(ភ្នំពេញ)៖ អ្នកជំនាញបាននិយាយថា ក្រៅពីមនុស្សធំដែលកើតនូវជំងឺទឹកនោមផ្អែម កុមារកម្ពុជា ក៏អាចប្រឈមនឹងជំងឺនេះផងដែរ បើសិនជា ឪពុកម្តាយមានជំងឺទឹកនោមផ្អែម។

លោកវេជ្ជបណ្ឌិត កុល ហេរ៉ូ ប្រធាននាយកដ្ឋានការពារសុភាពនៃក្រសួងសុខាភិបាល បានលើកឡើង ក្នុងពិធីបើកសម្ពោធគ្លីនិកជំងឺទឹកនោមផ្អែមលើកុមារ នៅមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះថា ជំងឺទឹកនោមផ្អែម ជាជំងឺរ៉ាំរ៉ៃ មិនអាចព្យាបាលបានជានោះទេ គឺត្រូវតែធ្វើការព្យាបាលពេញមួយជីវិត។ យើងមានវិធានការ ការពារឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយរហូតទៅដល់៨០%។ ដោយជំងឺទឹកនោមផ្អែមលើកុមារ គឺភាគច្រើនវាកើតឡើងដោយសារដំណរពូជ ប្រសិនបើឪពុកម្តាយ កើតមានជំងឺទឹកនោមផ្អែម កូនកើតមកអាចនឹងមានជំងឺនេះដែរ។ ការកើតជំងឺទឹកនោមផ្អែមលើកុមារ គឺជាការកើតក្នុងកម្រិតមួយ ដែលជាការកើតក្នុងតំណាក់កាលដំបូង។

លោកវេជ្ជបណ្ឌិត កុល ហេរ៉ូ បានបញ្ជាក់ទៀតថា ការបើកគ្លីនិកជំងឺទឹកនោមផ្អែមលើកុមារ នៅពេលនេះ គឺជាការប្រកាសអំពាវនាវរបស់ក្រសួងសុខាភិបាល ដើម្បីឱ្យមាតាបិតាគ្រប់រូប អាចបានដឹងថា នៅក្នុងប្រទេសកម្ពុជាយើង គឺមានបើកគ្លីនិកទឹកនោមផ្អែមសម្រាប់កុមារហើយ។ ក្នុងដំណាក់កាលនៃការបើកគ្លីនិកទឹកនោមផ្អែមរបស់កុមារតំបូងនេះ គឺមានចំនួន ១៤ កន្លែងនឹងផ្តល់ការធ្វើរោគវិនិច្ឆ័យ និងយកចិត្តទុកដាក់ ដល់កុមារដែលមានកុមារទឹកនោមផ្អែមប្រភេទ១ ក្រោមគម្រោងទឹកនោមផ្អែមលើកុមារនៅកម្ពុជា។ គ្លីនិកចំនួន៤កន្លែងនឹងត្រូវដាក់នៅក្នុងទីក្រុង និង១០កន្លែងនៅតាមខេត្ត។

គិតមកដល់ពេលនេះ គ្លីនិកជំងឺទឹកនោមផ្អែម នៅទូទាំងប្រទេសមានចំនួន ២៩កន្លែងហើយទៅលើមនុស្សចាស់ និងកុមារ ហើយដោយឡែកគ្លីនិកជំងឺទឹកនោមផ្អែមសម្រាប់តែកុមារនៅពេលនេះ គឺទើបតែមានលើកទី១នេះទេ ដែលស្ថិតនៅក្នុងមន្ទីពេទ្យកុមារជាតិនេះ ហើយនៅក្នុងគម្រោងសាងសង់គ្លីនិកជំងឺទឹកនោមផ្អែមសម្រាប់តែកុមារនេះ គឺជាការឧបត្ថម្ភ ទាំងលក្ខណៈបច្ចេកទេស និងថវិកា ពីអង្គការ GIZ ក្រុមហ៊ុន ណូវ៉ូ ណ័រឌីស។

វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស នាយកមន្ទីពេទ្យកុមារជាតិ បានលើកឡើងថា បើយោងតាមទិន្នន័យរបស់សមាគមទឹកនោមផ្អែមនៅកម្ពុជា បានលើកឡើងថា កុមារដែលមានជំងឺទឹកនោមផ្អែមច្រើនតែស្លាប់ មុនពេលដែលគ្រូពេទ្យរកឃើញថា កុមារនោះមានជំងឺទឹកនោមផ្អែមប្រភេទ១ ( Typg1) ប៉ុន្តែគេរំពឹងថា កុមារប្រហែលជា ២,០០០ នាក់ដែលមានជីវិត និងមានជំងឺនេះ។

លោកបញ្ជាក់ថា កត្តាទាំងនេះអាចបណ្តាលមកពីបញ្ហាចំនួនដូចជា៖ មិនទាន់មានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ លើសេវាពិគ្រោះ និងព្យាបាលជំងឺនេះបើកុមារ, ការយល់ដឹងរបស់ប្រជាជនទាក់ទងជំងឺទឹកនោមផ្អែមនៅមានកម្រិត (មានប្រជាជនភាគច្រើនមានការភ្ញាក់ផ្អើលថាមិនជឿថា កុមារមានជំងឺនេះ) ហើយមូលហេតុនៃជំងឺនេះ នៅមិនទាន់គេរកឃើញថា បណ្តាលមកពីអ្វីនោះទេ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា សញ្ញាសំខាន់ៗដែលអាចសង្ស័យថា កុមារមានជំងឺនេះគឺ កុមារស្រក់ទម្ងន់លឿន ផឹកច្រើន ញ៉ាំច្រើន នោមច្រើន និងអស់កម្លាំង។ អ្នកដែលប្រឈមមុខអាចកើតជំងឺនេះរួមមាន៖ ក្នុងក្រុមគ្រួសារមានកើតជំងឺនេះ, កត្តាសែន, ការឆ្លងជំងឺប្រភេទ Virus មួយចំនួនដែលទៅបំផ្លាញកោសិកា iclot-cell របស់សរីរាង្គ លំពែង, អាចបណ្តាលមកពីរបបអាហារមិនត្រឹមត្រូវផង។ ការព្យាបាលជំងឺនេះ គឺត្រូវព្យាបាលមួយជីវិតដោយចាក់ថ្នាំ Insulin បូករួមទាំង របបអាហារត្រឹមត្រូវ និងការហាត់ប្រាណជាប្រចាំ។

ដោយឡែក លោក Frederik Kier អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន ណូវ៉ូ ណ័រឌីស លើកឡើងថា ដើម្បីធានាឱ្យបានដឹងច្បាស់ថា កុមារមានជំងឺទឹកនោមផ្អែម ឬអត់គឺមានតែវិធីជួសឈាមតែប៉ុណ្ណោះ ហើយគ្លីនិកដែលទើបតែបើកមួយនេះ នឹងទទួលពិនិត្យគ្រប់ក្មេងទាំងអស់ ដែលមានជំងឺទឹកនោមផ្អែម ឬសង្ស័យថាមានជំងឺនេះ ដើម្បីធ្វើការពិនិត្យព្យាបាល ដោយមិនកំណត់នោះទេ។

តាមគម្រោងក្រុមហ៊ុន ណូវ៉ូ ណ័រឌីស នឹងផ្តល់ថ្នាំសម្រាប់ធ្វើការព្យាបាលកុមារ ដែលមានជំងឺទឹកនោមផ្អែករយៈពេល៣ឆ្នាំ ហើយក្នុងរយៈពេល៣ឆ្នាំនេះ អ្វីដែលសំខាន់បំផុតនោះ គឺធ្វើការអប់រំដល់មាតាបិតា ដើម្បីធានាឱ្យច្បាស់ថា មាតាបិតា និងកូនចៅរបស់គាត់ទទួលបានការអប់រំពីបញ្ហាជំងឺទឹកនោមផ្អែម៕