរមួយចំនួន ជូនដល់អង្គប្រជុំ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំយន្តការជាក់ស្ដែងនានា សំដៅសម្រេចឲ្យបាននូវគោលបំណង ដែលបានលើកឡើងខាងលើ។
លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណចំពោះតំណាងក្រសួង-ស្ថាប័ន រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរជុំវិញខេត្ត និងតំណាងក្រុមហ៊ុនវិនិយោគ ដែលកំពុងមានប្រតិបត្តិការ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ នៃខេត្តបន្ទាយមានជ័យ ដែលបានចូលរួមក្នុងទស្សនកិច្ចសិក្សានេះ។
ជាមួយគ្នានេះ លោក សុខ ចិន្តាសោភា ក៏បានស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់ មេត្តាបង្កើនការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រួលប្រតិបត្តិការនៃគម្រោងវិនិយោគបច្ចុប្បន្ន សំដៅទាក់ទាញអ្នកវិនិយោគបរទេសបន្ថែម មកបណ្តាក់ទុននៅតាមតំបន់ជាយដែនរបស់កម្ពុជា៕