(ភ្នំពេញ)៖ ប្រាសាក់ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា ត្រូវបានគេកត់សម្គាល់ឃើញថា កំពុងមានសម្ទុះខ្លាំងក្នុងទីផ្សា ស្របពេលដែលស្ថាប័នហិរញ្ញវត្ថុ ប្រកបដោយសក្តានុពលមួយនេះ កំពុងពង្រីកបណ្តាញការិយាល័យរបស់ខ្លួន ជាច្រើនសាខាលើផ្ទៃប្រទេស។
រហូតមកដល់បច្ចុប្បន្ននេះ ប្រាសាក់បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានសាខាច្រើនជាងគេនៅកម្ពុជា និងផ្តល់ភាពងាយស្រួល ជូនអតិថិជនក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ដែលផ្តល់នូវភាពរីកចម្រើន។ ក្រៅពីការផ្តល់ការបម្រើសេវានៅតាមសាខា ប្រាសាក់បានដាក់ឱ្យប្រើប្រាស់សេវាធនាគារចល័ត ដែលអនុញ្ញាតឱ្យអតិថិជន អាចធ្វើប្រតិបត្តិការធនាគារ ដោយខ្លួនឯងតាមទូរស័ព្ទដៃ និងកុំព្យូទ័របានយ៉ាងងាយស្រួល គ្រប់ពេលវេលា និងទីកន្លែង។ ជាងនេះទៅទៀត អតិថិជនក៏អាចដកប្រាក់ និងចាត់ចែងសាច់ប្រាក់ ជាមួយនឹងម៉ាស៉ីនអេធីអឹម ប្រាសាក់បាន ២៤ម៉ោងក្នុង ១ថ្ងៃ ៧ថ្ងៃក្នុង ១សប្តាហ៍ផងដែរ។
លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានលើកឡើងថា ការផ្តល់ជម្រើសក្នុងការបម្រើសេវាច្រើនបែបនេះ និងការធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថល របស់ប្រាសាក់ គឺឆ្លើយតបតាមតម្រូវការអតិថិជន និងទៅឱ្យកាន់តែជិតអតិថិជនថែមទៀត។ ហើយនេះគឺជាការបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រាសាក់ ក្នុងការបម្រើសេវាកម្មជូនអតិថិជនទាំងអស់ ឱ្យកាន់តែប្រសើរឡើង និងកាន់តែងាយស្រួលឡើង ទាំងការផ្តល់កម្ចី ផ្តល់សេវាប្រាក់បញ្ញើសន្សំ ចាត់ចែងសាច់ប្រាក់ ផ្ទេរប្រាក់ និងទូទាត់ផ្សេងៗ។ លោកក៏បានថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រ និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រាសាក់។
សូមបញ្ជាក់ថា ប្រាសាក់ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទរួមមាន៖ សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញកាតទូរស័ព្ទ សេវាបើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស សេវាអេធីអឹម ម៉ាស៉ីនឆូតកាត សេវាធនាគារចល័ត និងសេវាបញ្ជាក់សមតុល្យគណនី ដែលគ្របដណ្តប់នៅទូទាំងប្រទេស។
សម្រាប់ព័ត៌មានបន្ថែម៖ www.prasac.com.kh ៕