(ភ្នំពេញ)៖ ជាមួយការជូនពរថ្ងៃកំណើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាយុទ្ធមិត្តដ៏ក្លៀវក្លាលើសមរភូមិស្រោចស្រង់ជាតិកម្ពុជានោះ បានគូសរំលេចថា សម្តេចតេជោ ហ៊ុន សែន ជាកុលបុត្រខ្មែរ ជាមេដឹកនាំខ្មែរ តែងតែយកឆន្ទៈ មនសិការ បញ្ញាញាណ ពុះពារជម្នះរាល់ឧបសគ្គ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។
សម្តេចពញាចក្រី ហេង សំរិន បានបញ្ជាក់នៅក្នុងលិខិតជូនពរផ្ញើជូនសម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះ «សម្តេចតេជោ តែងតែបានយកឆន្ទៈ មនសិការ បញ្ញាញាណ ពុះពារជម្នះរាល់ឧបសគ្គគ្រប់បែបយ៉ាង ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ឲ្យទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ដែលធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាយើង ទទួលបាននូវកិត្តិសព្ទល្បីល្បាញទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ»។
ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចពញាចក្រី ហេង សំរិន ក៏បានសម្ដែងនូវមនោសញ្ចេតនារីករាយ និងជូនពរបវរមហាប្រសើរជូនសម្ដេចតេជោ សូមប្រកបដោយកម្លាំងមាំមួន សុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ និងអាយុយឺនយូរ ដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសជាតិទទួលបានជោគជ័យថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពលើសកលលោក។
សម្ដេចប្រធានរដ្ឋសភា ក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕