(សៀមរាប)៖ បដិមាព្រះសិវៈ (ព្រះឥន្ទ ព្រះឥសូរ ព្រះហរិ) ដែលស្ថិតក្នុងសភាពបាក់បែកប្រមាណ ១០,០០០បំណែកនោះ បច្ចុប្បន្នកំពុងត្រូវបានក្រុមអ្នកជំនាញនៃអភិរក្សដ្ឋានអង្គរ សហការជាមួយអាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិអប្សរា សារៈមន្ទីរជាតិភ្នំពេញ និងសាលាបារាំងចុងបូព៌ា បើកការជួសជុលផ្គុំរូបរាងឡើងវិញតាមទម្រង់ដើម។
ទម្រង់ដើមនៃបដិមាព្រះសិវៈដែលបែកបាក់ខាងលើនេះ មានកាយវិការរាំ មានកម្ពស់ប្រមាណ ៥ម៉ែត្រ មានព្រះសិរសា ២ជាន់ ព្រះភក្ត្រ៥ ព្រះហស្ថ ១០។ បដិមាព្រះអាទិទេពនេះ មានប្រភពមកពីប្រាសាទក្រហម នៅប្រជុំប្រាសាទកោះកេរ នាស.វ.ទី១០។
ភាពខ្ទេចខ្ទាំរាងកាយរាប់ម៉ឺនបំណែកនៃព្រះអាទិទេពអង្គនេះ បណ្តាលមកពីកត្តាធម្មជាតិនៃអាយុកាល ភាពវឹកវរនៃសង្គ្រាមស៊ីវិល និងពួកឈ្មួញទុច្ចរិតមួយចំនួន ឆ្លៀតឱកាសស្រុកទេសគ្មានសុខសន្តិភាព ក៏បានអារកាត់ព្រះសិរយកទៅជួញដូរ ហើយវាយបំបែករូបរាងកាយដែលពុកផុយឱ្យបែកខ្ទេច។
នៅឆ្នាំ២០១២ សាលាបារាំងចុងបូព៌ា បានសហការជាមួយអាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើកំណាយស្រាវជ្រាវរួមគ្នា ដើម្បីប្រមូលនូវបំណែកនៃព្រះសិវៈរាំ ដែលសេសសល់ពីការបំផ្លាញទាំងក្នុងដីខ្លះ និងគរលើដីលាយឡំនឹងបំណែកឥដ្ឋខ្លះ មករក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក៏ប៉ុន្តែដោយសារនៅទីនោះមានការលំបាកក្នុងការជួសជុល ក៏បានផ្ទេរមកអភិរក្សដ្ឋានអង្គរវិញ។
ក្នុងការជួសជុលនេះ ក៏បានយកបំណែកព្រះហស្ថចំនួន៥ និងព្រះភក្ត្រចំនួន២ មកពីសារមន្ទីរជាតិភ្នំពេញ ដែលបារាំងបានយកទៅរក្សាទុកនៅឆ្នាំ១៩៦០ ដើម្បីផ្គុំឱ្យចេញរូបរាងដើមវិញ។
ចំពោះដំណើរការជួសជុល លោក ឆាន់ ចំរើន អនុប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណនៃក្រសួងវប្បធម៌ បានឱ្យដឹងថា មកដល់ពេលនេះការជួលជុល និងផ្គុំបំណែកបដិមាព្រះសិវៈរាំ បានដំណើរការជាង២ខែមកហើយ។ ជាលទ្ធផល ក្រុមការងារបានផ្គុំផ្នែកទ្រូង ការព្យាបាលពង្រឹងថ្មដែលពុកផុយខ្លះ រួមទាំងផ្នែកផ្សេងៗទៀត។
ព្រះភក្ត្រចំនួន៣ទៀត ត្រូវបានបាត់បង់ ហើយក្រុមការងារក៏កំពុងពិចារណាថា គួរបំពេញបន្ថែម និងប្រើថ្មថ្មីក្នុងកម្រិតណា ក្នុងការបំពេញនៅកន្លែងបាត់បង់ផ្នែកផ្សេងទៀត។
លោក ចំរើន បានបន្តទៀតថា ក្នុងការអនុវត្តការងារយើងមិនទាន់ហ៊ានកំណត់ពីវេលាសម្រេចទេ ព្រោះមានការលំបាកខ្លាំងដោយសារបំណែករូបមានដល់ទៅមួយម៉ឺនដុំទាំងតូចធំ ដែលបំណែកខ្លះតូចពិបាកក្នុងការផ្គុំ ត្រូវការពេលវេលាច្រើនក្នុងការយកថ្មមកភ្ជាប់ឱ្យត្រូវគ្នា កន្លែងខ្លះមានស្នាមមុខដាប់ច្រើន ឯថ្មខ្លះទ្រុឌទ្រោមខ្លាំងត្រូវការព្យាបាល និងពង្រឹង។ ចំពោះការផ្គុំឱ្យចេញជារូបរាង គឺផ្គុំពីសាច់ក្នុងមកក្រៅ ដែលទាមទារការយកចិត្តទុកដាក់ អត់ធ្មត់ ពេលវេលា ការស្រឡាញ់ ទើបអាចធ្វើបានសម្រេច។
អ្នកជំនាញរូបនេះបានប្តេជ្ញាថា មិនថាមានការលំបាកយ៉ាងណានោះទេ ក៏នឹងបំពេញកិច្ចការនេះឱ្យបានសម្រេច និងសំណូមពរឱ្យកូនខ្មែរគ្រប់រូបរួមគ្នាថែរក្សា ការពារ ស្វែងយល់ពីរតនវត្ថុរបស់យើង ដោយមិនពឹងតែលើអ្នកជំនាញតែមួយមុខ។
ចំពោះការប្រឹងប្រែងផ្គុំរូបព្រះសិវៈទោលធំ ក្នុងសភាពបែកខ្ទេចដូច្នេះ ក៏ព្រោះចង់រក្សាអ្វីជាបុរាណ ទាំងស្នាដៃ និងបច្ចេកទេសធ្វើរបស់ដូនតាខ្មែរតាំងពីស.វ.ទី១០ ដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ឱ្យកូនចៅ អ្នកស្រាវជ្រាវជំនាន់ក្រោយបានឃើញ៕