ចាស់ជរាគ្មានទីពឹង៩១នាក់ ទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិធិចាស់ជរារបស់លោកស្រី បាន ស្រីមុំ អ៉ី ឈាន
05-08-2019 17:48
(ប៉ៃលិន)៖ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ លោក អ៉ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជាមួយចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ពីក្រុមការងារមូលនិធិរបស់ លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន។
លោក អ៉ី ឈាន បានឱ្យដឹងថា មូលនិធិនេះត្រូវបានបង្កើតក្នុងគោលបំណង និងទិសដៅជួយដល់ចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកប មុខរបរដើម្បីចិញ្ជឹមជីវិតបាន ក៏ដូចជា ការជួយលើកកម្ពស់ម្រិតជីវភាព និងបំប៉នថែទាំសុខភាពចាស់ជរា ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ។ លោកបន្តថា មនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែអំពើល្អ។
លោកថ្លែងទៀតថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ចាស់ជរា ក្រុមការងារមូលនិធិត្រូវបានបែងចែកជា៣ក្រុម គឺក្រុមទី១ បើកផ្តល់ជូនចាស់ជរា នៅការិយាល័យតំណាងរាស្ត្រ មណ្ឌលប៉ៃលិន ក្រុមទី២ នៅសាលា ឃុំអូរអណ្តូង និងក្រុមទី៣ នៅសាលាឃុំស្ទឹងត្រង់។ គួរបញ្ជាក់ថា មូលនិធិរបស់លោកស្រី បាន ស្រីមុំ បានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់ចាស់ជរាចំនួន៩១នាក់ ដោយបើករៀងរាល់ថ្ងៃទី៥ដើមខែ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន១០ម៉ឺនរៀល៕