(ភ្នំពេញ)៖ សព លោក នួន ជា អតីតបងធំទី២នៃរបបខ្មែរក្រហម ត្រូវបានដឹកទៅដល់ គេហដ្ឋានរបស់គាត់ នៅចំណុចផ្សារព្រំ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិនហើយ នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ។ នេះបើតាមការបញ្ជាក់របស់ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម)។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា៖ «សាកសព នួន ជា ត្រូវបានធ្វើនីតិវិធីប្រគល់ជូនដល់ក្រុមគ្រួសារ និងបានដឹកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅម៉ោង ៤៖៤៧នាទីព្រឹកព្រលឹមថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៩។ សពជនជាប់ចោទ នួន ជា ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តមួយស្ថិតក្នុងទីលំនៅរបស់គាត់នៅខេត្តប៉ៃលិន។ សពបានទៅដល់ទីកន្លែងពិធីបុណ្យនៅម៉ោង ១២៖៣០នាទី»។
សពរបស់ លោក នួន ជា នឹងត្រូវបូជានៅវត្តព្រំគិរីមរកត នៅខេត្តប៉ៃលិន។
ជនជាប់ចោទ នួន ជា បានទទួលមរណភាព នៅវេលាម៉ោង ៦៖០០ល្ងាច ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យសហភាពខ្មែរ -សូវៀត ក្នុងជន្មាយុ៩៣ឆ្នាំ បន្ទាប់ពីបានបញ្ជូនពីមន្ទីរឃុំឃាំង ដើម្បីសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ អស់រយៈពេល១ខែ។
នួន ជា កើតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩២៦ មានតួនាទីជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ និងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា និងជាប្រធានសភាតំណាងប្រជាជននៃ របបកម្ពុជាប្រជាធិបតេយ្យ។ គាត់ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧។
នួន ជា ត្រូវបានរកឃើញថា មានពិរុទ្ធភាពពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿង ០០២/០១ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គជំនុំជម្រះតុលាការកំពូល បានបដិសេធពិរុទ្ធភាពមួយចំនួន ប៉ុន្តែតម្កល់ការផ្តន្ទាទោសរបស់អង្គជំនុំជម្រះសាលាដំបូងឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នួន ជា ត្រូវបានផ្តន្ទាទោសពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ នៅក្នុងសំណុំរឿង ០០២/០២ ជាមួយ ខៀវ សំផន។ នេះបើតាមការប្រកាសរបស់ សាលាក្តីខ្មែរក្រហម។
អង្គជំនុំជម្រះសាលាដំបូង បានរួមបញ្ចូលទោសជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿង ០០២/០១ និងសំណុំរឿង ០០២/០២ ទៅជាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតតែមួយ៕