(ត្បូងឃ្មុំ)៖ ក្នុងឱកាសចុះពិនិត្យទីតាំងស្តុកឈើ៣កន្លែង ក្នុងមូលដ្ឋានស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានស្នើអភិបាលខេត្តត្បូងឃ្មុំ រួមជាមួយមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាធ្វើយ៉ាងណាទប់ស្កាត់ និងបង្ក្រាបឲ្យបាននូវបទល្មើសធនធានធម្មជាតិ រាល់ការចរាចរបទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។
ការចុះពិនិត្យនោះ ក៏មានការចូលរួមដោយគណៈកម្មាការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រមទាំងប្រតិភូអន្តរក្រសួង ស្ថាប័ន រួមជាមួយលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកមេបញ្ជាការ វ៉ា សារិទ្ធ ក៏ដូចជាមន្ទីរពាក់ព័ន្ធជុំវិញខេត្ត។
ថ្លែងលើកឡើងនាឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានគូសរំលេចថា ដើម្បីធ្វើឱ្យការប្រយុទ្ធប្រឆាំងការបំផ្លិចបំផ្លាញព្រៃឈើ និងធនធានធម្មជាតិមានប្រសិទ្ធភាព គឺត្រូវមានការចូលរួមពីក្រសួងពាក់ព័ន្ធជាច្រើនទៀត និងតាមបណ្តាខេត្តនានា ពិសេសខេត្តជាប់ព្រំដែន ដោយមិនអាចពឹងផ្អែកតែលើគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបាននោះឡើយ។
ជាមួយគ្នានោះដែរលោក ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៍ សៅ សុខា រួមជាមួយគណ:ប្រតិភូអន្តរក្រសួង ដែលបានយកចិត្តទុកដាក់លើការងារបង្ការបង្ក្រាប រាល់បទល្មើសធនធានធម្មជាតិ ពិសេសការចុះមកផ្ទាល់នាថ្ងៃនេះ។
លោកអភិបាលខេត្ត បានលើកឡើងដែរថា កន្លងមក ក៏ដូចជានាពេលនេះ គណ:បញ្ជាការឯកភាពខេត្ត តែងប្រជុំដាក់ផែនការចាត់វិធានការបង្ការបង្ក្រាបជាបន្តបន្ទាប់ រាល់បទល្មើសព្រៃឈើ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលជាប្រភពធនធានដ៏មានតម្លៃរបស់មនុស្សជាតិ និងបន្តធ្វើការងារនេះឲ្យកាន់តែមានប្រសិទ្ធភាព។
សួមបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះពិនិត្យតាមក្រុមហ៊ុន និងទីតាំងស្តុកឈើនៅតាមបណ្តាខេត្តជាប់ព្រំដែនឡាវ-វៀតណាម គឺចាប់ផ្តើមឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះតែម្តង។
ចាប់ផ្តើមពីបញ្ចេញប្រតិបត្តិការយ៉ាងក្តៅគគុក លើការបង្ក្រាបបទល្មើសព្រៃឈើមកនោះ មនុស្សមួយចំនួនទាំងមន្រ្តីរាជការ និងឈ្មួញឈើ ត្រូវបានចាប់ខ្លួន ហើយឈើជាច្រើនម៉ែត្រគូបត្រូវបានរឹបអូស ខណៈមធ្យោបាយ (ជាពិសេសរថយន្តបាកុង និងម៉ូតូកែច្នៃ) ជាច្រើនគ្រឿងត្រូវបានដុតបំផ្លាញចោល៕